ជើងឯកអាស៊ាន៖ វៀតណាមចង់ឈ្នះកម្ពុជា ដើម្បីរក្សាកៅអីកំពូលតារាង តែលោក Koji រំពឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត

07-08-2026 11:52

(ភ្នំពេញ)៖ លោក Kim Sang-sik គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម បានដាក់គោលដៅចង់ឈ្នះក្រុមជម្រើសជាតិកម្ពុជា ដើម្បីរក្សាកៅអីកំពូលតារាងពូល A នៃការប្រកួតជើងឯកបាល់ទាត់អាស៊ាន (ASEAN Championship) ឆ្នាំ២០២៦ តែគ្រូបង្វឹកក្រុមគោព្រៃកម្ពុជា លោក Koji Gyotoku ចង់ឃើញក្រុមបង្ហាញទម្រង់លេងល្អបំផុត ហើយរំពឹងការប្រកួតនេះ នឹងក្លាយជាជំនួបដ៏ជក់ចិត្ត។

នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ដ្បិតក្រុមជម្រើសជាតិវៀតណាម នឹងត្រូវបើកទ្វារផ្ទះ ទទួលក្រុមជម្រើសជាតិកម្ពុជា ដែលជាជំនួបបញ្ចប់ពូល A នាវេលាម៉ោង ៨យប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នេះ នៅកីឡដ្ឋាន Mỹ Đình National Stadium។

លោក Kim Sang-sik បានលើកឡើងថា គោលដៅរបស់ក្រុម គឺឈ្នះការប្រកួតនេះ ដើម្បីធានាកៅអីកំពូលតារាងក្នុងពូល។ ដូច្នេះលោកនឹងប្រើប្រព័ន្ធប្រយុទ្ធឲ្យបានខ្លាំង សម្រាប់ការប្រកួតទល់ក្រុមគោព្រៃកម្ពុជា ដើម្បីប៉ះប៉ូវជូនអ្នកគាំទ្រ បន្ទាប់ពីវៀតណាម បានប្រកួតស្មើសិង្ហបុរី លើទឹកដីរបស់ខ្លួន នាពេលកន្លងមក។

ដោយឡែកលោក Koji Gyotoku បានលើកថា ទោះបីកម្ពុជាអស់ឱកាសប្រជែងកៅអីវគ្គបន្ដ តែការប្រកួតទល់ម្ចាស់ផ្ទះវៀតណាមនេះ នៅតែជាការប្រកួតដ៏សំខាន់ ដែលលោកចង់ឃើញកូនក្រុមបង្ហាញទម្រង់លេងឲ្យបានល្អបំផុត។

គ្រូបង្វឹកកម្ពុជាដដែលបន្ដថា «ខ្ញុំសង្ឃឹមថា ការប្រកួតនេះ នឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត និងជាឱកាសសម្រាប់កីឡាកររបស់យើង បង្ហាញសមត្ថភាពឲ្យបានពេញលេញ ដើម្បីទទួលបានការកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួតលើកក្រោយៗទៀត»

សូមបញ្ជាក់ថា នេះគឺជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមគោព្រៃកម្ពុជា ក្រោយរកបានត្រឹម ៣ពិន្ទុពី ៣ប្រកួតកន្លងមក ដែលបញ្ចប់ជាមួយលទ្ធផលឈ្នះ ១ និងចាញ់ ២។ ចំណែកវៀតណាម បានកក់កៅអីវគ្គបន្ដ ទោះបីមាន ៧ពិន្ទុស្មើសិង្ហបុរី និងមានប្រៀប ១ពិន្ទុលើឥណ្ឌូនេស៊ី ដែលក្រុមទាំងពីរ ត្រូវជួបគ្នាដំណាលគ្នានារាត្រីនេះ ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN Hyundai Cup ឆ្នាំ២០២៦៕