បាល់ទះកម្ពុជា សម្រេចបានសមិទ្ធផលលើសការរំពឹងទុក ក្នុងរយៈពេល ៥ឆ្នាំ តែឧបនាយករដ្ឋមន្ដ្រី ស សុខា ចាត់ទុកជាអតីតកាល និងជំរុញការខំប្រឹងស្វែងរកជោគជ័យថ្មីៗជូនជាតិ

05-08-2026 14:35

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាត់ទុកសមិទ្ធផលរយៈពេលជាង ៥ឆ្នាំចុងក្រោយ គឺជាសមិទ្ធផលលើសពីការរំពឹងទុក តែលោកបានសង្កត់ធ្ងន់ និងដាស់តឿនឲ្យថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករទាំងអស់ ទុកជោគជ័យនេះ ជាអតីតកាល ហើយត្រូវបន្ដខំប្រឹងហ្វឹកហាត់ និងពង្រឹងឲ្យបាននូវវិន័យ ដើម្បីស្វែងរកជោគជ័យថ្មីៗជូនជាតិបន្ថែមទៀត។

ការគូសបញ្ជាក់បង្កប់ដោយអត្ថន័យនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្រោយទទួលបានជោគជ័យជាប្រវត្តិសាស្ដ្រ ឈ្នះជើងឯកការប្រកួតបាល់ទះជើងឯកអាស៊ីអាគ្នេយ៍ (SEA V.Cup) ជើងទី១ ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃទី៤ ខែសីហាកន្លងទៅ។

យោងតាមរបាយការណ៍លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ រយៈពេល ៥ឆ្នាំចុងក្រោយ វិស័យបាល់ទះកម្ពុជា ពិតជាមានភាពរីកចម្រើន ទាំងសកម្មភាពក្នុងស្រុក និងការចូលរួមប្រកួតលើឆាកអន្ដរជាតិ រហូតសម្រេចបាននូវសមិទ្ធផលគាប់ប្រសើរ រាប់ចាប់ពីការឈ្នះមេដាយសំរឹទ្ធស៊ីហ្គេម លើកទី៣១ នៅវៀតណាម, ការឈ្នះមេដាយប្រាក់ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា និងការឈ្នះពានរង្វាន់អន្ដរជាតិផ្សេងៗទៀត ពិសេសគឺការទើបបង្កើតប្រវត្តិសាស្ដ្រដំបូង គ្រងជើងឯក SEA V.Cup ជើងទី១ ឆ្នាំ២០២៦ កាលពីថ្មីៗ។

ជាមួយសមិទ្ធផលកើតចេញពីការខំប្រឹង ពោរពេញដោយការលះបង់ និងឆន្ទៈស្នេហាពីគ្រប់ភាគីពាក់ព័ន្ធនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា មានប្រសាសន៍ថា «សមិទ្ធផលទាំងអស់នេះ គឺជាសមិទ្ធផល ដែលហួសពីការរំពឹងទុក សម្រាប់រយៈពេលប្រមាណជាង ៥ឆ្នាំចុងក្រោយ។ ក្នុងន័យនេះ ខ្ញុំសូមឲ្យចាត់ទុកថា នេះជាអតីតកាលរបស់យើង។ ជាការពិតហើយយើងអាចស៊ីកេរ្ដិ៍អតីតកាលរបស់យើង ប៉ុន្ដែបើយើងអង្គុយតែដេកស៊ីកេរ្ដិ៍រហូត ថ្ងៃក្រោយគឺអង្គុយអេះពោះដោយខ្លួនឯងតែម្ដង»

ប្រធានសហព័ន្ធដដែលបានសង្កត់ធ្ងន់ទៀតថា «ដើម្បីដើរទៅមុខ ហើយឃើញនូវពន្លឺដ៏ស្រស់ថ្លា ជាមួយភាពជោគជ័យថ្មីៗជូនជាតិបន្ថែមទៀត ការលះបង់តែមួយមាត់គត់ អត់គ្រប់គ្រាន់ទេ គឺវិន័យ ហើយវិន័យទៀតសោត មិនមែនទាល់តែថ្នាក់ដឹកនាំ ប្រធាន ឬអនុប្រធានក្លិប ថ្នាក់ដឹកនាំនានា អង្គុយមើលពីក្រោយ បានយើងទៅហាត់ ឬបានរត់លឿនជាងមុន មិនអាចទៅរួចទេ»

តាមរយៈនេះ លោកបានក្រើនរំឮកដល់កីឡាករទាំងអស់ ដែលមានជំនឿលើសហព័ន្ធ និងជឿជាក់លើខ្លួនឯង កុំលះបង់នូវសុបិនរបស់ខ្លួន ព្រោះអាជីពជាកីឡាករមិនលើសពី ១០ឆ្នាំទេ ឬអាចតិចជាងនេះ។ ដូច្នេះការគោរពនូវវិន័យ ការចេះថែនូវសុខភាព គឺជារឿងចាំបាច់ ដែលកីឡាករអាជីពគ្រប់រូបត្រូវប្រកាន់ភ្ជាប់ ហើយបន្ដខំប្រឹងហ្វឹកហាត់ជានិច្ច ដើម្បីអភិវឌ្ឍសមត្ថភាព និងបច្ចេកទេស ឆ្ពោះទៅជ្រោងទង់ជាតិខ្មែរលើឆាកអន្ដរជាតិជាបន្ដបន្ទាប់ទៀត។

គួរដឹងថា ដើម្បីអបអរសាទរក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលដណ្ដើមបានជើងឯកពានរង្វាន់ SEA V.Cup ជើងទី១ ឆ្នាំ២០២៦ ខាងលើ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភថវិកាចំនួន ១០០លានរៀល ព្រមទាំងសន្យានឹងផ្ដល់មាសសុទ្ធទម្ងន់ ២គីឡូក្រាម ប្រសិនបើក្រុមបាល់ទះកម្ពុជា ដណ្ដើមបានមេដាយមាសស៊ីហ្គេម នាពេលខាងមុខទៀតផង៕