ក្រុមហ៊ុន SpaceX បំបែកកំណត់ត្រាចំណូលស្ទុះកើនឡើងជិតទ្វេដង ខណៈការចំណាយលើ AI និងផ្កាយរណប Starlink ហក់ឡើងដល់កម្រិតកំពូល
05-08-2026 16:22
(បរទេស)៖ ក្រុមហ៊ុន SpaceX បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដំបូងបង្អស់របស់ខ្លួន បន្ទាប់ពីបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ (IPO) ដោយបង្ហាញពីការកើនឡើងនៃប្រាក់ចំណូលជិតទ្វេដង រហូតដល់ ៧.៨ ពាន់លានដុល្លារ នៅក្នុងត្រីមាសទីពីរ។ ការលូតលាស់យ៉ាងលឿននេះ ត្រូវបានរុញច្រានដោយសេវាអ៊ីនធឺណិតផ្កាយរណប Starlink ដែលកើនឡើង ៦៦% (ស្មើនឹងជាងពាក់កណ្តាលនៃចំណូលសរុប) និងអាជីវកម្មផ្នែកបញ្ញាសិប្បនិម្មិត (AI) ដែលហក់ឡើងប្រមាណ ២៥០%។ ជាមួយគ្នានេះ ចំនួនអ្នកជាវសេវា Starlink បានកើនឡើងទ្វេដងរហូតដល់ ១២ លាននាក់ ហើយក្រុមហ៊ុនមានគោលដៅពង្រីកសេវាឱ្យគ្របដណ្តប់លើបណ្តាញទូរស័ព្ទចល័ត ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនទូរគមនាគមន៍ធំៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។
លទ្ធផលនេះបានផ្តល់ឱ្យអ្នកវិនិយោគនូវការសាកល្បងដំបូង លើតម្លៃទីផ្សារ ១.៧៥ ទ្រីលានដុល្លារ របស់ SpaceX ថា តើប្រាក់ចំណេញពី Starlink អាចទ្រទ្រង់ការចំណាយលើ AI និងរ៉ុក្កែតជំនាន់ក្រោយបានឬទេ។ ទោះបីជាចំណូលកើនឡើងគួរឱ្យកត់សម្គាល់ក៏ដោយ ការចំណាយលើដើមទុន (Capital Expenditure) របស់ SpaceX បានហក់ឡើងយ៉ាងខ្លាំងដល់ជាង ១៨ ពាន់លានដុល្លារ (ធៀបនឹង ២.៨៣ ពាន់លានដុល្លារកាលពីឆ្នាំមុន) ដោយសារការចាក់ទុនយ៉ាងសន្ធឹកសន្ធាប់លើផ្នែក AI និងការកសាងមជ្ឈមណ្ឌលទិន្នន័យ (Data Centers) ដោយប្រើប្រាស់ hardware របស់ Nvidia។
ស្ថាបនិកក្រុមហ៊ុន លោក Elon Musk បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអ្នកវិនិយោគថា៖ «យើងកំពុងកសាងសមត្ថភាព AI compute ក្នុងទំហំធំលឿនជាងនរណាៗទាំងអស់ យើងជឿជាក់បែបនេះ ហើយយើងកំពុងកែលម្អម៉ូដែល AI របស់យើឱ្យកាន់តែល្អប្រសើរឡើងយ៉ាងខ្លាំង» ដោយលោកបានបន្ថែមថាក្រុមហ៊ុនរំពឹងថានឹងទទួលបានអត្រាប្រាក់ចំណូលប្រចាំឆ្នាំ ១០០ ពាន់លានដុល្លារត្រឹមខែធ្នូ។
ទោះជាយ៉ាងណា យុទ្ធសាស្ត្រយកប្រាក់ចំណេញពី Starlink មកទ្រទ្រង់ការចំណាយដ៏មហិមាលើ AI និងការអភិវឌ្ឍរ៉ុក្កែត Starship បានបង្កើតឱ្យមានទស្សនៈចម្រុះពីអ្នកវិភាគ។ លោក Thomas Monteiro អ្នកវិភាគនៅ Investing.com បានកត់សម្គាល់ថា៖ «សំណួរខ្នាតធំសម្រាប់ត្រីមាសដំបូងរបស់ SpaceX ក្នុងនាមជាក្រុមហ៊ុនសាធារណៈ គឺថាប្រព័ន្ធនៅពីក្រោយសាច់រឿងនេះដំណើរការពិតប្រាកដដែរឬទេ ហើយលើសំណួរនេះ លោក Elon Musk និងក្រុមការងាររបស់លោកបានបង្ហាញនូវចំណុចវិជ្ជមានមួយចំនួន»។ ខណៈដែលការខាតបង់ប្រតិបត្តិការសរុបបានថយចុះមកត្រឹម ១៤៣ លានដុល្លារ តម្លៃភាគហ៊ុនរបស់ SpaceX បានជួបប្រទះការប្រែប្រួល និងធ្លាក់ចុះ ៧.៥% ក្នុងការជួញដូរបន្ទាប់ពីម៉ោងធ្វើការ ដោយសារក្តីបារម្ភលើការចំណាយ និងការផុតកំណត់នៃរយៈពេលហាមឃាត់ការលក់ភាគហ៊ុន (lock-up period) បន្ទាប់ពី IPO៕











