ប្រជាជនអាមេរិក ៣ ក្នុងចំណោម ៥នាក់ គាំទ្រឱ្យមានការរឹតបន្តឹងការគ្រប់គ្រងលើក្រុមហ៊ុនបណ្តាញសង្គម
10-08-2026 09:24
(បរទេស)៖ លទ្ធផលនៃការស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយ Reuters/Ipsos បានបង្ហាញឱ្យឃើញថា ប្រជាជនអាមេរិកភាគច្រើនលើសលប់ គាំទ្រឱ្យរដ្ឋាភិបាលអាមេរិកបង្កើតច្បាប់ និងបង្កើនវិធានការរឹតបន្តឹងការត្រួតពិនិត្យកាន់តែម៉ត់ចត់លើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនបណ្តាញសង្គម ក្នុងគោលបំណងពង្រឹងការការពារសុវត្ថិភាពសម្រាប់កុមារ និងយុវជនលើប្រព័ន្ធអ៊ីនធឺណិត។
តាមរយៈការស្ទង់មតិលើប្រជាជនអាមេរិកពេញវ័យជាង ៤ ពាន់នាក់ បានឱ្យដឹងថា ប្រជាពលរដ្ឋរហូតដល់ ៦១ភាគរយ បានសម្តែងការគាំទ្រចំពោះការបង្កើតច្បាប់ត្រួតពិនិត្យបន្ថែមលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនោះ ខណៈដែលការគាំទ្រនេះមានលក្ខណៈទូលំទូលាយឆ្លងដែនគណបក្សនយោបាយ ពោលគឺមានការគាំទ្រភាគច្រើនទាំងពីខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។
ទន្ទឹមគ្នានេះ ប្រជាជនភាគច្រើនក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការតម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់អាយុ ដើម្បីរារាំងកុមារដែលមានអាយុក្រោម ១៦ឆ្នាំ មិនឱ្យចូលប្រើប្រាស់ Platform ទាំងនោះ ដោយសារតែពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញផលប៉ះពាល់នៃការញៀនបណ្តាញសង្គម និងការប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្តរបស់កុមារក្នុងសង្គមបច្ចុប្បន្ន។
ការប្រកាសលទ្ធផលនៃការស្ទង់មតិនេះ បានធ្វើឡើងចំពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗ រួមមាន Meta Platforms និង Google កំពុងប្រឈមមុខនឹងសម្ពាធផ្លូវច្បាប់ និងពាក្យបណ្តឹងជាច្រើនករណីពីសំណាក់អាជ្ញាធររដ្ឋ។ ជាក់ស្តែង តុលាការរដ្ឋ New Mexico កាលពីពេលថ្មីៗនេះ ទើបតែបានប្រកាសសាលក្រមបង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ចំនួន ៥៦៧លានដុល្លារ ចូលទៅក្នុងមូលនិធិសុខភាពផ្លូវចិត្តរបស់កុមារ និងតម្រូវឱ្យធ្វើការកែប្រែប្រព័ន្ធដំណើរការលើកម្មវិធីរបស់ខ្លួនដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់វ័យក្មេង។
ទោះជាយ៉ាងណាក៏ដោយ តំណាងសមាគមពាណិជ្ជកម្មបច្ចេកវិទ្យា NetChoice នៅតែបន្តដាក់ពាក្យបណ្តឹងតវ៉ាប្រឆាំងនឹងច្បាប់តម្រូវឱ្យផ្ទៀងផ្ទាត់អាយុ ដោយបានអះអាងថាវិធានការនេះអាចជាការរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់អ្នកប្រើប្រាស់។







