ស្ថាប័ន UFC ប្រកាសពីការខាតបង់ប្រាក់ ៣០លានដុល្លារ ពីការរៀបចំកម្មវិធីនៅសេតវិមាន ទិវាឯករាជ្យ ២៥០ឆ្នាំអាមេរិក
05-08-2026 11:44
(បរទេស)៖ ស្ថាប័នប្រដាល់ក្នុងទ្រុង UFC បានចេញមកប្រកាសពីការខាតបង់ប្រាក់ប្រមាណ ៣០លានដុល្លារ ពីការរៀបចំប្រដាល់នៅសេតវិមាន ក្នុងទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក លើកទី២៥០ឆ្នាំកាលពីពេលថ្មីៗ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
បើយោងតាមសេចក្តីថ្លែងការណ៍នៃបុត្រសម្ព័ន្ធ TKO Group Holdings បានឱ្យដឹងកាលពីថ្ងៃចន្ទថា ទោះបីជាការរៀបចំកម្មវិធីនេះខាតពិតមែន ក៏ប៉ុន្តែ UFC បានទទួលមកវិញនូវចំនួនអ្នកទស្សនាកើនឡើង រួមទាំងទីតាំងប្រកួតទៀតផង ក្នុងត្រីមាសទី២ កាលពីខែមិថុនា ប្រចាំឆ្នាំ២០២៦។
នៅក្នុងពិធីដ៏មហោឡារិកដែលរៀបចំនៅមុខ White House តែម្តងនោះ ក៏មានការចូលរួមដោយផ្ទាល់ពីលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងអនុប្រធានាធិបតី លោក JD Vane រួមទាំងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូប និងទស្សនិកជនប្រមាណ ៤,៣០០នាក់ថែមទៀតផង។
កម្មវិធីប្រដាល់នេះមិនមានការលក់សំបុត្រចូលទស្សនានោះទេ ពោលគឺចូលទស្សនាបានដោយសេរីតែម្តង ដ្បិតកន្លងមកតម្លៃសំបុត្រត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃចាប់ពីជាង ៦០ដុល្លារឡើងទៅឯណោះ។
ទោះជាយ៉ាងណា UFC នៅតែអាចប្រមូលបានថវិកាខ្លះដែរ តាមរយៈដៃគូពាណិជ្ជកម្ម លក់សិទ្ធិផ្សាយបន្តផ្ទាល់ និងការ ដាក់តាំងផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើសង្វៀនផ្ទាល់ទៀតផង៕



