យល់ដឹងផ្នែកច្បាប់៖ បទទទួលផលបទល្មើស

09-08-2026 12:47

(ភ្នំពេញ)៖ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយ ដែលជះឥទ្ធិពលអវិជ្ជមានដល់សុខភាពសាធារណៈ សន្តិសុខសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ បទល្មើសគ្រឿងញៀនមិនត្រឹមតែបង្កផលប៉ះពាល់ដោយផ្ទាល់ដល់បុគ្គល និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កអសន្តិសុខសង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងធ្វើឱ្យប្រទេសជាតិរងផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។

ជាទូទៅ បទល្មើសគ្រឿងញៀនបានបង្កើតប្រាក់ចំណេញ និងទ្រព្យសម្បត្តិយ៉ាងច្រើនដល់ជនល្មើស។ ដើម្បីលាក់ប្រភពនៃទ្រព្យទាំងនោះ ជនល្មើសតែងបំប្លែង ឬផ្ទេរទ្រព្យដែលកើតចេញពីអំពើខុសច្បាប់ ឱ្យទៅជាទ្រព្យដែលហាក់ដូចជាស្របច្បាប់ ដោយមានការចូលរួមពីបុគ្គលផ្សេងទៀត តាមរយៈការទទួល លាក់បំបាំង រក្សាទុក ឬបញ្ជូនវត្ថុ ដោយដឹងថាវត្ថុនោះបានមកពីអំពើខុសច្បាប់។

ដូចនេះ ថាតើសកម្មភាពក្នុងការទទួល លាក់បំបាំង រក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយដោយដឹងថាវត្ថុនោះបានមកពីអំពើខុសច្បាប់នោះត្រូវទទួលទោសយ៉ាងដូចម្តេច? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «បទទទួលផលបទល្មើស» មកចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និងនិស្សិតដូចតទៅ៖

ដើម្បីឆ្លើយតបទៅនឹងការប្រព្រឹត្តបទល្មើសគ្រឿងញៀនរបស់ឧក្រិដ្ឋជន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ជាពិសេសការការពារសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសុវត្ថិភាពសង្គម រួមទាំងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលមានអាជា្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត ដូចមានកំណត់ក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ច្បាប់នេះមានគោលបំណងក្នុងការទប់ស្កាត់ បង្រ្កាប និងដាក់ទណ្ឌកម្មព្រហ្មទណ្ឌលើជនដែលប្រព្រឹត្តសកម្មភាពពាក់ព័ន្ធនឹងការដាំដោយខុសច្បាប់នូវរុក្ខជាតិញៀន ការផលិត ការរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាអាទិ៍ ហើយច្បាប់នេះក៏បង្ការ និងទប់ស្កាត់នូវសកម្មភាពលាក់បំបាំង ឬការរក្សាទុកវត្ថុដែលបានមកពីអំពើខុសច្បាប់របស់ជនល្មើសដោយជនដទៃទៀតផងដែរ ។ ដូចនេះ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បានកំណត់នូវអំពើមួយចំនួនជាអំពើទទួលផលបទល្មើស ដែលជាបទល្មើស និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៥៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលបានបញ្ញតិ្តថា៖

អំពើទទួលផលបទល្មើស គឺជាអំពើទទួល លាក់បំបាំង រក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយដោយដឹងថា វត្ថុនោះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិមនៃច្បាប់នេះ ។

ត្រូវចាត់ទុកជាអំពើទទួលផលបទល្មើសផងដែរ៖

១- អំពើធ្វើជាអន្តរការី ដើម្បីបញ្ជូនវត្ថុអ្វីមួយ ដោយដឹងថា របស់នោះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិមនៃច្បាប់នេះ ។
២- អំពើដែលបានទទួលផលពីផលនៃបទឧក្រិដ្ឋ ឬបទមជ្ឈិមនៃច្បាប់នេះដោយដឹងហេតុការណ៍ច្បាស់ ។
អំពើទទួលផលបទល្មើស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និង អាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។

អំពើទទួលផលបទល្មើស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ទៅ ១០ (ដប់) ឆ្នាំ និងត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០0 (ម្ភៃលាន) រៀល បើការប្រព្រឹត្តបទល្មើសស្ថិតក្នុងស្ថានភាពណាមួយដូចមានខាងក្រោមនេះ៖
១- បទល្មើសត្រូវបានប្រព្រឹត្តច្រើនដង។
២- ដោយប្រើប្រាស់ភាពងាយស្រួលដែលការប្រកបសកម្មភាពវិជ្ជាជីវៈផ្តល់ឱ្យ។

សរុបមក ក្រៅពីបទបញ្ញត្តិដែលមានចែងពាក់ព័ន្ធនឹងការដាំដោយខុសច្បាប់នូវរុក្ខជាតិញៀន ការផលិត ការរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាអាទិ៍ហើយនោះ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក៏បានកំណត់អំពីការទទួលខុសត្រូវចំពោះបុគ្គលដែលបានចូលរួមទទួល លាក់បំបាំង រក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយដោយដឹងថាវត្ថុនោះបានមកពីបទល្មើសគ្រឿងញៀនផងដែរ។ បទបញ្ញត្តិនេះបានឆ្លុះបញ្ចាំងអំពីគោលបំណងរបស់ស្ថាប័ននីតិប្រតិបត្តិក្នុងការកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងផលប្រយោជន៍ដែលកើតចេញពីបទល្មើសគ្រឿងញៀន ព្រមទាំងទប់ស្កាត់មិនឱ្យជនណាម្នាក់ចូលរួមទទួល លាក់បំបាំង រក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយដែលមានប្រភពពីអំពើខុសច្បាប់ឡើយ។ ដូចនេះប្រជាជនគ្រប់រូបត្រូវចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយត្រូវនិយាយថា «ទេ» ចំពោះគ្រឿងញៀន។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ឡាន ស៊ីនុត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm៕