សាលាអាមេរិកាំងហ្គោលឌិនហ្គេត ប្រគល់បណ្ណសរសើរ ដល់សិស្សានុសិស្ស ថ្នាក់មត្ដេយ្យសិក្សា ប្រចាំសិក្សា ២០២៥-២០២៦ (Video inside)
09-08-2026 10:52
(ភ្នំពេញ)៖ សាលាអាមេរិកាំងហ្គោលឌិនហ្គេត នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់បណ្ណសរសើរ ដល់សិស្សានុសិស្ស ថ្នាក់មត្ដេយ្យសិក្សា ប្រចាំសិក្សា ២០២៥-២០២៦។
ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលាអាមេរិកាំងហ្គោលឌិនហ្គេត សាខាភ្នំពេញថ្មី ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំសាលាអាមេរិកាំងហ្គោលឌិនហ្គេត និងមាតាបិតាសិស្សជាច្រើនរូប។
ឧកញ៉ា ហេង តុលា អនុប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានថ្លែងថា ថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេសបំផុតមួយ! យើងទាំងអស់គ្នា បានមកជួបជុំគ្នានៅទីនេះ ដើម្បីធ្វើជាសាក្សីនៃជោគជ័យដំបូងគេបង្អស់ ក្នុងជីវិតសិក្សារបស់ប្អូនៗតូចៗរបស់យើង។
ជាមួយគ្នានេះ ឧកញ៉ា ហេង តុលា បានលើកឡើងថា កាលពីចាប់ផ្តើមចូលរៀនដំបូង ប្អូនៗខ្លះនៅអៀនប្រៀន ខ្លះយំចង់ទៅផ្ទះ ប៉ុន្តែមកទល់នឹងថ្ងៃនេះ ប្អូនៗបានផ្លាស់ប្តូរយ៉ាងខ្លាំង។
ឧកញ៉ា ហេង តុលា បន្ដថា ប្អូនៗបានរៀនពីរបៀបចែករំលែក រៀនធ្វើទំនាក់ទំនង រៀន គូររូប ច្រៀងរាំ និងទទួលបាននូវមូលដ្ឋានគ្រឹះអប់រំដ៏រឹងមាំមួយ។ ស្នាមញញឹម ភាព ក្លាហាន និងការលូតលាស់របស់ប្អូនៗនាថ្ងៃនេះ គឺជាមោទនភាពដ៏ធំធេងបំផុតសម្រាប់យើងទាំងអស់គ្នា។
បន្ថែមពីនោះទៀត ឧកញ៉ា ហេង តុលា បានឲ្យដឹងថា កិច្ចសហការ និងការគាំទ្រដោយក្តីស្រឡាញ់របស់មាតាបិតា និងអាណាព្យាបាលទាំងអស់ គឺជាគន្លឹះដ៏សំខាន់បំផុត ដែលធ្វើឱ្យប្អូនៗ ទទួលបានជោគជ័យនាថ្ងៃនេះ។
បើតាមឧកញ៉ា ហេង តុលា, សាលាអាមេរិកាំងហ្គោលឌិនហ្គេត ទទួលបានសិទ្ធជាផ្លូវការ ក្នុងការបង្រៀនកម្មវិធីសិក្សា IB DP កាលពីឆ្នាំ២០២៣ កម្មវិធីសិក្សា IB MYP កាលពីខែឧសភា ឆ្នាំ២០២៥ និងកម្មវិធីសិក្សា IB MYP កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ។
កាន់តែពិសេសជាងនេះទៅទៀត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ សាលាបានចុះអនុស្សារណៈយោគយល់ ជាមួយនឹងសកលវិទ្យាល័យ Western Sydney University។
ការចុះអនុស្សារណៈយោគយល់នេះ ដើម្បីផ្តល់ភាពងាយស្រួល ដល់សិស្សានុសិស្ស ដែលមានបំណងចង់ទៅបន្តការសិក្សា នៅប្រទេសអូស្ត្រាលី និងមានឱកាសទទួលបានអាហារូបករណ៍ រហូតដល់៥០% ពីសកលវិទ្យាល័យ Western Sydney University។
សូមជម្រាបថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ និងបានវិវត្តន៍ខ្លួនជាសាលាចំណេះទូទៅ នៅឆ្នាំ២០០៩។
សាលាមានកម្មវិធីសិក្សាថ្នាក់ចំណេះទូទៅភាសាខ្មែរ ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ ភាសាអង់គ្លេស ស្របតាមកម្មវិធីសិក្សា IB និង AP និងកម្មវិធីចំណេះទូទៅភាសាចិន៕

























