ក្រុមហ៊ុនបច្ចេកវិទ្យា AI ចិនធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិកគ្រោងហាមឃាត់ការនាំចូលសមាសភាគទិន្នន័យ (Data Center)

05-08-2026 14:45

(បរទេស)៖ តម្លៃហ៊ុននៃក្រុមហ៊ុនផលិតឧបករណ៍ និង Hardware សម្រាប់បច្ចេកវិទ្យា AI របស់ចិន បានធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីមានរបាយការណ៍ថា រដ្ឋបាលអាមេរិកកំពុងរៀបចំសេចក្តីព្រាងច្បាប់ហាមឃាត់ការនាំចូលសមាសភាគទិន្នន័យ (Data Center Components) ជំនាន់ថ្មីពីប្រទេសចិន។ សន្ទស្សន៍សេវាកម្មទូរគមនាគមន៍ CSI300 បានធ្លាក់ចុះរហូតដល់ ៦% នៅក្នុងការជួញដូរព្រឹកព្រលឹម។ ក្រុមហ៊ុនផលិតសមាសភាគទិន្នន័យដែលពឹងផ្អែកលើការនាំចេញ រួមមាន Zhongji Innolight, Eoptolink Technology និង Suzhou TFC Optical Communications សុទ្ធតែបានជួបប្រទះការធ្លាក់ចុះតម្លៃហ៊ុនយ៉ាងគំហុកនៅពេលបើកទីផ្សារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។

តាមប្រភពព័ត៌មានពីរ៉យទ័រ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងរៀបចំវិធានការហាមឃាត់ការនាំចូលឧបករណ៍បញ្ជូនសញ្ញាអុបទិក (Optical Transceivers) ម៉ូឌែលថ្មីពីចិន ដែលជាឧបករណ៍សំខាន់ក្នុងការបញ្ជូនទិន្នន័យតាមខ្សែកាបអុបទិកក្នុងល្បឿនពន្លឺនៅតាមមជ្ឈមណ្ឌលទិន្នន័យ (Data Center)។ វិធានការនេះត្រូវបានធ្វើឡើងក្រោមហេតុផលសន្តិសុខជាតិ ដើម្បីការពារការលួចទិន្នន័យ ឬការបំពាក់មេរោគក្នុងប្រព័ន្ធទិន្នន័យអាមេរិក។

គួរជម្រាបថា ការប្រកាសនេះបានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើទំនុកចិត្តវិនិយោគិនចំពោះហ៊ុន AI ចិន។ ជាក់ស្តែង ហ៊ុនរបស់ក្រុមហ៊ុន Zhongji Innolight ដែលជាអ្នកផលិតឧបករណ៍អុបទិកដ៏ធំមួយរបស់ចិន និងរកប្រាក់ចំណូលបានរហូតដល់ ៦២% ពីទីផ្សារអាមេរិកក្នុងត្រីមាសទីមួយ បានធ្លាក់ចុះប្រមាណ ៨% ទាំងនៅលើទីផ្សារភាគហ៊ុនស៊ាងហៃ និងហុងកុង។ ផ្ទុយទៅវិញ ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបណ្តាញទូរគមនាគមន៍របស់អាមេរិកដូចជា Lumentum, Coherent និង Ciena បានកើនឡើងយ៉ាងខ្លាំង ដោយសារវិនិយោគិនរំពឹងថាពួកគេជួយដណ្តើមបានទីផ្សារជំនួសក្រុមហ៊ុនចិន៕