សាលារៀនអន្តរជាតិវ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់សម្ពោធជាផ្លូវការ ដើម្បីបើកឱកាសដល់យុវជនកម្ពុជាបន្តការសិក្សានៅក្រៅប្រទេស

06-08-2026 18:11

(ពោធិ៍សាត់)៖ សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាទី១៧ ក្រុងពោធិ៍សាត់ ត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ និងបន្តទទួលចុះឈ្មោះសិស្សចូលរៀនចាប់ពីអាយុ២ឆ្នាំកន្លះឡើងទៅ លើកម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីចំណេះទូទៅអន្តរជាតិ Pearson Edexcel (IGCSE and A Level) មកពីប្រទេសអង់គ្លេស ដែលបើកឱកាសដល់យុវជនកម្ពុជាអាចបន្តការសិក្សានៅសកលវិទ្យាល័យល្បីៗនៅក្រៅប្រទេសប្រកបដោយភាពងាយស្រួល។

ថ្លែងក្នុងពិធីសម្ពោធនេះ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា វេសឡាញ អេឌ្យូខេសិន គ្រុប គឺជាស្ថាប័នមួយក្នុងចំណោម ស្ថាប័នដែលបាន ត្រួសត្រាយការអនុវត្តវិធីសាស្ត្របង្រៀនទំនើប ដូចជា Student-Centered Learning, Project-Based Learning, Critical Thinking និងការបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការរៀន និងការបង្រៀន ដើម្បីជួយអភិវឌ្ឍសក្តានុពលសិស្សឱ្យបានពេញលេញ។

ជាមួយនឹងចក្ខុវិស័យក្នុងការតភ្ជាប់ការអប់រំកម្ពុជាទៅកាន់ស្តង់ដារអន្តរជាតិ វេសឡាញបានដាក់ បញ្ចូលកម្មវិធី Pearson Edexcel IGCSE និង A Level របស់ចក្រភពអង់គ្លេសទៅក្នុងបណ្តាញសាលារៀនរបស់ខ្លួន។ កម្មវិធីនេះផ្តល់ឱ្យសិស្សនូវគុណវុឌ្ឍិដែលទទួលស្គាល់ជាសកល និងបើកឱកាសឱ្យអាចបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ដោយមានមូលដ្ឋាន ចំណេះដឹង និងជំនាញដែលស្របតាមស្តង់ដាអន្តរជាតិ។ ដើម្បីនាំយកឱកាសទាំងនេះទៅកាន់សិស្សានុសិស្សនៅតាបណ្តាខេត្ត សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់ ត្រូវបានបង្កើតឡើងជាសាខាទី១៧ របស់ វេសឡាញ អេឌ្យូខេសិន គ្រុប។ សាលាផ្តល់ការអប់រំតាមកម្មវិធីបីភាសា រួមមាន ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ព្រមទាំងបញ្ចូលចំណេះដឹងផ្នែកភាពជាអ្នកដឹកនាំ បច្ចេកវិទ្យាឌីជីថល និងហិរញ្ញវត្ថុ ដើម្បីរៀបចំសិស្ស ឱ្យមានសមត្ថភាពសិក្សា ធ្វើការ និងរស់នៅប្រកបដោយភាពជោគជ័យក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន មានប្រសាសន៍បន្តទៀតថា អស់រយៈពេល ១៨ ឆ្នាំកន្លងមក វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប បានបន្តបេសកកម្មលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ដោយផ្តោត លើការអភិវឌ្ឍសិស្សឱ្យក្លាយជាបុគ្គលដែលមានចំណេះដឹង ជំនាញ គុណធម៌ និងសមត្ថភាពប្រកួត ប្រជែងក្នុងសតវត្សទី២១។

មានមាតិចំណាប់អារម្មណ៍ លោក លៀង ពេជ្រ តំណាងម្ចាស់ភាគហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាល សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់ បានលើកឡើងថា ការ វិនិយោគបង្កើតសាលារៀននេះ មិនមែនគ្រាន់តែជាការសាងសង់អគារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើអនាគតរបស់កុមារ និងយុវជនក្នុងខេត្តពោធិ៍សាត់។ លោកបានគូសបញ្ជាក់ថា សាលារៀននេះនឹងបន្តផ្តល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងជួយឱ្យសិស្សានុសិស្សអភិវឌ្ឍន៍ខ្លួនបានពេញលេញទាំងចំណេះដឹង ជំនាញ និងស្មារតី ដើម្បីត្រៀមខ្លួន សម្រាប់ឱកាសថ្មីៗនៅថ្ងៃអនាគត។

នៅក្នុងឱកាសនោះ លោក អ៊ុយ សុធារី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណ ថ្នាក់ដឹកនាំ វេសឡាញ អេឌ្យូខេសិណ គ្រុបទាំងអស់ អាជ្ញាធរគ្រប់លំដាប់ មាតា បិតា និងសិស្សានុសិស្ស ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំយុវជន និងកីឡា មានរីកចម្រើនជាទីមោទនៈ។ លោកបន្តថា កន្លងមកនេះ ការខិតខំប្រឹងប្រែង ការអនុវត្តន៍ការងារ យ៉ាងសកម្មដោយផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចុកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ ក៏ដូចជាកម្មវិធីវិនយោគបីឆ្នាំរំកិលអភិវឌ្ឍន៍នានារបស់ខេត្តពោធិ៍សាត់។

លោកមានប្រសាសន៍ទៀតថា ការលើកកម្ពស់គុណភាពអប់រំ ដោយពង្រឹងគុណភាពសាលារៀន ចាប់ពីថ្នាក់មត្តេយ្យ មធ្យមសិក្សាក្នុងរយៈការពង្រឹងកិច្ចការសំខាន់ៗរួមមាន៖ ការពង្រឹងអភិបាលកិច្ចសាលារៀន ការត្រួតពិនិត្យកែលំអរ ការរៀបចំកម្មវិធីសិក្សាសកម្មភាពក្រៅម៉ោងឱ្យស្របតាមតម្រូវការពង្រឹងវិន័យសីលធម៌ឥរិយាបថរបស់សិស្ស ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហាររូបឧបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំនីអាហារតាមសាលាជាដើម។ ការជំរុញលើកទឹកចិត្តចូលរួមរបស់ មាតា បិតា អាណាព្យាបាល និងសហគមន៍ ជាក់ស្តែងថ្ងៃនេះ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់ ដើម្បីផ្តល់ការអប់រំដល់សិស្សានុសិស្ស ក៏ដូចការផ្តល់ឱកាសការងារជូនដល់យុវជន មានការងារធ្វើស្របតាមជំនាញ និងសមត្ថភាពរៀងៗខ្លួន ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពស់កំរិតជីវភាពរស់នៅកាន់តែល្អប្រសើរឡើងផងដែរ៕