តុលាការអាមេរិកសម្រេចឱ្យ Perplexity ឈ្នះក្តីលើ Amazon រឿងឧបករណ៍ទិញទំនិញស្វ័យប្រវត្តិ

05-08-2026 16:02

(បរទេស)៖ តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក បានសម្រេចលុបចោលដីកាហាមឃាត់បណ្តោះអាសន្ន ដែលធ្លាប់រារាំងក្រុមហ៊ុន AI Startup ឈ្មោះ Perplexity មិនឱ្យប្រើប្រាស់ឧបករណ៍ទិញទំនិញស្វ័យប្រវត្តិ (Agentic AI) លើភ្លេតហ្វមរបស់ក្រុមហ៊ុន Amazon។ តុលាការបានរកឃើញថា Amazon ទំនងជាមិនអាចឈ្នះក្តីលើការចោទប្រកាន់ថា Perplexity បំពានច្បាប់ស្តីពីការរំលោភបំពាន និងលួចចូលប្រព័ន្ធកុំព្យូទ័រ (computer-hacking law) នោះទេ ព្រោះអ្នកដែលចូលប្រើប្រាស់ប្រព័ន្ធ គឺជាអ្នកប្រើប្រាស់ផ្ទាល់ តាមរយៈការប្រគល់សិទ្ធិឱ្យ AI ធ្វើការជំនួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។

សេចក្តីសម្រេចជាប្រវត្តិសាស្ត្រនេះ បានកើតឡើងបន្ទាប់ពី Amazon បានប្តឹង Perplexity កាលពីខែវិច្ឆិកា ឆ្នាំមុន ដោយចោទប្រកាន់ថា កម្មវិធីរុករក Comet របស់ Perplexity បានលួចចូលគណនីអតិថិជនដោយសម្ងាត់ដើម្បីកែប្រែ និងបញ្ជាទិញទំនិញជំនួស ដែលបង្កជាហានិភ័យសន្តិសុខ។ ឆ្លើយតបនឹងការចោទប្រកាន់នេះ ភាគី Perplexity បានតវ៉ាថា ពាក្យបណ្តឹងរបស់ Amazon គឺជា «ចេតនាយ៉ាងចំហ» ក្នុងការរារាំងអ្នកប្រើប្រាស់ ពីព្រោះតែភ្នាក់ងារ AI «គ្មានគ្រាប់ភ្នែកដើម្បីមើលការផ្សាយពាណិជ្ជកម្មយ៉ាងសន្ធឹកសន្ធាប់ដែល Amazon បាញ់ស្រោចលើអ្នកប្រើប្រាស់របស់ខ្លួននោះទេ»

ក្រោយការសម្រេចក្តី ភាគីទាំងពីរបានបញ្ចេញប្រតិកម្មខុសៗគ្នា។ អ្នកនាំពាក្យ Amazon បានថ្លែងថា៖ «យើងគោរព ប៉ុន្តែមិនយល់ស្របនឹងការសម្រេចចិត្តនាពេលនេះលើដីកាបង្គាប់ជាបណ្តោះអាសន្ននោះទេ។ យើងនៅតែមានទំនុកចិត្តលើរឿងក្តីរបស់យើង ហើយកំពុងវាយតម្លៃលើជំហានបន្ទាប់»។ ចំណែកឯលោក Jesse Dwyer អ្នកនាំពាក្យ Perplexity បានបញ្ជាក់ថា៖ «Perplexity នឹងបន្តតស៊ូមតិដើម្បីសិទ្ធិរបស់អ្នកប្រើប្រាស់អ៊ីនធឺណិត ក្នុងការជ្រើសរើស AI ណាមួយដែលពួកគេចង់បាន។ យើងតែងតែមានទំនុកចិត្តថា ការពិតនឹងឈ្នះ ហើយសិទ្ធិរបស់អ្នកប្រើប្រាស់នឹងមិនត្រូវបានកាត់បន្ថយឡើយ»

គួរជម្រាបថា រឿងក្តីនេះត្រូវបានគេមើលឃើញថា ជាបុរេប្រវត្តិផ្លូវច្បាប់សហព័ន្ធដំបូងបង្អស់ដ៏សំខាន់មួយ សម្រាប់អនាគតនៃបច្ចេកវិទ្យា Agentic AI ដែលជាប្រព័ន្ធវៃឆ្លាត អាចរៀបចំផែនការ គិតពិចារណា និងអនុវត្តភារកិច្ចទិញទំនិញ ឬធ្វើប្រតិបត្តិការនៅលើអ៊ីនធឺណិតជំនួសកម្លាំងមនុស្សដោយស្វ័យប្រវត្តិ៕