កីឡាកាយសម្ព័ន្ធកម្ពុជា ឈ្នះមេដាយប្រាក់ ១គ្រឿង មុនបន្ដប្រកួតជម្រុះ និងវគ្គផ្ដាច់ព្រ័ត្រជើងឯកអាស៊ី នារសៀលនេះនៅហ្វីលីពីន

06-08-2026 14:20

(ភ្នំពេញ)៖ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធជ្រើអាអេរ៉ូប៊ិចជ្រើសរើសជើងឯកអាស៊ី លើកទី១០ (The 10th Aerobic Gymnastics Asian Championship) ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន នៅថ្ងៃទី៦ ខែសីហានេះ មុនបន្ដការប្រកួតវគ្គជម្រុះ និងវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសាផ្សេងទៀត នៅរសៀលថ្ងៃដដែល។ នេះបើតាមការឲ្យដឹងពីលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ។

លោកថា មេដាយប្រាក់ដំបូង ដែលក្រុមកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិចកម្ពុជា ទទួលបានខាងលើ គឺលើវិញ្ញាសាក្រុម (Youth Group) ដោយកីឡាការិនី ចាន់ ណាវី, ទី សៀវអ៊ីង, ដេត សុខនី, ហួយ ស្រីពៅ និងកីឡាករ មួន រ៉ានូ។ ប៉ុន្ដែនៅរសៀលព្រហស្បតិ៍នេះ ក្រុមយុវជនកម្ពុជា នឹងត្រូវធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសា Junior MP ស្របពេលក្រុមកីឡាការិនីអាយុ ១៨ឆ្នាំឡើង ក៏នឹងចាប់ផ្ដើមការប្រកួតវគ្គជម្រុះ លើវិញ្ញាសា Senior Trio និង Senior Group (Qualified Senior Trio and Group) ផងដែរ មុនបិទបញ្ចប់ការប្រកួតនាថ្ងៃស្អែក។

ប្រតិភូដឹកនាំ និងជាគ្រូបង្វឹកដដែលបន្ដថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើអាអេរ៉ូប៊ិចជើងឯកអាស៊ី លើកទី១០ នេះ ប្រព្រឹត្តទៅពីថ្ងៃទី៥-៧ ខែសីហា ដោយកម្ពុជា បានបញ្ជូនប្រតិភូកីឡាសរុបចំនួន ១៦រូប ក្នុងនោះមានគ្រូបង្វឹកម្នាក់ គ្រូជំនួយ ២នាក់ និងកីឡាករ-កីឡាការិនីចំនួន ១៣នាក់ចូលរួម។

លោក ណយ ផាណា បន្ដថា សមិទ្ធផលនេះ កើតឡើងក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទើបសហព័ន្ធក្រោមការដឹកនាំរបស់លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធ និងលោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធ បានជំរុញឲ្យមានការចូលរួមការប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៦ ដើម្បីប្រកួតប្រជែងស្វែងរកមេដាយជូនជាតិនាពេលនេះ៕