កម្ពុជា ទទួលបានការគាំទ្រជាឯកច្ឆន្ទ ធ្វើម្ចាស់ផ្ទះកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ ឆ្នាំ២០២៨
05-08-2026 11:02
(ភ្នំពេញ)៖ កម្ពុជា បានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ (12th Asian Taekwon-Do Championship) ឆ្នាំ២០២៨ ក្រោយទទួលការគាំទ្រជាឯកច្ឆន្ទពីបណ្ដាប្រទេសសមាជិកសហព័ន្ធកីឡាតេក្វាន់ដូអាស៊ី (ATF) នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលីនាល្ងាចថ្ងៃទី០៤ ខែសីហា។
នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ខណៈលោកកំពុងដឹកនាំប្រតិភូកីឡាតេក្វាន់ដូ ITF ចូលរួមជើងឯកអាស៊ី លើកទី១១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-០៩ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី។
ប្រធានសហព័ន្ធខាងលើបានគូសបញ្ជាក់ថា ការទទួលបានទំនុកចិត្តពេញទំហឹង នៃការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ នេះ ដោយសារបណ្តាប្រទេសក្នុងតំបន់អាស៊ីបានឃើញយ៉ាងច្បាស់ពីភាពជោគជ័យ និងសមត្ថភាពរៀបចំកម្រិតខ្ពស់របស់កម្ពុជា កាលពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍កន្លងមក។
លោកទេសរដ្ឋមន្ដ្រីបន្ដថា «ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ មិនត្រឹមតែជាមោទនភាពជាតិ និងលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញភ្ញៀវទេសចរ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិទៀតផង»។
សម្រាប់ការប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ុងហ្គោលី កម្ពុជាមានថ្នាក់ដឹកនាំមន្ត្រីអាជ្ញាកណ្តាលអន្តរជាតិរបស់កម្ពុជាម្នាក់ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកសរុប ៤៧នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ៣២នាក់ ជាក្រុមយុវជនថ្នាល និងក្រុមឈុតធំ ដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិ៕










