តុលាការអាមេរិកបង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ជាង ៥០០លានដុល្លារ ជុំវិញផលប៉ះពាល់លើសុខភាពផ្លូវចិត្តកុមារ
07-08-2026 15:35
(បរទេស)៖ តុលាការរដ្ឋ New Mexico សហរដ្ឋអាមេរិក បានបង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ចំនួន ៥៦៧ លានដុល្លារ ចូលទៅក្នុងមូលនិធិសុខភាពផ្លូវចិត្តវ័យក្មេង និងតម្រូវឱ្យកែប្រែប្រព័ន្ធដំណើរការលើបណ្តាញសង្គមរបស់ខ្លួន បន្ទាប់ពីតុលាការរកឃើញថាក្រុមហ៊ុននេះជាដើមហេតុបង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខុមាលភាពរបស់កុមារ។ ការសម្រេចក្តីនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋអាជ្ញាបានចោទប្រកាន់ Meta ថាបានគិតគូរតែប្រាក់ចំណេញ ដោយចេតនាបង្កើតផលិតផលឱ្យកុមារជក់វង្វេង (ញៀន) និងបរាជ័យក្នុងការការពារពួកគេពីការកេងប្រវ័ញ្ចផ្លូវភេទ។
ក្រៅពីការបង់ប្រាក់ពិន័យ តុលាការបានដាក់ចេញនូវវិធានការតឹងរ៉ឹងរយៈពេល ៥ ឆ្នាំ ដែលតម្រូវឱ្យ Meta កំណត់ម៉ោងប្រើប្រាស់ Facebook និង Instagram របស់យុវវ័យ, កម្រិតការជូនដំណឹង (Notifications), បង្កើនការត្រួតពិនិត្យលើការទំនាក់ទំនងរវាងមនុស្សពេញវ័យ និងអនីតិជន, ព្រមទាំងដាក់កំហិតលើ AI Chatbots មិនឱ្យមានការសន្ទនាក្នុងរូបភាពស្នេហា ឬផ្លូវភេទជាមួយកុមារឡើយ។
ឆ្លើយតបនឹងការសម្រេចនេះ ក្រុមហ៊ុន Meta បានប្រកាសថានឹងបន្តប្តឹងឧទ្ធរណ៍ ដោយបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងនៅតែមានទំនុកចិត្តលើប្រវត្តិការងាររបស់យើងក្នុងការការពារយុវវ័យតាមប្រព័ន្ធអនឡាញ ហើយនឹងបន្តពន្យល់ការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់ទាំងឡាយណាដែលបំផ្លៃការពិត»។
ផ្ទុយទៅវិញ លោក Raúl Torrez រដ្ឋអាជ្ញានៃរដ្ឋ New Mexico បានចាត់ទុកការសម្រេចក្តីនេះជាជោគជ័យជាប្រវត្តិសាស្ត្រមួយ ដោយលោកបានថ្លែងថា៖ «នេះមិនមែនគ្រាន់តែជាការសម្រេចក្តីប្រឆាំងនឹងក្រុមហ៊ុនមួយនោះទេ។ វាគឺជាប្លង់មេ (Blueprint)»។ លោកបានបន្ថែមថា ឥឡូវនេះរដ្ឋ និងប្រទេសផ្សេងទៀតដែលកំពុងជួបវិបត្តិដូចគ្នានេះ គឺមានផែនទីបង្ហាញផ្លូវសម្រាប់ដើរតាមដើម្បីការពារកុមារហើយ៕











