ក្រុមហ៊ុន Alibaba គ្រោងទារប្រាក់ពីក្រុមហ៊ុនធំៗ ដែលប្រើប្រាស់ម៉ូដែល AI Open-Source ជំនាន់ថ្មីរបស់ខ្លួន
07-08-2026 09:51
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Alibaba គ្រោងនឹងស្នើឱ្យក្រុមហ៊ុន ឬអ្នកប្រើប្រាស់ពាណិជ្ជកម្មខ្នាតធំ ចែករំលែកចំណូល (Revenue Sharing) ដែលទទួលបានពីការប្រើប្រាស់ម៉ូដែល AI ប្រភពបើកចំហ (Open-source) ជំនាន់ថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Qwen3.8-Max។ នេះបើយោងតាមប្រភពជិតស្និទ្ធនឹងផែនការនេះបានទម្លាយឱ្យដឹង ហើយត្រូវបានដកស្រង់ចេញផ្សាយដោយភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទីសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦។
បច្ចុប្បន្ន ម៉ូដែល AI ត្រកូល Qwen របស់ Alibaba គឺជាប្រភេទ Open-weight/Open-source ដែលអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ទូទៅអាចទាញយក (Download) ទៅប្រើប្រាស់ និងកែច្នៃបានដោយសេរី ខុសពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដូចជា OpenAI, Anthropic និង Google ដែលរក្សាម៉ូដែលរបស់ខ្លួនជា Closed-source (មិនចែករំលែកកូដដើម)។ ថ្វីបើបច្ចេកវិទ្យា Open-source ភាគច្រើនត្រូវគេស្គាល់ថាជាការផ្តល់ជូនដោយឥតគិតថ្លៃក៏ដោយ ប៉ុន្តែនិន្នាការថ្មីនៅក្នុងឧស្សាហកម្ម AI របស់ចិនកំពុងតែផ្លាស់ប្តូរ។ កាលពីខែកន្លងទៅ ក្រុមហ៊ុន AI របស់ចិន Moonshot បានដាក់លក្ខខណ្ឌអាជ្ញាប័ណ្ណលើម៉ូដែល Kimi K3 ដោយតម្រូវឱ្យក្រុមហ៊ុនណាដែលយកម៉ូដែលនោះទៅបង្កើតជាសេវាកម្មអាជីវកម្ម ហើយរកចំណូលបានលើសពី ២០លានដុល្លារក្នុងមួយឆ្នាំ ត្រូវចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងចែករំលែកប្រាក់ចំណូល (រហូតដល់ ៣០%) ជាមួយ Moonshot។
ប្រភពដដែលបានឱ្យដឹងថា Alibaba នឹងអនុវត្តវិធានការស្រដៀងគ្នានេះសម្រាប់ម៉ូដែល Qwen ជំនាន់ថ្មីនៅសប្តាហ៍ក្រោយ។ កន្លងមក Alibaba គិតថ្លៃតែលើសេវា Cloud computing របស់ខ្លួននៅពេលអ្នកអភិវឌ្ឍន៍ប្រកបអាជីវកម្មលើ Cloud របស់ Alibaba ប៉ុណ្ណោះ ប៉ុន្តែបានអនុញ្ញាតឱ្យយកម៉ូដែល Open-source ទៅដំឡើង និងប្រើប្រាស់ក្នុង Data Center ផ្ទាល់ខ្លួនដោយមិនគិតថ្លៃឡើយ។
គួរជម្រាបថា ការផ្លាស់ប្តូរនេះបង្ហាញថា ក្រុមហ៊ុន AI របស់ចិនកំពុងចាប់ផ្តើមប្រើប្រាស់គំរូអាជីវកម្មបែប Freemium (ផ្តល់ឱ្យប្រើប្រាស់ទូទៅដោយឥតគិតថ្លៃ ប៉ុន្តែគិតថ្លៃចំពោះការប្រើប្រាស់លក្ខណៈអាជីវកម្មខ្នាតធំ) ដើម្បីបង្កើតចំណូលឡើងវិញ និងបង្កើនការប្រកួតប្រជែងជាមួយគូប្រជែងអាមេរិក៕









