Arsenal ពិតជាខកចិត្ត ដ្បិតខ្សែប្រយុទ្ធ Vinicius Jr បន្តរួមរស់ជាមួយ Real Madrid ៦ឆ្នាំទៀត

07-08-2026 11:18

(បរទេស)៖ ក្រុមជើងឯកលីគអង់គ្លេស Premier League រដូវកាលមុនគឺ កាំភ្លើងធំ Arsenal បានខូចចិត្ត ដ្បិតខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Vinicius Junior បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្លិប Real Madrid ដល់ទៅ ៦ឆ្នាំទៀតឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះមានន័យថា កីឡាករវ័យ ២៦ឆ្នាំដែលទើបចប់ភារកិច្ចជាមួយសាំបាប្រេស៊ីលនៅ World Cup 2026 នឹងបន្តលេងនៅ ប្រទេសអេស្ប៉ាញដល់ឆ្នាំ២០៣២ ក្រោយផ្លាស់មកចូលរួមកាលពីឆ្នាំ២០១៨ ដែលបានបន្ថែមលើកិច្ចសន្យាចាស់ដែលនៅសល់សុពលភាព ១២ខែទៀត។

នៅចាំបានថា នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ Arsenal ដែលស្ថិតក្រោមការដឹកដោយអ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ លោក Mikel Arteta បានចាប់អារម្មណ៍លើ Vinicius ដើម្បីយកទៅពង្រឹងតំបន់ប្រយុទ្ធរបស់លោកនៅ Emirates ក្នុងការការពារជើងឯក PL ដែលពួកគេដណ្តើមបានរដូវកាលមុន។

តែយ៉ាងណា Real បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហាថា ភាគីទាំងពីរបានព្រមព្រៀង ក្នុងការបន្លាយកិច្ចសន្យាថ្មីដល់ឆ្នាំ២០៣២។

ភ្លាមៗនោះដែរ Vinicius ក៏បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនផងថា «រយៈពេល ៨ឆ្នាំនៅកីឡដ្ឋាន Bernabeu ហាក់ដូចលឿនពេកហើយ...៦ឆ្នាំបន្ថែម និងបន្តបន្ទាប់ថែមទៀត»៕