ក្រុមហ៊ុនមូលបត្រ ភីភី លីង ប្រកាសពីកិច្ចសហប្រតិបត្តិការលើសេវាដាក់ និងដកប្រាក់ដោយស្វ័យប្រវត្តិ សម្រាប់ការជួញដូរឧបករណ៍និស្សន្ទកម្ពុជា
09-08-2026 13:28
(ភ្នំពេញ)៖ ក្រុមហ៊ុនមូលបត្រ ភីភី លីង (PP Link Securities Co., Ltd.) បានរៀបចំកម្មវិធីលៀងសាយភោជន៍ នក្រោមប្រធានបទ «អនាគតគ្មានដែនកំណត់ – Future Beyond Limits - The Elite Gala Dinner 2026» និងប្រកាសពីកិច្ចសហប្រតិបត្តិការលើសេវា ការដាក់ និងដកប្រាក់ដោយស្វ័យប្រវត្តិសម្រាប់ការជួញដូរឧបករណ៍និស្សន្ទកម្ពុជា ដើម្បីលើកកម្ពស់ និងជំរុញកំណើនការវិនិយោគនៅកម្ពុជា។
កម្មវិធីលៀងសាយរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាស្ថាប័នរដ្ឋ និយ័តករ ថ្នាក់ដឹកនាំធនាគារ ដៃគូអាជីវកម្ម អតិថិជន និងបុគ្គលិកទាំងអស់យ៉ាងច្រើនកុះករ ដើម្បីអបអរសាទរនូវសមិទ្ធផលនានា ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងចែករំលែកចក្ខុវិស័យសម្រាប់អនាគតនៃទីផ្សារឧបករណ៍ និស្សន្ទកម្ពុជា។
ចំណុចលេចធ្លោជាយុទ្ធសាស្ត្រនៅក្នុងព្រឹត្តិការណ៍នេះ គឺការប្រកាសដាក់ចេញនូវគំនិតផ្តួចផ្តើមនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រថ្មី រវាងក្រុមហ៊ុនសមភាគីកណ្តាល (Central Counterparty - CCP), ក្រុមហ៊ុនមូលបត្រ ភីភី លីង និងធនាគារដៃគូដែលជាធនាគារដែលមានប្រជាប្រិយភាព និងការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមមាន ធនាគារ អេប៊ីអេ(ABA Bank), ធនាគារ អេស៊ីលីដា (ACLEDA Bank) និងធនាគារ វីង (Wing Bank) ដើម្បីរៀបចំការដាក់ឱ្យប្រើប្រាស់នូវសេវា «ការដាក់ប្រាក់ និងដកប្រាក់ដោយស្វ័យប្រវត្តិសម្រាប់ការជួញដូរឧបករណ៍និស្សន្ទកម្ពុជា (Auto Deposit & Auto Withdrawal for Derivatives Trading in Cambodia)» នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងផ្តល់ជូនវិនិយោគិននូវសេវាផ្ទេរប្រាក់ដែលមានភាពរហ័ស សុវត្ថិភាព និងភាពងាយស្រួលជាងមុន ព្រមទាំងចូលរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងទីផ្សារឧបករណ៍ និស្សន្ទនៅកម្ពុជា។
ក្រុមហ៊ុនមូលបត្រ ភីភី លីង ក៏បានសម្តែងនូវការដឹងគុណយ៉ាងចំពោះ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.), ក្រុមហ៊ុនសមភាគីកណ្តាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចំពោះការគាំទ្រ ការសហការ ការជឿជាក់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការជ្រោមជ្រែងឱ្យមានគំនិតផ្តួចផ្តើមដ៏សំខាន់នេះឡើង។
សេចក្តីរីករាយនៃពិធីលៀងសាយភោជន៍ប្រចាំឆ្នាំនេះ មិនត្រឹមតែជាការជួបជុំអបអរសាទរនូវសមិទ្ធផលដែលបានសម្រេចកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង គោរពអរគុណដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិក ការផ្តល់ ទំនុកចិត្តរបស់អតិថិជន និងដៃគូអាជីវកម្ម ព្រមទាំងរឹតចំណងទំនាក់ទំនងឱ្យកាន់តែរឹងមាំបន្ថែមទៀត ពីព្រោះវាជាកម្លាំងចលករក្នុងការរុញច្រានការអភិវឌ្ឍប្រកបដោយចីរភាពរបស់យើងទាំងអស់គ្នា។
ក្រោមប្រធានបទ «អនាគតគ្មានដែនកំណត់ (Future Beyond Limits)» កម្មវិធីទាំងមូលបានរំលេចឡើងនូវភាពធន់ ការបង្កើតថ្មី និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ក្រោមមូលដ្ឋាននៃទំនុកចិត្ត ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព។
ព្រឹត្តិការណ៍នេះ អាចសម្រេចទៅបានដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ដៃគូក្នុងស្រុក រួមមាន៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង, សណ្ឋាគារ Kira Hotel, ឡុកហ្វុក គ្រឿងអលង្ការ(LukFook Jewellery), ក្រុមហ៊ុន Urban Rental Management, សណ្ឋាគារ Plantation, សមាគមពាណិជ្ជកម្ម កម្ពុជា-ចិន (Cambodia Camchin Commerce Association) និងថ្នាក់បណ្តុះបណ្តាលជំរុញទឹកចិត្ត និងប្រសិទ្ធភាព (ME Training/Act Now)។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានស្វាគមយ៉ាងកក់ក្តៅចំពោះដៃគូអន្តរជាតិ រួមមាន ក្រុមហ៊ុន First Asia Merchants Bullion Limited (First Gold), ក្រុមហ៊ុន First Gold Jewellery និងមូលនិធិសប្បុរសធម៌ First Gold Charity Fund។
ការចូលរួមរបស់បណ្តាក្រុមហ៊ុនក្នុង និងក្រៅស្រុកទាំងនេះបានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ អមដោយការប្តេជ្ញាចិត្តរួមគ្នាដើម្បីសម្រេចបាននូវការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាសម្រាប់រយៈពេលវែង។
គណៈគ្រប់គ្រងនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការនាំមកនូវការបង្កើតថ្មី កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពយូរអង្វែង ដូចដែលបានគូសបង្ហាញក្រោមប្រធានបទ «អនាគតគ្មានដែនកំណត់» ។ ប្រធានបទនេះជាចក្ខុវិស័យរួមគ្នាក្នុងការពង្រឹងទីផ្សារឧបករណ៍និស្សន្ទកម្ពុជាឱ្យកាន់តែរឹងមាំ ដោយផ្តល់នូវទំនុកចិត្ត ប្រកបដោយវិជ្ជាជីវៈខ្ពស់។
គណៈគ្រប់គ្រងបានបន្ថែមទៀតថា គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដែលទើបតែប្រកាសរវាងក្រុមហ៊ុនសមភាគីកណ្តាល, ក្រុមហ៊ុនមូលបត្រ ភីភី លីង និងធនាគារដៃគូធំៗនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការលើកកម្ពស់សេវាកម្ម និងគាំពារជូនវិនិយោគិន តាមរយៈសុវត្ថិភាព និងភាពរហ័សនៃប្រព័ន្ធដាក់ប្រាក់ និងដកប្រាក់ដោយស្វ័យប្រវត្តិសម្រាប់ការជួញដូរឧបករណ៍និស្សន្ទកម្ពុជានាពេលអនាគត៕

























