ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ រៀបចំកម្មវិធីបេះដូងសប្បុរស ដើម្បីភូមិរង់ចាំ ដើម្បីបង្ហាញក្ដីនឹករលឹក និងចងចាំមិនភ្លេចពីអ្នកជួរក្រោយ
06-08-2026 20:46
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានប្រកាសនឹងរៀបចំកម្មវិធីបេះដូងសប្បុរសដើម្បីភូមិរង់ចាំ ដោយនឹងមានការប្រកួតមិត្តភាពសប្បុរសធម៌ និងកម្មវិធីអមសំខាន់ៗមួយចំនួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រទាំងស្មារតី និងសម្ភារៈដល់ប្រជាពលរដ្ឋនៅភូមិរង់ចាំ ពិសេសដើម្បីបង្ហាញពីក្ដីនឹករលឹក និងការចងចាំមិនភ្លេចពីអ្នកជួរក្រោយ។
នេះបើតាមការបញ្ជាក់របស់លោក គួច វែងស្រ៊ុន អ្នកចាត់ការទូទៅក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ក្រោយកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំកម្មវិធីខាងលើ នៅល្ងាចថ្ងៃទី៦ ខែសីហានេះ នៅអគារ The Kampus ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រុមបាល់ទាត់ពាក់ព័ន្ធជាច្រើន ដែលត្រៀមរួមគ្នាចូលរួមរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យ ក្រោយទទួលបានអនុញ្ញាតពីលោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
ជាមួយកម្មវិធីបេះដូងសប្បុរសដើម្បីភូមិរង់ចាំនេះ ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងមានការប្រកួតមិត្តភាពចំនួន ២ ទី១-ការប្រកួតជាមួយក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នាថ្ងៃទី១១ ខែសីហា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ និងទី២ គឺកម្មវិធីដ៏ធំ នៃការប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា នៅកីឡដ្ឋានស្ដាតចាស់ ក្នុងគោលបំណងផ្សព្វផ្សាយ និងរៃអង្គាសនូវសម្ភារ ថវិកា រួមទាំងគ្រឿងឧបភោគបរិភោគ សម្រាប់នាំយកទៅជួយដល់អ្នកភូមិរង់ចាំ។
លោក គួច វែងស្រ៊ុន បន្ដថា គោលដៅនៃកម្មវិធីនេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រ ទាំងស្មារតី និងសម្ភារដល់ប្រជាពលរដ្ឋនៅភូមិរង់ចាំ ដោយការផ្សារភ្ជាប់កីឡា ដើម្បីកៀរគរកម្លាំងរួម សម្រាប់កិច្ចការសប្បុរសធម៌ និងសង្គមជាតិ ជពិសេសក្នុងបរិបទដែលប្រទេសជាតិ និងប្រជាជនកំពុងជួបការលំបាក។ លោកជឿជាក់យ៉ាងមុតមាំ ក្នុងកាលៈទេសៈនេះ ក្រៅពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅតែនឹករលឹក និងចងចាំពួកគាត់ជានិច្ច។
លោកថា «អ្វីទៅជាមូលហេតុនៃកម្មវិធីបាល់ទាត់សប្បុរសទៅដល់អ្នកភូមិរង់ចាំ? តាមពិតសារសាមញ្ញខ្លីទេ គឺយើងចង់ប្រាប់អ្នកភូមិរង់ចាំថា អ្នកជួរក្រោយទាំងអស់ អត់ភ្លេចទេ។ ពួកយើងទាំងអស់គ្នា នឹកពួកគាត់ ចង់ជួបសួរសុខទុក្ខ ចង់ផ្ដល់ស្នាមញញឹម និងបង្កើតនូវអនុស្សាវរីយ៍ជាមួយពួកគាត់ ចង់ផ្ដល់ភាពកក់ក្ដៅឲ្យពួកគាត់ តាមរយៈការចុះទៅផ្ទាល់ និងពាំនាំនូវអំណោយខ្លះៗ ដែលជាទឹកចិត្តលើសពីក្រុមបាល់ទាត់ តែបង្ហាញពីទឹកចិត្តរបស់ពលរដ្ឋខ្មែរទាំងអស់ នៅតែនឹករលឹក និងចងចាំពួកគាត់ជានិច្ច»។
ដូច្នេះក្រោយបញ្ចប់ការប្រកួតមិត្តភាពនៅថ្ងៃទី១១ ខែសីហា ទល់ក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ក្រុមការងារ ស.ស.យ.ក អលស្ដារ នឹងចាប់ផ្ដើមបើកទទួលជំនួយ ទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា តាមរយៈគណនីធនាគារ (QR) ដែលក្រុមការងារនឹងផ្សព្វផ្សាយក្នុងពេលឆាប់ៗ ឬអាចនាំយកមកបរិច្ចាគផ្ទាល់នៅអគារ The Kampus ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា។ មួយវិញទៀត ពលរដ្ឋក៏អាចនាំយកបរិច្ចាគផ្ទាល់នៅក្នុងការប្រកួតធំ រវាងក្រុម ស.ស.យ.ក អលស្ដារ ទល់ក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅកីឡដ្ឋានស្ដាតចាស់ក៏បាន។
បន្ទាប់មកនៅថ្ងៃទី១២-១៣ ខែកញ្ញា ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ រួមទាំងសប្បុរសជននានា ដែលមានបំណងចូលរួម នឹងត្រូវធ្វើដំណើរទៅជួបប្រជាពលរដ្ឋនៅភូមិរង់ចាំដោយផ្ទាល់ ដើម្បីជួបសំណេះសំណាល និងប្រគល់នូវអំណោយ ដែលប្រជាពលរដ្ឋបានបរិច្ចាគជូនប្រជាពលរដ្ឋចំនួន ៣,៣១៨គ្រួសារ ស្មើនឹង ១៣,២៥៩នាក់ ព្រមទាំងគម្រោងបំផុសនូវយុទ្ធនាការ Homestay ក្នុងការរស់នៅផ្ទាល់ជាមួយពលរដ្ឋនៅភូមិរង់ចាំ ក៏ដូចជាការពិនិត្យសុខភាព និងការប្រគំតន្ដ្រីជូនអ្នកភូមិកម្សាន្ដ ព្រមទាំងកម្មវិធីកីឡាទៀតផង៕














