លើសពីអ្នកឧបត្ថម្ភគាំទ្រ! «វើក» ផ្ដល់ថវិកាសរុប ១០០លានរៀល បន្ថែមពីការជួយទាំងស្រុង លើការប្រកួតរបស់កីឡាករបាល់ទះកម្ពុជា
06-08-2026 10:42
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការប្រកួត SEA V-CUP រដូវកាលទី៦ ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានដណ្តើមជើងឯក SEA V-CUP ជើងទី១ នៅប្រទេសហ្វីលីពីន និងបន្តចូលរួមការប្រកួត SEA V-CUP ជើងទី២ នៅប្រទេសឥណ្ឌូណេស៊ី ភេសជ្ជៈប៉ូវកម្លាំង វើក បានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជូនក្រុមបាល់ទះជម្រើសជាតិកម្ពុជា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីអបអរសាទរដល់កីឡាករ គ្រូបង្វឹក និងក្រុមការងារទាំងមូល ដែលបានខិតខំប្រឹងប្រែងពេញមួយរដូវកាល។ ក្នុងឱកាសដ៏ពិសេសនោះ វើក ក៏បានប្រគល់ថវិកាលើកទឹកចិត្តចំនួន ១០០លានរៀល បន្ថែមពីលើការឧបត្ថម្ភទាំងស្រុង ក្នុងដំណើរចូលរួមការប្រកួត SEA V-CUP រដូវកាលទី៦។
ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, លោកបណ្ឌិត អាំង សិរិពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក កីឡាករ និងគណៈប្រតិភូជាច្រើនរូប។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្ហាញការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាពិសេសការដណ្តើមបានជើងឯក SEA V-CUP ជើងទី១ គឺជាសមិទ្ធផលដ៏ធំមួយសម្រាប់ វិស័យបាល់ទះកម្ពុជា ហើយការបន្តចូលរួមប្រកួតនៅជើងទី២ ក៏បានផ្តល់បទពិសោធន៍ និងការប្រកួតប្រជែងកម្រិតខ្ពស់បន្ថែមទៀត ដើម្បីត្រៀមខ្លួនឆ្ពោះទៅការប្រកួតធំៗនាពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង វើក បានឧបត្ថម្ភទាំងស្រុងដល់ដំណើរចូលរួម ការប្រកួតរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ SEA V-CUP រដូវកាលទី៦ ហើយការរៀបចំពិធីសំណេះសំណាល និងការប្រគល់ថវិកាលើកទឹកចិត្តលើកនេះ គឺជាការថ្លែងអំណរគុណចំពោះកីឡាករ គ្រូបង្វឹក និងក្រុមការងារទាំងមូល ដែលបានខិតខំប្រឹងប្រែង និងនាំមកនូវមោទនភាពជូនប្រទេសកម្ពុជា៕
វើក ឧបត្ថម្ភទាំងស្រុងដំណើរឆ្ពោះទៅប្រកួតបាល់ទះ SEA V-CUP រដូវកាលទី ៦។
វើក ជំរុញកីឡាបាល់ទះកម្ពុជាឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ៕







