ក្រុមហ៊ុន «វឌ្ឍនៈ» បន្តគាំទ្រឧបត្ថម្ភធំក្នុង «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ២០២៦» ដំណាក់កាលទី៣ នៅខេត្តស្ទឹងត្រែង ដើម្បីជំរុញសេដ្ឋកិច្ច និងវិស័យទេសចរណ៍ជាតិ
06-08-2026 17:15
(ភ្នំពេញ)៖ ខេត្តស្ទឹងត្រែង ដែលជាតំបន់ចំណុចប្រសព្វនៃទន្លេមេគង្គ និងធម្មជាតិដ៏វិសេសវិសាល បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ ២០២៦» ចាប់ពីថ្ងៃទី ៧ ដល់ទី ៩ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីលានតេជោ-ធិបតី ក្នុងការឧបត្ថម្ភគាំទ្រធំពីក្រុមហ៊ុន វឌ្ឍនៈ។
ការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន វឌ្ឍនៈ ចាប់តាំងពីដំណាក់កាលទី១ នៅរាជធានីភ្នំពេញ ដំណាក់កាលទី២ នៅខេត្តសៀមរាប និងបន្តមកដល់ដំណាក់កាលទី៣ ដែលរៀបចាំឡើងដោយក្រសួងទេសចរណ៍ នៅខេត្តស្ទឹងត្រែងនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ ពីស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវិស័យទេសចរណ៍ជាតិ។ ទន្ទឹមនឹងនេះ ក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីកិច្ចសហការយ៉ាងស្អិតរមួតរវាងវិស័យរដ្ឋ និងឯកជន ក្នុងការជំរុញចរន្តសេដ្ឋកិច្ចជាតិ ការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ការជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានកាន់តែច្រើន។
តាមរយៈការរៀបចំកម្មវិធីដ៏សម្បូរបែបនេះ គណៈកម្មការរៀបចំរំពឹងទុកថា នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ឱ្យមកស្វែងយល់ពីសក្តានុពលទេសចរណ៍ បេតិកភណ្ឌ និងវប្បធម៌របស់ខេត្តភាគឦសានមួយនេះ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺការបង្កើតតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ តាមរយៈការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងការលើកកម្ពស់មនសិការអភិរក្សបរិស្ថាន ដែលនឹងត្រូវបង្ហាញតាមរយៈវេទិកា ពិភាក្សាដោះដូរយោបល់ជាមួយវាគ្មិនកិត្តិយស ក៏ដូចជា សកម្មភាពរត់សប្បុរសធម៌ចម្ងាយ ៥គីឡូម៉ែត្រ ដើម្បីសត្វផ្សោតទន្លេមេគង្គ និងផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង។
ក្រៅពីកិច្ចពិភាក្សា និងការតាំងពិព័រណ៍ ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ ក៏មានកម្មវិធីកម្សាន្តសប្បាយរីករាយជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុកកាន់តែច្រើនកុះករ ជាមួយនឹងកម្មវិធីតន្ត្រី Concert ពិសេសព្រមទាំងការសម្តែងសិល្បៈចម្រុះដ៏អស្ចារ្យ ដែលឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន វឌ្ឍនៈ ដើម្បីនាំមកជូននូវភាពសប្បាយរីករាយជូន ដល់អ្នកចូលរួមគ្រប់គ្នា៕














