Apple អះអាងថា អតីតបុគ្គលិកជាច្រើនរូប អាចបានលួចយកទិន្នន័យសម្ងាត់ទៅឱ្យក្រុមហ៊ុន OpenAI

06-08-2026 09:23

(បរទេស)៖ ក្រុមហ៊ុន Apple បានបង្កើនការចោទប្រកាន់ផ្លូវច្បាប់របស់ខ្លួនប្រឆាំងនឹងក្រុមហ៊ុន OpenAI បន្ថែម ដោយបានដាក់ឯកសារថ្មីទៅកាន់តុលាការសហរដ្ឋអាមេរិក និងអះអាងថា ការស៊ើបអង្កេតផ្ទៃក្នុងបានរកឃើញអតីតបុគ្គលិកជាច្រើនរូបបន្ថែមទៀត អាចមានពាក់ព័ន្ធនឹងការលួចយកការសម្ងាត់ពាណិជ្ជកម្ម និងទិន្នន័យបច្ចេកវិទ្យាសម្ងាត់ ទៅឱ្យក្រុមហ៊ុនផលិត ChatGPT មួយនេះ។

ផ្អែកលើឯកសារតុលាការ Apple បានកំណត់អត្តសញ្ញាណអតីតបុគ្គលិកចំនួន ១១នាក់បន្ថែមទៀត ដែលអាចមានពាក់ព័ន្ធ ឬដឹងឮពីសកម្មភាពលួចទិន្នន័យនេះ ដោយធ្វើឱ្យចំនួនបុគ្គលិកដែលរងការសង្ស័យសរុបកើនឡើងដល់ ១៤ នាក់ (រួមទាំងអតីតវិស្វករ Chang Liu, អតីតអនុប្រធានផ្នែករចនា Tang Yew Tan និងបុគ្គលិក Yu-Ting "Alyssa" Peng។ Apple បានបញ្ជាក់ថា អតីតបុគ្គលិកម្នាក់បានថតរូបភាពអេក្រង់ (Screenshot) នៃឯកសារសម្ងាត់ស្តីពី «ផលិតផលដែលមិនទាន់ប្រកាសផ្សាយ» មុនពេលចូលសម្ភាសន៍ការងារនៅ OpenAI។ លើសពីនេះ អតីតបុគ្គលិកម្នាក់ទៀតបានជួបភាក្សាជាមួយលោក Chang Liu និងកញ្ញា Peng ដោយបានទម្លាយព័ត៌មានបច្ចេកវិទ្យាកម្មសិទ្ធិបញ្ញារបស់ Apple មុនពេលចូលសម្ភាសន៍ដូចគ្នា។ ក្រោយពេល Apple ដាក់ពាក្យប្តឹងកាលពីខែកក្កដា កន្លងទៅ មានអតីតបុគ្គលិក Apple ជាច្រើនរូបដែលកំពុងធ្វើការនៅ OpenAI បានទាក់ទងមក Apple វិញ ដើម្បីប្រគល់ឧបករណ៍ធ្វើការ (Computers/Devices) ដែលពួកគេបានរក្សាទុកបន្ទាប់ពីលាលែងពីការងារ។

នៅក្នុងឯកសារតុលាការចុងក្រោយនេះ ក្រុមហ៊ុន Apple បានស្នើសុំ ដីការបង្កើនការប្រុងប្រយ័ត្នបណ្តោះអាសន្ន ដើម្បីហាមឃាត់ OpenAI មិនឱ្យបន្តប្រើប្រាស់ ឬអភិវឌ្ឍឧបករណ៍ Hardware និងផលិតផលបច្ចេកវិទ្យា AI ទាំងឡាយណាដែលសង្ស័យថាបានបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យាដែលលួចពី Apple។ ក្រៅពីនេះ Apple ស្នើសុំ ដំណើរការស្វែងរកភស្តុតាងជាបន្ទាន់ ដើម្បីទទួលបានសិទ្ធិចូលពិនិត្យឯកសារ ការទំនាក់ទំនង និងការសាកសួរសាក្សីពីភាគី OpenAI និងអតីតបុគ្គលិកពាក់ព័ន្ធ ដើម្បីកំណត់ទំហំ និងជម្រៅនៃខាតបង់។

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ក្រុមហ៊ុន OpenAI បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ដោយថ្លែងថា សំណើសុំដីកាហាមឃាត់របស់ Apple គឺ «ផ្អែកលើព័ត៌មានមិនពិត និងគ្មានភាពចាំបាច់ទាល់តែសោះ»។ OpenAI បានគូសបញ្ជាក់បន្ថែមថា «យើងមិនមាន និងមិនដែលចង់បានសម្ងាត់ពាណិជ្ជកម្មណាមួយរបស់ Apple នោះឡើយ» ដោយក្រុមហ៊ុនបានអះអាងថា បញ្ហាកន្លងមកកើតឡើងដោយសារតែប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងគណនី iCloud របស់ Apple ខ្លួនឯងដែលមានចន្លោះប្រហោងក្នុងការផ្តាច់សិទ្ធិចូលប្រើប្រាស់របស់បុគ្គលិកពេលលាលែងពីការងារ៕