* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

មន្ដ្រីសហព័ន្ធ៖ ការធ្វើម្ចាស់ផ្ទះកីឡាវាយសីជើងឯកអាស៊ាន បង្ហាញការជឿជាក់ពីអន្ដរជាតិ និងបើកឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់

07-08-2026 15:10

(ភ្នំពេញ)៖ ការទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ម្ដងហើយម្ដងទៀត បានបង្ហាញពីការជឿជាក់របស់អន្ដរជាតិ មកលើកម្ពុជា ហើយក៏បង្ហាញឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ ចំពោះភាពរីកចម្រើន និងតថភាពសង្គមជាក់ស្ដែងពីកម្ពុជាសម័យទំនើប។

នេះបើតាមការលើកឡើងរបស់លោក កែវ រស់ អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមរៀបចំការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ នៅថ្ងៃទី៧ ខែសីហានេះ ខណៈការប្រកួតនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៥-២១ ខែសីហា ឆ្នាំ២០២៦ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកថា នេះជាលើកទី៣ ដែលសហព័ន្ធកីឡាវាយសីអាស៊ី (BA) និងបណ្ដាប្រទេសក្នុងតំបន់បានគាំទ្រកម្ពុជាធ្វើម្ចាស់ផ្ទះ ដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យកីឡាវាយសីកម្ពុជា ពិសេសការមានទំនុកចិត្តខ្ពស់មកលើកម្ពុជា ក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្ដរជាតិ ទាំងការងារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅជាដើម។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «ក្នុងនាមម្ចាស់ផ្ទះ ដែលទទួលបានការគាំទ្រ និងជឿជាក់ដោយបណ្ដាប្រទេសចូលរួម បានបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាវាយសីនៅកម្ពុជា ហើយការប្រកួតនេះ ក៏ជាវេទិការរឹតចំណងមិត្តភាពរវាងបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាការបើកបង្ហាញកម្ពុជាទៅកាន់ពិភពលោក ពិសេសបណ្ដាប្រទេសក្នុងអាស៊ាន ឲ្យកាន់តែយល់ច្បាស់ និងស្គាល់ជាក់ស្ដែងពីកម្ពុជាសម័យទំនើប តបទៅនឹងការលាបពណ៌ផ្សេងៗ»។

លោក កែវ រស់ បន្ថែមទៀតថា «វត្តមានរបស់ប្រតិភូកីឡាវាយសីទាំងអស់ នឹងក្លាយជាសាក្សីរស់ដល់យើង ដោយមើលឃើញពីតថភាពសង្គម និងការរស់នៅ ក៏ដូចជាភាពរីកចម្រើនរបស់កម្ពុជា ដែលកម្ពុជាប្រកាន់លទ្ធិប្រជាធិបតេយ្យ និងមានភាពរីកចម្រើនជាលំដាប់។ កីឡាគឺជាការគោរពគ្នាទៅវិញទៅមក មិត្តភាព ភាតរភាព ហើយកីឡា តែងភ្ជាប់ជាមួយសេដ្ឋកិច្ច ទេសចរណ៍ និងទិដ្ឋភាពសង្គមជាក់ស្ដែងផងដែរ»។

សូមបញ្ជាក់ថា ប្រតិភូកីឡា ៧ប្រទេស ដែលត្រៀមការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ នៅកម្ពុជា នាសប្ដាហ៍ក្រោយ ក្រៅពីម្ចាស់ផ្ទះកម្ពុជា គឺមានឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម ព្រុយណេ និងទីម័រខាងកើត។ ចំពោះវិញ្ញាសាប្រកួតបែងចែកជា ៣កម្រិតអាយុ រួមមានអាយុក្រោម ១៦ឆ្នាំ, អាយុក្រោម ១៩ឆ្នាំ និងអាយុក្រោម ២៣ឆ្នាំ។ ក្នុងនាមម្ចាស់ផ្ទះ សហព័ន្ធបានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលបដិសណ្ឋារកិច្ច ដល់ប្រតិភូកីឡាគ្រប់បណ្ដាប្រទេសទាំងអស់ ឲ្យបានល្អប្រសើរ ដូចការធ្វើម្ចាស់ផ្ទះ ២លើកកន្លងមក៕