អត្តពលិក ៧ប្រទេស ត្រៀមចូលរួមការប្រកួតកីឡាវាយសីជើងឯកអាស៊ី លើកទី៣ នៅកម្ពុជាសប្ដាហ៍ក្រោយ
06-08-2026 08:49
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៥-២១ ខែសីហាខាងមុខ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអត្តពលិក ៧ប្រទេសចូលរួម គឺមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម ព្រុយណេ និងទីម័រខាងកើត។
នេះបើតាមការបញ្ជាក់របស់លោក កែវ រស់ អគ្គលេខាធិការសហព័ន្ធ ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ ដឹកនាំដោយលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជានាថ្ងៃពុធសប្ដាហ៍នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកបន្ដថា ក្នុងចំណោមបណ្ដាប្រទេសចូលរួម កម្ពុជាបានត្រៀមកីឡាករ-កីឡាការិនីចំនួន ១៩នាក់ ដើម្បីចូលរួមប្រកួតប្រជែង លើវិញ្ញាសាក្រោមអាយុ ១៦ឆ្នាំ, អាយុក្រោម ១៩ឆ្នាំ និងអាយុក្រោម ២៣ឆ្នាំ។ រីឯបណ្ដាប្រទេសផ្សេងៗ ក្នុងមួយប្រទេសបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ១២នាក់ចូលរួមប្រកួតទាំង ៣កម្រិតអាយុ។ ក្នុងនាមម្ចាស់ផ្ទះ សហព័ន្ធបានត្រៀមរួចរាល់ សម្រាប់ការដឹកជញ្ជូន ស្នាក់នៅហូបុក និងផ្នែកពាក់ព័ន្ធផ្សេងៗ ដើម្បីធានាបាននូវការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្រៅជូនប្រតិភូកីឡាទាំងអស់។
ទន្ទឹមជាមួយគ្នា លោក លី កុសល បានវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រជុំជាបន្ដបន្ទាប់ ដែលទទួលបាននូវធាតុចូលល្អៗ ជំរុញឲ្យគណៈកម្មការនីមួយៗ ត្រូវលក្ខណៈរួចរាល់សម្រាប់ដំណើររៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នាពេលដ៏ខ្លីខាងមុខ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ផ្អែកលើការប្ដេជ្ញាចិត្តរបស់គ្រប់គណៈកម្មការទាំងអស់ ក្នុងការអនុវត្តផែនការ ក៏ដូចជាការតាំងចិត្តរបស់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី លោកសង្ឃឹមការប្រកួត នឹងទទួលបានជោគជ័យ ទាំងលទ្ធផលបច្ចេកទេស និងដំណើរការរៀបចំក្នុងនាមជាម្ចាស់ផ្ទះ៕











