ធនាគារ វីង និងសមាគមសិល្បករខ្មែរ ដាក់ឲ្យដំណើរការ ម៉ាស្ទ័រកាត សម្រាប់សិល្បករកម្ពុជា

07-08-2026 22:38

(ភ្នំពេញ)៖ ប្រទេសនីមួយៗតែងតែមានអត្តសញ្ញាណរស់រវើកដោយសារវប្បធម៌ និងសិល្បករដែលខិតខំថែរក្សាមរតកទាំងនោះ។ សព្វថ្ងៃនេះ សិល្បករខ្មែរបន្តនាំយកស្នាដៃទៅសម្តែង និងបង្ហាញនៅក្រៅប្រទេសកាន់តែច្រើន ហើយការសម្រួលដល់បញ្ហាប្រចាំថ្ងៃដូចជា ការទូទាត់ប្រាក់កម្រៃ ការធ្វើដំណើរ និងការទំនាក់ទំនង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ មិនចាញ់ការបង្កើតស្នាដៃសិល្បៈឡើយ។

ក្នុងស្មារតីនេះ ធនាគារ វីង សមាគមសិល្បករខ្មែរ (KAA) និងក្រុមហ៊ុនម៉ាស្ទ័រកាត បានចាប់ដៃគូសហការគ្នាដាក់សម្ពោធឱ្យប្រើប្រាស់ កាតសមាគមសិល្បករខ្មែរ ដែលត្រូវបានបង្កើតឡើងជាពិសេសផ្តាច់មុខ សម្រាប់តែសមាជិកសមាគមប៉ុណ្ណោះ។ កាតនេះមានមុខងារចំនួន២ គឺប្រើប្រាស់ជាកាតទូទាត់ផង និងជាកាតសមាជិកផ្លូវការរបស់សមាគមផង ដែលអនុញ្ញាតឱ្យសិល្បករអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដកប្រាក់ និងចាត់ចែងហិរញ្ញវត្ថុរបស់ពួគគេបាននៅទូទាំងពិភពលោកតាមអេប Wing Bank រួមជាមួយអត្ថប្រយោជន៍ពិសេសៗជាច្រើនសម្រាប់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃយ៉ាងសម្បូរបែប។

ថ្លែងក្នុងកម្មវិធីនេះ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ មានប្រសាសន៍ថា៖ «កិច្ចសហការនេះគឺជាសក្ខីភាពដ៏សំខាន់មួយក្នុងការទទួលស្គាល់តម្លៃ ក៏ដូចជាការរួមចំណែកមិនអាចកាត់ថ្លៃបានរបស់សិល្បករកម្ពុជា។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែជាការលើកកម្ពស់មុខមាត់ដល់សិល្បករខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ របៀបរស់នៅសម្បូរបែបដែលជួយសម្រួល ជីវិតរស់នៅប្រចាំថ្ងៃ រួមទាំងអាជីពការងារផងដែរ។ យើងមានក្តីសោមនស្សដែលបានសហការជាមួយធនាគារ វីង និងក្រុមហ៊ុនម៉ាស្ទ័រកាត ដើម្បីដាក់ចេញនូវកាតសមាជិកដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងតម្លៃពិតប្រាកដដល់សហគមន៍សិល្បៈរបស់យើង»។

សម្រាប់ធនាគារ វីង ភាពជាដៃគូនេះមានអត្ថន័យជ្រាលជ្រៅ លើសពីការគ្រាន់តែសម្ពោធផលិតផលថ្មីមួយ។ ពិតណាស់ ទេពកោសល្យគឺជាកត្តាដែលបង្កើតឱ្យមានស្នាដៃសិល្បៈដ៏អស្ចារ្យ ប៉ុន្តែសេរីភាពក្នុងការធ្វើដំណើរ ការធ្វើប្រតិបត្តិការទូទាត់មានភាពងាយស្រួល និងការចាប់យកឱកាសក្នុងសេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ន ទើបជាកម្លាំងចលករពិតប្រាកដ ដែលជួយឱ្យសិល្បករអាចប្រកបរបរចិញ្ចឹមជីវិតពីសិល្បៈរបស់ពួកគេបានកាន់តែប្រសើរ។

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានបញ្ជាក់ថា «ប្រទេសជាតិមួយរស់រវើកទៅបានដោយសារវប្បធម៌ ហើយវប្បធម៌អាចរស់រានបាន ក៏ដោយសារតែមានសិល្បករជាអ្នកបន្តថែរក្សា។ ក្នុងនាមជាធនាគារគ្រប់គ្រងដោយកូនខ្មែរ ១០០% ការគាំទ្រនេះមិនមែនជាការធ្វើទីផ្សារឡើយ តែជាស្មារតីទទួលខុសត្រូវរបស់យើងក្នុងនាមជាខ្មែរ។ យើងបង្កើតកាតនេះឡើង ដើម្បីសម្រាលបន្ទុកផ្សេងៗ ដើម្បីឱ្យសិល្បករយើងអាចផ្តោតអារម្មណ៍បានពេញលេញទៅលើការបង្កើតស្នាដៃសិល្បៈរបស់ពួកគេ»។

គំនិតផ្តួចផ្តើមនៅពីក្រោយកាតនេះត្រូវ បានផ្តើមចេញពីទស្សនៈដ៏សាមញ្ញមួយរបស់ធនាគារ វីង ពោលគឺសេវាហិរញ្ញវត្ថុគួរតែធ្វើឱ្យជីវិតអ្នកសិល្បៈកាន់តែងាយស្រួល។ ជាមួយកាតនេះ សមាជិកសិល្បករខ្មែរអាចចាយវាយបានគ្រប់ប្រទេសនៅទូទាំងពិភពលោក ព្រមទាំងរៀបចំការធ្វើដំណើរ និងចាត់ចែងលុយកាក់បានយ៉ាងរលូន ដោយមិនទុកឱ្យបញ្ហាស្មុគស្មាញក្នុងការចាត់ចែងហិរញ្ញវត្ថុមករារាំងការងារសិល្បៈរបស់ពួកគាត់ឡើយ។

លោក ហ្សារ៉ាដ ជេន អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ បានលើកឡើងថា «កិច្ចសហការជាមួយធនាគារ វីង និងសមាគមសិល្បករខ្មែរ គឺស្របតាមទស្សនវិស័យរបស់ ម៉ាស្ទ័រកាត ដែលតែងចាត់ទុកការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលជាកាតាលីករសម្រាប់បង្កើតឱកាសថ្មីៗ។ តាមរយៈការផ្តល់ជូនសិល្បករកម្ពុជានូវមធ្យោបាយទូទាត់ប្រាក់ ដែលមានសុវត្ថិភាព ភាពបត់បែន និងអាចចាយវាយបានទូទាំងពិភពលោក យើងសង្ឃឹមថានឹងអាចជួយលើកស្ទួយជីវភាព ព្រមទាំងជួយភ្ជាប់ពួកគាត់ទៅកាន់ឱកាសការងារកាន់តែទូលំទូលាយ ទាំងនៅក្នុងស្រុក និងលើឆាកអន្តរជាតិ»។

ចំណែកឯអត្ថប្រយោជន៍ពិសេសៗរួមមាន៖ ការមិនគិតថ្លៃសេវាប្រចាំឆ្នាំរយៈពេល ៤ ឆ្នាំពេញ, អាចចូលសម្រាកនៅបន្ទប់រង់ចាំរង់ចាំពិសេស Primum Lounge នៅតាមអាកាសយានដ្ឋានអន្តរជាតិជុំវិញពិភពលោកព្រមទាំងមានការធានារ៉ាប់រងលើការធ្វើដំណើរ និងទទួលបានសាច់ប្រាក់ត្រឡប់មកវិញពេលកក់សេវាកម្មផ្សេងៗ។ រូបរាងកាតទៀតសោត គឺរចនាឡើងជាមួយសិល្បះនៃការច្នៃប្រឌិត ដោយមានការរំលេចពីអត្តសញ្ញា និងមរតកវប្បធម៌ខ្មែរដ៏ផូរផង់ ដែលធ្វើឱ្យកាតនេះក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃ។ ការប្រើប្រាស់ក៏ងាយស្រួល និងមានសុវត្ថិភាព ដោយម្ចាស់កាតអាចពិនិត្យមើលសមតុល្យ មើលសារជូនដំណឹង និងកំណត់មុខងារសុវត្ថិភាពតាមអេប Wing Bank ហើយរាល់ពេលចាយវាយម្តងៗ គឺទាមទារលេខកូដផ្ទៀងផ្ទាត់ជានិច្ចដើម្បីធានាសុវត្ថិភាពខ្ពស់បំផុត។

សមាជិកសមាគមសិល្បករខ្មែរ អាចអញ្ជើញមកស្នើសុំកាតនេះបាននៅអាគារធនាគារ វីង, សាខាជ្រោយចង្វារ, សាខាបឹងត្របែក, និងសាខាសែនសុខ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ៖ ០២៣ ៩៩៩ ៩៨៩៕