ក្រុមហ៊ុនយក្ស Amazon ប្រឈមមុខនឹងបណ្តឹងថ្មីជុំវិញការរំលោភបំពានបច្ចេកវិទ្យាតេឡេបញ្ជា និងប្រព័ន្ធវៃឆ្លាត
07-08-2026 14:32
(បរទេស)៖ ក្រុមហ៊ុន Universal Electronics Inc (UEIC) ដែលជាអ្នកបង្កើតបច្ចេកវិទ្យាតេឡេបញ្ជា និងប្រព័ន្ធផ្ទះវៃឆ្លាត (Smart-Home) ដ៏ល្បីឈ្មោះ បានដាក់ពាក្យប្តឹងក្រុមហ៊ុន Amazon នៅតុលាការសហព័ន្ធរដ្ឋកាលីហ្វ័រញ៉ា។ UEIC បានចោទប្រកាន់ Amazon ថាបានយកបច្ចេកវិទ្យាតេឡេបញ្ជាដែលជាប៉ាតង់ផ្ទាល់ខ្លួនរបស់ខ្លួន ទៅប្រើប្រាស់លើផលិតផលល្បីៗជាច្រើន ដោយគ្មានការអនុញ្ញាត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងពាក្យបណ្តឹង ក្រុមហ៊ុន UEI បានគូសបញ្ជាក់ថា ឧបករណ៍វៃឆ្លាតរបស់ Amazon ដូចជា បាសបញ្ជាសំឡេង Echo, ឧបករណ៍ Fire TV ព្រមទាំងកម្មវិធីទូរស័ព្ទសម្រាប់ប្រព័ន្ធ Alexa និងសេវាកម្ម Prime Video ផងដែរនោះ សុទ្ធតែបានរំលោភបំពានលើប៉ាតង់ចំនួន ៥ របស់ខ្លួន ដែលទាក់ទងនឹងបច្ចេកវិទ្យាតេឡេបញ្ជាសម្រាប់ឧបករណ៍វៃឆ្លាតផ្សេងៗ។
ជាការឆ្លើយតបតាមផ្លូវច្បាប់ ក្រុមហ៊ុន UEI ដែលមានមូលដ្ឋាននៅរដ្ឋ Arizona បានស្នើសុំឱ្យតុលាការបង្គាប់ឱ្យ Amazon សងសំណងជំងឺចិត្តជាសាច់ប្រាក់ និងបានទាមទារឱ្យចេញដីកាហាមឃាត់ Amazon មិនឱ្យបន្តរំលោភបំពានលើប៉ាតង់ទាំងនេះទៀតឡើយ។ ទោះជាយ៉ាងណា តំណាងផ្នែកអ្នកនាំពាក្យរបស់ក្រុមហ៊ុនទាំងពីរ មិនទាន់បានចេញមុខឆ្លើយតប ឬផ្តល់ការអត្ថាធិប្បាយភ្លាមៗជុំវិញរឿងក្តីនេះនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែល Amazon ប្រឈមមុខនឹងបណ្តឹងផ្លូវច្បាប់លើបច្ចេកវិទ្យា Alexa។ កាលពីឆ្នាំ ២០២៣ កន្លងទៅ គណៈវិនិច្ឆ័យនៅរដ្ឋ Delaware ក៏ធ្លាប់បានសម្រេចឱ្យ Amazon ចាញ់ក្តី និងតម្រូវឱ្យសងប្រាក់ចំនួន ៤៦,៧ លានដុល្លារ ទៅឱ្យក្រុមហ៊ុន VB Assets ពីបទរំលោភលើប៉ាតង់ទាក់ទងនឹងបច្ចេកវិទ្យាសម្គាល់សំឡេង និងការដំណើរការភាសាធម្មជាតិផងដែរ៕












