Google Maps បន្ថែមមុខងារ Agentic AI ថ្មី អាចឱ្យអ្នកប្រើប្រាស់កុម្ម៉ង់អាហារ និងកក់សណ្ឋាគារបានភ្លាមៗ

07-08-2026 12:33

(បរទេស)៖ ក្រុមហ៊ុន Google កំពុងបង្កើនសមត្ថភាពកម្មវិធី Google Maps របស់ខ្លួន ដោយផ្លាស់ប្តូរពីកម្មវិធីនាំផ្លូវ ឬផែនទីធម្មតា ឱ្យទៅជាជំនួយការ AI ដ៏វៃឆ្លាត (Agentic AI) ដែលអាចជួយបំពេញភារកិច្ចផ្សេងៗក្នុងជីវិតពិតបានយ៉ាងរហ័ស។ តាមរយៈការអាប់ដេតថ្មីនេះ Google បានពង្រីកមុខងារ AI របស់ខ្លួនដែលមានឈ្មោះថា «Ask Maps» ដោយបន្ថែមសមត្ថភាពប្រតិបត្តិការស្វ័យប្រវត្ត (Agentic Capabilities) ឱ្យអ្នកប្រើប្រាស់អាចកុម្ម៉ង់អាហារ កក់បន្ទប់សណ្ឋាគារ និងស្វែងរកសំបុត្រចូលរួមព្រឹត្តិការណ៍ផ្សេងៗបានដោយផ្ទាល់នៅក្នុងកម្មវិធី Google Maps តែម្តង។

លក្ខណៈពិសេសនៃការអាប់ដេតថ្មីនេះរួមមាន៖

១.​ ការកុម្ម៉ង់អាហារដោយផ្ទាល់៖ ការបញ្ជាទិញអាហារត្រូវបានភ្ជាប់ជាមួយបណ្តាញ និងផ្លែតហ្វមធំៗដូចជា Square, Toast និង Uber Eats ជាដើម។ អ្នកប្រើប្រាស់គ្រាន់តែសួរសំណួរជាក់លាក់ (ឧទាហរណ៍៖ «តើខ្ញុំអាចកុម្ម៉ង់នំបញ្ចុក ឬកាហ្វេនៅជិតនេះបាននៅកន្លែងណា?») AI នឹងជួយស្វែងរក និងចាត់ចែងការកុម្ម៉ង់ឱ្យភ្លាមៗ។
២.​ ការស្វែងរក និងកក់សណ្ឋាគារ៖ មុខងារស្វែងរកសណ្ឋាគាររួមបញ្ចូលទាំងការប្រៀបធៀបតម្លៃ និងការពិនិត្យមើលបន្ទប់ទំនេរ ព្រមទាំងអនុញ្ញាតឱ្យកក់តាមតម្រូវការជាក់លាក់របស់អ្នកប្រើប្រាស់ (ឧទាហរណ៍៖ ស្វែងរកសណ្ឋាគារតម្លៃសមរម្យ រចនាប័ទ្មសិល្បៈ នៅជិតកន្លែងហាត់ប្រាណ ឬភោជនីយដ្ឋាន)។
៣.​ ការភ្ជាប់ទំនាក់ទំនងជាមួយ Personal Intelligence៖ មុខងារថ្មីនេះអាចភ្ជាប់ «Ask Maps» ទៅកាន់ Gmail និង Google Calendar (មុខងារនេះបិទជាស្វ័យប្រវត្តិ តែអាចបើកបាន) ដើម្បីផ្តល់ចម្លើយ និងការជួយជ្រោមជ្រែងផ្ទាល់ខ្លួនទាក់ទងនឹងជើងហោះហើរ ការកក់ទុកផ្សេងៗ និងកាលវិភាគ។
៤.​ សមត្ថភាពចងចាំកិច្ចសន្ទនា និង Widget ថ្មី៖ Ask Maps បង្កើនសមត្ថភាពក្នុងការចងចាំការសន្ទនាមុនៗ និងបន្ថែម Widget សម្រាប់តាមដានការធ្វើដំណើរតាមផ្លូវសាធារណៈ (Live Transit Widget) ភ្លាមៗផងដែរ។

គួរជម្រាបថា ការអាប់ដេតមុខងារ AI ឆ្លាតវៃទាំងនេះ កំពុងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ហើយមុខងារ Personal Intelligence និង Transit Widget នឹងត្រូវដាក់ឱ្យប្រើប្រាស់ទូទាំងពិភពលោកនៅលើទីផ្សារដែលមាន Ask Maps។ ការផ្លាស់ប្តូរនេះស្តែងឱ្យឃើញពីមហិច្ឆតារបស់ Google ក្នុងការប្រែក្លាយ Google Maps ទៅជាកម្មវិធីឆ្លាតវៃដែលអាចជួយសម្រួលកិច្ចការប្រចាំថ្ងៃរបស់មនុស្សបានកាន់តែទូលំទូលាយ៕