ថ្នាក់ដឹកនាំកីឡាហាប់គីដូ អួលដើមក ចំពោះការលះបង់របស់កីឡាករ-កីឡាការិនី ដើម្បីចេញទៅប្រកួតជើងឯកអាស៊ី នៅហុងកុង

07-08-2026 13:25

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហាប់គីដូ បានសម្តែងក្តីក្តុកក្តួល និងរំភើបយ៉ាងខ្លាំងចំពោះស្មារតីលះបង់ខ្ពស់របស់ក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានស្ម័គ្រចិត្តចេញថវិកាផ្ទាល់ខ្លួនជាង ៩០% ដើម្បីធានាលើការចំណាយផ្សេងៗ ក្នុងការធ្វើដំណើរទៅចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ី លើកទី៣ ឆ្នាំ២០២៦ នាសប្ដាហ៍ក្រោយនៅហុងកុង។

នេះបើតាមការគូសបញ្ជាក់របស់លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ ក្នុងសន្និសីទសារព័ត៌មាន និងជួបសំណេះសំណាលលើទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ១៤រូប កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលសហព័ន្ធត្រៀមបញ្ជូនទៅចូលរួមការប្រកួតជើងឯកអាស៊ី លើកទី៣ ដែលហុងកុងទទួលធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៣-១៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។

លោកថា «ខ្ញុំអួលដើមក ដោយសារតែក្តីរំភើប ព្រោះការចូលរួមប្រកួតជើងឯកអាស៊ី នាពេលដ៏ខ្លីខាងមុខនេះ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៤នាក់បានចំណាយថវិកាផ្ទាល់ខ្លួនជាង ៩០% និងទទួលបានការជួយឧបត្ថម្ភគាំទ្រពីសហព័ន្ធបន្តិចបន្តួច ជាមួយនឹងការលើកទឹកចិត្តប៉ុណ្ណោះ។ នេះគឺជាឆន្ទៈដ៏មោះមុតបំផុតរបស់ប្រតិភូកីឡាហាប់គីដូកម្ពុជា ដោយពុះពារការលំបាក ការខ្វះខាត ហើយចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនជាតិ»។

បេសកកម្មលើកនេះ ផ្ទុយពីការចូលរួមប្រកួតអន្ដរជាតិ ២លើកកន្លងមក ដែលប្រតិភូកីឡាហាប់គីដូកម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រច្រើនពីសហព័ន្ធ ។ ផ្អែកលើស្មារតីចូលរួម ប្រកបដោយឆន្ទៈ និងការប្ដេជ្ញាចិត្ត លើសពីការលះបង់ ទាំងការហ្វឹកហាត់ និងធនធានផ្ទាល់ខ្លួននេះ លោកសង្ឃឹមថា អនាគតសហព័ន្ធនឹងកាន់តែរឹងមាំ ហើយកីឡាករ-កីឡាការិនីនឹងកាន់តែរីកចម្រើន ហើយសម្រេចបាននូវសមិទ្ធផលគាប់ប្រសើរជូនជាតិ ពិសេសការប្រកួតជើងឯកអាស៊ី នាពេលឆាប់ៗ។

ក្នុងនាមសហព័ន្ធ តាមរយៈសមិទ្ធផលពីការប្រកួតអន្តរជាតិ ២លើកកន្លងមក និងការប្តេជ្ញាចិត្តប្រឹងដណ្ដើមមេដាយជើងឯកអាស៊ី នៅហុងកុង ក្នុងខែសីហានេះ សហព័ន្ធសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡានឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនដល់កីឡាករ-កីឡាការិនី ដែលប្រឹងប្រែងដណ្តើមមេដាយជូនជាតិ រួមទាំងការចូលរួមឧបត្ថម្ភគាំទ្រពីដៃគូឧបត្ថម្ភផ្សេងៗទៀតផងដែរ។ លោក គួច ហុងជៀក បន្ថែម៕