ពិតជាអស្ចារ្យសម្រាប់អ្នកសិល្បៈ! «សមាគមសិល្បករខ្មែរ» ប្រកាសថា «Mastercard» មានតម្លៃ ៥០ម៉ឺនដុល្លារ ក្នុងការធានារ៉ាប់រងរាល់​ការធ្វើដំណើរ និង​បំពេញ​ការងារ​នៅ​ជុំវិញពិភពលោក

08-08-2026 10:57

(ភ្នំពេញ)៖ ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងប្រកាសជាឱឡារិកថា កាតសមាគមសិល្បករខ្មែរ​ដែលជាប្រភេទ Mastercard បង្កើតឡើងមានលក្ខណៈ​ផ្តាច់មុខសម្រាប់​តែ​សមាគមសិល្បករខ្មែរ តាមរយៈកិច្ចសហការភាពជាដៃគូរវាង សមាគមសិល្បករខ្មែរ ធនាគារ Wing និង Mastercard ដើម្បីគាំទ្រជីវភាព ការងារ និងការធ្វើដំណើររបស់សិល្បករ ឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រកបដោយស្តង់ដារអន្តរជាតិ។ អ្វីដែល​ពិសេស​បំផុត​នោះ គឺការធានារ៉ាប់រងសម្រាប់​ការធ្វើដំណើរ និង​បំពេញ​ការងារ​នៅ​ជុំវិញពិភពលោកមានតម្លៃ​រហូតដល់ ៥០០,០០០ ដុល្លារអាមេរិក។

ការថ្លែងរបស់លោកជំទាវអ្នកឧកញ៉ា គឺបានធ្វើឡើងក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ Mastercard សម្រាប់សមាជិករបស់សមាគម ពោលគឺសិល្បករ-សិល្បការិនីទាំងអស់ ដែលជាកិច្ចសហការភាពជាដៃគូរវាង សមាគមសិល្បករខ្មែរ ធនាគារ Wing និង Mastercard នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ ដោយពិធីប្រកាសនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់អ្នកឧកញា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង, លោក ហ្សារ៉ាដ ជេន អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើននាក់។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានថ្លែងបន្តថា «កិច្ចសហការនេះគឺជាសក្ខីភាពដ៏សំខាន់មួយក្នុងការទទួលស្គាល់តម្លៃ ក៏ដូចជាការរួមចំណែកមិនអាចកាត់ថ្លៃបានរបស់សិល្បករកម្ពុជា។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែជាការលើកកម្ពស់មុខមាត់ ដល់សិល្បករខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ របៀបរស់នៅសម្បូរបែបដែលជួយសម្រួល ជីវិតរស់នៅប្រចាំថ្ងៃ រួមទាំងអាជីពការងារផងដែរ។ យើងមានក្តីសោមនស្សដែលបានសហការជាមួយធនាគារ វីង និងក្រុមហ៊ុនម៉ាស្ទ័រកាត ដើម្បីដាក់ចេញនូវកាតសមាជិកដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងតម្លៃពិតប្រាកដដល់សហគមន៍សិល្បៈរបស់យើង»

លោកជំទាវអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា Mastercard គឺជាកាតផ្តាច់មុខសម្រាប់តែ​សិល្បករ​ដែលបានចុះឈ្មោះ ជាសមាជិករបស់សមាគមសិល្បករខ្មែរតែប៉ុណ្ណោះ។ តាមរយៈកាត​នេះ សមាជិកសមាគមសិល្បករខ្មែរ ទាំង​អស់​នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

* កាតនេះ ត្រូវបានរចនាឡើងដោយ​រំលេចនូវអត្តសញ្ញាណវប្បធម៌​យ៉ាងប្រណីត មានរសនិយមបែប​ខ្មែរ។ ជាកាត​​គ្មានលេខ បំពាក់ដោយប្រព័ន្ធសុវត្ថិភាពខ្ពស់ ដោយប្រើលេខកូដ OTP សម្រាប់ការការពារប្រតិបត្តិការទូទាត់។ ការទូទាត់ដោយមិនចាំបាច់​ប៉ះកាត (Contactless Payment) ដែលមានភាពរហ័ស និងងាយស្រួល។
* កាតនេះ សិល្បករយើង​អាចប្រើប្រាស់បានទូទាំងពិភពលោក សម្រាប់ការដកសាច់ប្រាក់ ការទូទាត់តាមម៉ាស៊ីន POS និងការទិញទំនិញអនឡាញគ្រប់ទីកន្លែងដែលទទួល Mastercard។
* សិល្បកររបស់យើង​នឹង​ទទួលបាន​​សិទ្ធិចូលប្រើប្រាស់ បន្ទប់រង់ចាំអាកាសយានដ្ឋានតាមបណ្តាញ DragonPass រហូតដល់ ៤ ដង នៅអាកាសយានដ្ឋានអន្តរជាតិនានាជុំវិញពិភពលោក។
* អ្វីដែល​ពិសេស​បំផុត​នោះ គឺការធានារ៉ាប់រងសម្រាប់​ការធ្វើដំណើរ និង​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស​មានតម្លៃ​រហូតដល់ ៥០០,០០០ ដុល្លារអាមេរិក។

ប្រទេសនីមួយៗតែងតែមានអត្តសញ្ញាណរស់រវើកដោយសារវប្បធម៌ និងសិល្បករដែលខិតខំថែរក្សាមរតកទាំងនោះ។ សព្វថ្ងៃនេះ សិល្បករខ្មែរបន្តនាំយកស្នាដៃទៅសម្តែង និងបង្ហាញនៅក្រៅប្រទេសកាន់តែច្រើន ហើយការសម្រួលដល់បញ្ហាប្រចាំថ្ងៃដូចជា ការទូទាត់ប្រាក់កម្រៃ ការធ្វើដំណើរ និងការទំនាក់ទំនង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ មិនចាញ់ការបង្កើតស្នាដៃសិល្បៈឡើយ។ ក្នុងស្មារតីនេះ ធនាគារ វីង សមាគមសិល្បករខ្មែរ (KAA) និងក្រុមហ៊ុនម៉ាស្ទ័រកាត បានចាប់ដៃគូសហការគ្នាដាក់សម្ពោធឱ្យប្រើប្រាស់ កាតសមាគមសិល្បករខ្មែរ ដែលត្រូវបានបង្កើតឡើងជាពិសេសផ្តាច់មុខ សម្រាប់តែសមាជិកសមាគមប៉ុណ្ណោះ។ កាតនេះមានមុខងារចំនួន២ គឺប្រើប្រាស់ជាកាតទូទាត់ផង និងជាកាតសមាជិកផ្លូវការរបស់សមាគមផង ដែលអនុញ្ញាតឱ្យសិល្បករអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដកប្រាក់ និងចាត់ចែងហិរញ្ញវត្ថុរបស់ពួគគេ បាននៅទូទាំងពិភពលោកតាមអេប Wing Bank រួមជាមួយអត្ថប្រយោជន៍ពិសេសៗជាច្រើនសម្រាប់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃយ៉ាងសម្បូរបែប។

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានបញ្ជាក់ថា «ប្រទេសជាតិមួយរស់រវើកទៅបានដោយសារវប្បធម៌ ហើយវប្បធម៌អាចរស់រានបាន ក៏ដោយសារតែមានសិល្បករជាអ្នកបន្តថែរក្សា។ ក្នុងនាមជាធនាគារគ្រប់គ្រងដោយកូនខ្មែរ ១០០% ការគាំទ្រនេះមិនមែនជាការធ្វើទីផ្សារឡើយ តែជាស្មារតីទទួលខុសត្រូវរបស់យើងក្នុងនាមជាខ្មែរ។ យើងបង្កើតកាតនេះឡើង ដើម្បីសម្រាលបន្ទុកផ្សេងៗ ដើម្បីឱ្យសិល្បករយើងអាចផ្តោតអារម្មណ៍បានពេញលេញទៅលើការបង្កើតស្នាដៃសិល្បៈរបស់ពួកគេ»

គំនិតផ្តួចផ្តើមនៅពីក្រោយកាតនេះត្រូវ បានផ្តើមចេញពីទស្សនៈដ៏សាមញ្ញមួយរបស់ធនាគារ វីង ពោលគឺសេវាហិរញ្ញវត្ថុគួរតែធ្វើឱ្យជីវិតអ្នកសិល្បៈកាន់តែងាយស្រួល។ ជាមួយកាតនេះ សមាជិកសិល្បករខ្មែរអាចចាយវាយបានគ្រប់ប្រទេសនៅទូទាំងពិភពលោក ព្រមទាំងរៀបចំការធ្វើដំណើរ និងចាត់ចែងលុយកាក់បានយ៉ាងរលូន ដោយមិនទុកឱ្យបញ្ហាស្មុគស្មាញក្នុងការចាត់ចែងហិរញ្ញវត្ថុ មករារាំងការងារសិល្បៈរបស់ពួកគាត់ឡើយ។

លោក ហ្សារ៉ាដ ជេន អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ បានលើកឡើងថា «កិច្ចសហការជាមួយធនាគារ វីង និងសមាគមសិល្បករខ្មែរ គឺស្របតាមទស្សនវិស័យរបស់ ម៉ាស្ទ័រកាត ដែលតែងចាត់ទុកការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលជាកាតាលីករសម្រាប់បង្កើតឱកាសថ្មីៗ។ តាមរយៈការផ្តល់ជូនសិល្បករកម្ពុជានូវមធ្យោបាយទូទាត់ប្រាក់ ដែលមានសុវត្ថិភាព ភាពបត់បែន និងអាចចាយវាយបានទូទាំងពិភពលោក យើងសង្ឃឹមថានឹងអាចជួយលើកស្ទួយជីវភាព ព្រមទាំងជួយភ្ជាប់ពួកគាត់ទៅកាន់ឱកាសការងារកាន់តែទូលំទូលាយ ទាំងនៅក្នុងស្រុក និងលើឆាកអន្តរជាតិ»

ចំណែកឯអត្ថប្រយោជន៍ពិសេសៗរួមមាន ការមិនគិតថ្លៃសេវាប្រចាំឆ្នាំរយៈពេល ៤ ឆ្នាំពេញ, អាចចូលសម្រាកនៅបន្ទប់រង់ចាំរង់ចាំពិសេស Primum Lounge នៅតាមអាកាសយានដ្ឋានអន្តរជាតិ ជុំវិញពិភពលោកព្រមទាំងមានការធានារ៉ាប់រងលើការធ្វើដំណើរ និងទទួលបានសាច់ប្រាក់ត្រឡប់មកវិញពេលកក់សេវាកម្មផ្សេងៗ។ រូបរាងកាតទៀតសោត គឺរចនាឡើងជាមួយសិល្បះនៃការច្នៃប្រឌិត ដោយមានការរំលេចពីអត្តសញ្ញា និងមរតកវប្បធម៌ខ្មែរដ៏ផូរផង់ ដែលធ្វើឱ្យកាតនេះក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃ។ ការប្រើប្រាស់ក៏ងាយស្រួល និងមានសុវត្ថិភាព ដោយម្ចាស់កាតអាចពិនិត្យមើលសមតុល្យ មើលសារជូនដំណឹង និងកំណត់មុខងារសុវត្ថិភាពតាមអេប Wing Bank ហើយរាល់ពេលចាយវាយម្តងៗ គឺទាមទារលេខកូដផ្ទៀងផ្ទាត់ជានិច្ច ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុត៕