កុមារកម្ពុជា ៥៤រូប ដណ្ដើមបានពានរង្វាន់ និងមេដាយរហូតដល់ ៧៩គ្រឿង ពីការប្រកួតគណិតវិទ្យាអន្តរជាតិ និងគណិតវិទ្យារហ័សនៅប្រទេសសិង្ហបុរី
06-08-2026 20:34
(សិង្ហបុរី៖) ជាមោទនភាពជាតិដ៏ធំធេងមួយទៀតហើយសម្រាប់កម្ពុជា ដែលកុមារតូចៗជា «ទំពាំងស្នងឫស្សីដ៏រឹងមាំ» បានសាងស្នាដៃជាប្រវត្តិសាស្ត្រ ដោយបានដណ្ដើមយកពានរង្វាន់ និងមេដាយសរុបរហូតដល់ ៧៩ គ្រឿង ពីកម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិ International Mathematic and Mental Arithmetic Competition 2026 (IMMAC-2026) លើកទី៤៦ ដែលបានប្រព្រឹត្តទៅនៅរមណីយដ្ឋាន Resorts World Sentosaប្រទេសសិង្ហបុរី កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦កន្លងទៅនេះ។
យោងតាមរបាយការណ៍ផ្លូវការបានបញ្ជាក់ថា កម្មវិធីនេះមានការចូលរួមពីបេក្ខជនសរុបចំនួន ជិតមួយពាន់នាក់ មកពី ១០ប្រទេស និងតំបន់ផ្សេងៗគ្នា រួមមាន កម្ពុជា ហុងកុង ឥណ្ឌា ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ វៀតណាម និងមានជប៉ុន និងឥណ្ឌូនេស៊ីជាអ្នកសង្កេតការណ៍។
គួររំលេចផងដែរថា បេក្ខជនកម្ពុជាចំនួន ៥៧នាក់ គឺជាម្ចាស់ជ័យលាភីពីការប្រកួតថ្នាក់ជាតិរបស់ I.A.M.A កម្ពុជា ដែលទទួលបានកិត្តិយសជាកុមារតំណាងជាតិទៅប្រកួតប្រជែងនៅប្រទេសសិង្ហបុរី។ ជាលទ្ធផល កុមារតំណាងកម្ពុជាទាំង ៥៤រូប (ចូលរួមប្រកួតជាក់ស្តែង) បានសាងភាពភ្ញាក់ផ្អើល និងមោទនភាពក្រៃលែង ដោយបានដណ្ដើមយកពានរង្វាន់សរុប ៤៩ និងមេដាយមាស ៣០ យ៉ាងត្រចះត្រចង់។
លទ្ធផលលម្អិតនៃការប្រកួតឯកត្តជន (Individual Competition) រួមមាន៖ ចំណាត់ថ្នាក់លេខ២ ទទួលបានពាន ១២គ្រឿង, លេខ៣ ទទួលបានពាន ២៩គ្រឿង, និងទទួលបានមេដាយមាស៣០គ្រឿង (សរុបរង្វាន់ឯកត្តជន ៧១)។ ចំណែកឯការប្រកួតជាក្រុម (Group Competition) វិញ កុមារកម្ពុជាទទួលបានពានចំណាត់ថ្នាក់លេខ២ ចំនួន ២ និងពានលេខ៣ ចំនួន ៦ ផងដែរ (សរុបពានរង្វាន់ជាក្រុម ចំនួន៨គ្រឿង)។
ជ័យជំនះនេះ មិនត្រឹមតែជាភាពជោគជ័យរបស់សិស្សានុសិស្សម្នាក់ៗនោះទេ ប៉ុន្តែគឺជាការបង្ហាញយ៉ាងច្បាស់ដល់ពិភពលោកអំពីសក្តានុពល បញ្ញាញាណ និងភាពក្លាហានរបស់កុមារកម្ពុជា។ ទំពាំងស្នងឫស្សីទាំងនេះ បានបង្ហាញឱ្យឃើញថា ទោះបីជាត្រូវប្រកួតប្រជែងជាមួយសិស្សានុសិស្សមកពីប្រទេសជឿនលឿនយ៉ាងណាក៏ដោយ ក៏កូនខ្មែរនៅតែអាចឈរយ៉ាងអង់អាច និងប្រមូលយកកិត្តិយសជូនជាតិមាតុភូមិបានយ៉ាងត្រចះត្រចង់។
ភាពជោគជ័យដ៏គួរឱ្យស្ងើចសរសើរនេះ គឺកើតចេញពីការយកចិត្តទុកដាក់ និងការបណ្ដុះបណ្ដាលប្រកបដោយស្តង់ដារគុណភាពខ្ពស់ពីសំណាក់ស្ថាប័ន I.A.M.Aកម្ពុជា (International Abacus Mathematics Association) ដែលជាស្ថាប័នឈានមុខគេក្នុងការអប់រំ និងអភិវឌ្ឍខួរក្បាលកុមារ តាមរយៈកម្មវិធីគណិតវិទ្យារហ័ស និងគណិតវិទ្យាអន្តរជាតិ។
I.A.M.A កម្ពុជា មានមោទនភាពក្រៃលែង ដែលបានចាប់ដៃគូសហការយ៉ាងរឹងមាំជាមួយសាលាចំណេះទូទៅធំៗ ដើម្បីផ្ដល់ឱកាសអប់រំដ៏ល្អឯកនេះដល់កុមារកម្ពុជា រួមមាន៖ សាលារៀន អន្តរទ្វីប អាមេរិកាំង (American Intercon School), សាលាអន្ដរជាតិ ឃីង គ្លរី (King Glory International School), សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST International School), សាលាវេស្ទើនអន្តរជាតិ (Western International School), សាលាបញ្ញាសាស្ត្រអន្តរជាតិ (Paññāsāstra International School), សាលាអន្ដរជាតិ វុឌ្ឍិសាស្រ្ដាអាមេរិកាំង (Wuthisastra American International School), សាលាអន្តរជាតិ នរា (Norea International School)
មាតាបិតា និងអាណាព្យាបាល ដែលមានបំណងចង់ឱ្យកូនៗក្លាយជាកុមារឆ្នើម មានការអភិវឌ្ឍខួរក្បាលបានល្អ ពោរពេញដោយភាពជឿជាក់ និងមានឱកាសតំណាងជាតិលើឆាកអន្តរជាតិដូចកុមារទាំង ៥៤រូបនេះ លោកអ្នកអាចទំនាក់ទំនងចុះឈ្មោះតាមរយៈសាលាដៃគូខាងលើ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ការិយាល័យកណ្តាល I.A.M.A កម្ពុជា តាមរយៈលេខទូរស័ព្ទ៖ 093 663 354 ឬអញ្ជើញមកកាន់ទីតាំងផ្ទះលេខ១៦៨ ផ្លូវ២០១១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕





