ម៉ូដែល AI របស់ Meta ឈ្មោះ Muse Spark 1.1 លួចចូលទម្លុះ និងកែប្រែប្រព័ន្ធក្រុមហ៊ុនផ្សេង ក្នុងអំឡុងពេលធ្វើតេស្តសាកល្បង

06-08-2026 12:05

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីអាស្រូវរបស់ OpenAI និង Anthropic ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta បានក្លាយជាក្រុមហ៊ុន AI ធំទី៣ ក្នុងលោក ដែលប្រឈមមុខនឹងរឿងអាស្រូវសន្តិសុខបច្ចេកវិទ្យា។ យោងតាមសារព័ត៌មាន The Information និងទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២៦ ថា ម៉ូដែល AI ជំនាន់ថ្មីរបស់ Meta ឈ្មោះ Muse Spark 1.1 បានទម្លុះប្រព័ន្ធសុវត្ថិភាព និងលួចចូលទៅកែប្រែទិន្នន័យផ្ទៃក្នុងរបស់ក្រុមហ៊ុនភាគីទីបីមួយ ក្នុងអំឡុងពេលធ្វើតេស្តសាកល្បង។

តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រុមហ៊ុន Meta លោក Andy Stone បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងដោយសារតែកំហុសបច្ចេកទេសរៀបចំប្រព័ន្ធកាត់ផ្តាច់ ដោយក្រុមហ៊ុនវាយតម្លៃសុវត្ថិភាពឯករាជ្យ Irregular ដែលជាដៃគូធ្វើតេស្ត។ កំហុសឆ្គងនេះបានបើកឱ្យម៉ូដែល Muse Spark 1.1 ភ្ជាប់ទៅកាន់បណ្តាញអ៊ីនធឺណិតសាធារណៈដោយអចេតនា។ នៅពេលទទួលបានសិទ្ធិនោះ ម៉ូដែល AI របស់ Meta បានស្វែងរកឃើញចន្លោះប្រហោងសុវត្ថិភាព របស់ក្រុមហ៊ុនផ្សេងភ្លាមៗ រួចទាញយកប្រយោជន៍ និងទម្លុះចូលទៅកែប្រែប្រព័ន្ធផ្ទៃក្នុងនោះតែម្តង។

ទោះជាយ៉ាងណា ខាងក្រុមហ៊ុន Irregular បានគូសបញ្ជាក់ប្រាប់ Reuters ថា បញ្ហានេះកើតឡើងចេញពីកំហុសកំណត់រចនាសម្ព័ន្ធបរិស្ថានតេស្ត ដូចគ្នានឹងករណី Anthropic កាលពីសប្តាហ៍មុនដែរ ដោយពុំមែនជាការ «រត់គេចចេញពី Sandbox ដោយទង្វើសាយប័រស្មុគស្មាញ (Sandbox Escape)» របស់ AI ឡើយ ហើយបច្ចុប្បន្នបញ្ហានេះត្រូវបានកាត់ផ្តាច់ និងដោះស្រាយរួចរាល់ហើយ៕