ស្ងាត់ៗ! FIFA រកឃើញ ១៨ក្រុម ដើម្បីឡើងទៅលេង World Cup 2027 នៅប្រទេសប្រេស៊ីល

10-08-2026 10:18

(បរទេស)៖ គិតត្រឹមថ្ងៃចន្ទ ទី១០ ខែសីហានេះ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានរកឃើញចំនួន ១៨ប្រទេស (ក្រុម) ហើយក្នុងចំណោម ៣២ក្រុមសរុប ដើម្បីឡើងទៅប្រជែងជើងឯកបាល់ទាត់ពិភពលោក ផ្នែកស្រ្តី Women’s World Cup 2027 ដែលមានប្រេស៊ីលធ្វើម្ចាស់ផ្ទះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ៤ក្រុមដែលឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ស្រ្តីប្រចាំតំបន់អាហ្រ្វិក Women’s Africa Cup of Nations 2026 (Wafcon) ដែលមានម៉ារ៉ុកធ្វើម្ចាស់ផ្ទះនោះ ទទួលបានកៅអីស្វ័យប្រវត្តិនៅ World Cup ឆ្នាំក្រោយរួមមាន អាល់ហ្សេរី ម៉ារ៉ុក កាមេរូន និងម៉ាឡាវី។

នេះក៏ជាលើកទី២ ផងដែរសម្រាប់ម៉ារ៉ុក ដែលបានឡើងទៅលេង Word Cup ស្រ្តីនៅជុំចុងក្រោយ ក្រោយពួកគេបានចាញ់មាន់គកបារាំងក្នុងវគ្គ ១៦ក្រុមកាល World Cup 2023 ដែលមានស្រ្តីអេស្ប៉ាញ ដណ្តើមបានជើងឯក។

ជាការកត់សម្គាល់ផងដែរ ម៉ាឡាវី (Malawi) ដែលឈរនៅចំណាត់លេខ១៥៣ នៃតារាងពិភពលោក FIFA World Ranking ស្ថិតនៅក្រោមស្រ្តីកម្ពុជា បានវាយបកឈ្នះហ្គាណា ២-១ ដ៏គួរឱ្យភ្ញាក់ផ្អើល និងទទួលកៅអី១ ដើម្បីឡើងទៅលេង Word Cup នាឆ្នាំក្រោយដែរ។

ខាងក្រោមនេះ ជាបណ្តាក្រុម (ប្រទេស) ដែលធានាកៅអីរួចស្រេច ដើម្បីលេង Women’s World Cup 2027 រួមមាន៖

. អាហ្រ្វិក៖ អាល់ហ្សេរី កាមេរូន ម៉ារ៉ុក និងម៉ាឡាវី។

. អាស៊ី៖ អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងជើង កូរ៉េខាងត្បូង និងហ្វីលីពីន។

. អឺរ៉ុប៖ ដាណឺម៉ាក បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ (ការពារជើងឯក)។

. អូសេអានី៖ ណូវែលហ្សេឡង់។

. អាហ្សង់ទីន កូឡុំប៊ី និងប្រេស៊ីល (ម្ចាស់ផ្ទះ)៕