ក្រុមហ៊ុនមេ TikTok កំពុងសម្ងំអភិវឌ្ឍ AI យក្សទំហំ ១០ទ្រីលាន Parameter ដើម្បីប្រជែងជាមួយអាមេរិក

08-08-2026 08:31

(បរទេស)៖ សារព័ត៌មាន Financial Times (FT) បានរាយការណ៍ថា ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី TikTok កំពុងតែបណ្តុះបណ្តាលម៉ូដែល AI ដ៏ធំសម្បើមមួយដែលមាន Parameter (ប៉ារ៉ាម៉ែត្រ) រហូតដល់ ១០ ទ្រីលាន (10 Trillion)។ ទំហំដ៏មហិមានេះ គឺធំជាងម៉ូដែល AI Kimi K3 របស់ក្រុមហ៊ុនចិន Moonshot AI ដល់ទៅ ៣ ដង និងមានទំហំប្រហាក់ប្រហែលនឹងប្រព័ន្ធ AI ចុងក្រោយគេ Mythos 5 របស់ក្រុមហ៊ុនអាមេរិក Anthropic ដែលគេប៉ាន់ប្រមាណថាមានប្រហែល ៨ ទ្រីលាន Parameter។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦។

ប៉ារ៉ាម៉ែត្រ (Parameters) របស់ AI គឺជាចំណុចទិន្នន័យដែលម៉ូដែលប្រើប្រាស់សម្រាប់រៀនសូត្រ សម្គាល់លំនាំ និងបង្កើតចម្លើយ ហើយវាត្រូវបានគេប្រើជាទូទៅសម្រាប់វាស់វែងទំហំរបស់ AI។ ការវិវឌ្ឍថ្មីនេះ បានឆ្លុះបញ្ចាំងពីការប្រកួតប្រជែងយ៉ាងស្រួចស្រាវរវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន និងសហរដ្ឋអាមេរិក ក្នុងការបង្កើតប្រព័ន្ធ AI ដែលមានថាមពលកាន់តែខ្លាំង ដោយខិតខំរក្សាដើមទុនប្រតិបត្តិការមិនឱ្យថ្លៃហួសហេតុ។

យ៉ាងណាមិញ អ្នកវិភាគបានកត់សម្គាល់ថា ការប្រៀបធៀបដោយផ្ទាល់រវាង AI ចិន និងអាមេរិកនៅតែមានកម្រិត ដោយសារក្រុមហ៊ុនអាមេរិកធំៗដូចជា Anthropic និង OpenAI មិនដែលទម្លាយចំនួន Parameter ផ្លូវការនៃប្រព័ន្ធ AI ជំនាន់ក្រោយៗរបស់ខ្លួន (ដូចជា GPT-5.5 ឬ Mythos) នោះឡើយ។

បច្ចុប្បន្ន ម៉ូដែល AI គ្មានឈ្មោះផ្លូវការរបស់ ByteDance នេះ កំពុងស្ថិតក្នុងវគ្គបណ្តុះបណ្តាលបឋម (Pre-training) ដែលជាទូទៅត្រូវចំណាយពេលពី ៣ ទៅ ៦ ខែ មុនពេលឈានដល់វគ្គកែសម្រួលបន្ថែម (Fine-tuning) និងដាក់ឱ្យប្រកាសប្រើប្រាស់ផ្លូវការ។ គិតមកទល់ពេលនេះ ភាគីក្រុមហ៊ុន ByteDance មិនទាន់បានឆ្លើយតប ឬធ្វើការអត្ថាធិប្បាយជុំវិញរបាយការណ៍នេះនៅឡើយទេ៕