ណាហ្គាវើលដ៍ រៀបចំពិធីប្រគល់រង្វាន់ ដល់ជ័យលាភីនៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង
10-08-2026 11:46
(ភ្នំពេញ)៖ សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ មកពីអនុវិទ្យាល័យ និងវិទ្យាល័យចំនួន៧៩ ទូទាំងរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់ ចំពោះសមិទ្ធផលបរិស្ថានរបស់ពួកគេ នៅក្នុងពិធីប្រគល់រង្វាន់នៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង។
ពិធីនេះ ត្រូវបានរៀបចំឡើងនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ ដែលប្រារព្ធឡើងដើម្បីអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ក្នុងការរក្សាសាលារៀនរបស់ពួកគេឱ្យមានអនាម័យស្អាត កាត់បន្ថយសំណល់ និងបង្កើតបរិស្ថានសិក្សាកាន់តែបៃតង។
ពិធីនេះ មានការចូលរួមពីអ្នកចូលរួមប្រមាណ៩៦០នាក់ ក្រោមអធិបតីភាពរបស់លោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។
អញ្ជើញចូលរួមក្នុងពិធីនេះផងដែរ គឺលោក Mizuno Hokuto នាយកក្រុមហ៊ុនហ្គោមី រីសាយខល និងតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងខេត្តកំពង់ចាម ព្រមទាំងប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ។
ទឹកប្រាក់រង្វាន់ និងរង្វាន់ជាសម្ភារសរុបជាង ១២,០០០ដុល្លារអាម៉េរិក ឬជាង៤៨,០០០,០០០លានរៀល ត្រូវបានប្រគល់ជូនសម្រាប់ប្រភេទរង្វាន់ចំនួន១០ ដែលទទួលស្គាល់ស្នាដៃឆ្នើម ក្នុងការថែរក្សាអនាម័យសាលារៀន ភាពជាអ្នកដឹកនាំផ្នែកបរិស្ថាន គំនិតផ្តួចផ្តើមក្នុងការកែច្នៃសំណល់ឡើងវិញ និងការអនុវត្តប្រកបដោយចីរភាព។
តំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃុន រចនា បានថ្លែងថា ក្រសួងសូមវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងយូរអង្វែងរបស់ណាហ្គាវើលដ៍ក្នុងការគាំទ្រដល់វិស័យអប់រំ និងការអភិវឌ្ឍសហគមន៍ក្នុងប្រទេសកម្ពុជា។
តាមរយៈគំនិតផ្តួចផ្តើមនានាដូចជា កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង ណាហ្គាវើលដ៍ បានបន្តចូលរួមចំណែកដ៏មានអត្ថន័យក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការអនុវត្តប្រកបដោយចីរភាពដល់សិស្សានុសិស្ស សាលារៀន និងសហគមន៍។
លោកស្រីបានបន្ថែមថា ក្រសួងសង្ឃឹមថា ណាហ្គាវើលដ៍ នឹងបន្តពង្រីក «កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង» ឱ្យបានកាន់តែទូលំទូលាយ ទៅកាន់សាលារៀនផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជារួមទាំងសាលាបឋមសិក្សាផងដែរ ដើម្បីបំផុសគំនិត និងបណ្តុះស្មារតីសិស្សប្រកបដោយការទទួលខុសត្រូវលើផ្នែកបរិស្ថានចាប់ពីវ័យក្មេង។
លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា រង្វាន់ទាំងនេះ ត្រូវបានប្រគល់ជូនដើម្បីទទួលស្គាល់ ដល់ការខិតខំប្រឹងប្រែង និងការងារជាក្រុមរបស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅក្នុងដំណើរការនៃការអនុវត្តកម្មវិធីនេះ។
លោកបានបន្ថែមថា «ការកសាងប្រទេសកម្ពុជា ឱ្យកាន់តែស្អាត និងបៃតង គឺជាដំណើរដ៏វែងឆ្ងាយមួយដែលជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា។ ការប្តេជ្ញាចិត្តដែលស្តែង ចេញពីសាលារៀនដែលបានចូលរួមទាំងនេះ បង្ហាញយ៉ាងច្បាស់ថា ការផ្លាស់ប្តូរផ្នែកបរិស្ថានប្រកបដោយចីរភាព និងរឹងមាំ គឺចាប់ផ្តើមចេញពីសកម្មភាពប្រចាំថ្ងៃ»។
បន្ទាប់ពីការចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២៤ ជាមួយនឹងសាលារៀនចំនួន ៦៧ ក្នុងរាជធានីភ្នំពេញ «កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង» បានបន្តដំណើរការដំណាក់កាលទី២ របស់ខ្លួនចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ដោយបានស្វាគមន៍សាលារៀនបន្ថែមចំនួន១២ទៀត មកពីស្រុកកងមាស ខេត្តកំពង់ចាម។
កម្មវិធីនេះ បានលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងដល់សាលារៀនឱ្យធ្វើសកម្មភាពតាមរយៈយុទ្ធនាការសម្អាតអនាម័យ គំនិតផ្តួចផ្តើមប្រមូលសំណល់ប្លាស្ទិក និងគម្រោងបរិស្ថានផ្សេងៗ។
គិតមកទល់ពេលនេះ កម្មវិធីបានរៀបចំសិក្ខាសាលាអប់រំពាក់ព័ន្ធនឹងបរិស្ថានចំនួន ៤០ លើក ខណៈដែលការចុះត្រួតពិនិត្យវាយតម្លៃប្រចាំខែ របស់បុគ្គលិកស្ម័គ្រចិត្ត ណាហ្គាវើលដ៍បេះដូងសប្បុរស បានចូលរួមគាំទ្រដល់សាលារៀនក្នុងការពង្រឹងគំនិតផ្តួចផ្តើមផ្នែកបរិស្ថានរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព។
ឆ្នាំនេះ ភាគរយនៃសាលារៀន ដែលបានសម្រេចតាមស្តង់ដារអនាម័យនៃកម្មវិធី បានកើនឡើងពី ៥៥% ក្នុងឆ្នាំ២០២៥ រហូតដល់ ៩៦% ក្នុងឆ្នាំ២០២៦ ខណៈដែលបរិមាណ សំណល់ប្លាស្ទិក ដែលប្រមូលបានសម្រាប់ការកែច្នៃឡើងវិញ ដោយក្រុមហ៊ុនហ្គោមី រីសាយខល បានកើនឡើងពី ៣.៥តោន ដល់៥តោន។
សាលារៀនដែលបានចូលរួម ក៏បានបង្កើតគម្រោងផ្សេងៗផងដែរដូចជា សួនបន្លែ ការដាំបន្លែលើទឹក (មិនប្រើដី) គម្រោងធ្វើជីកំប៉ុស និងការច្នៃសំណល់ប្លាស្ទិកឡើងវិញ។
លោក Mizuno Hokuto បានឱ្យដឹងថា កិច្ចសហការនេះ បង្ហាញយ៉ាងច្បាស់ពីតួនាទីយ៉ាងសំខាន់ នៃវិស័យអប់រំក្នុងការបង្កើតឱ្យមានការផ្លាស់ប្តូរផ្នែកបរិស្ថានប្រកបដោយចីរភាព និងយូរអង្វែង។ ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំងក្នុងការចូលរួមគាំទ្រកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងបានឃើញយ៉ាងច្បាស់ថា ការអប់រំ និងសកម្មភាពអនុវត្តជាក់ស្តែង អាចលើកទឹកចិត្តឱ្យសិស្សានុសិស្សគិតគូរឡើងវិញលើបញ្ហាសំណល់ កែប្រែទម្លាប់នៃការកែច្នៃឡើងវិញឱ្យកាន់តែប្រសើរ និងយល់ដឹងពីតម្លៃនៃការយកសម្ភារប្រើប្រាស់រួចទៅបង្កើតជាប្រយោជន៍សាជាថ្មី។
លោកបន្ដថា យើងសង្ឃឹមថា បទពិសោធន៍ទាំងនេះនឹងក្លាយជាប្រភពកម្លាំងចិត្តដល់សិស្សគ្រប់រូបឱ្យក្លាយជាអ្នកអភិរក្សគំរូសម្រាប់ភពផែនដី និងរួមចំណែកកសាងអនាគតកាន់តែស្អាត និងបៃតង។
ចំណែកលោកស្រី គួ រតនៈ នាយិការងនៃវិទ្យាល័យជាស៊ីមចំរើនរដ្ឋ បានឱ្យដឹងថា សាលាពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលបានក្លាយជាជើងឯកនៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង។
កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង បានបំផុសគំនិតដល់សហគមន៍សាលារៀនទាំងមូល របស់យើងឱ្យធ្វើការរួមគ្នាដើម្បីបង្កើតបរិស្ថានសិក្សាឱ្យកាន់តែស្អាត និងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានឱ្យកាន់តែប្រសើរ។
យើងពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលរង្វាន់ជ័យលាភីជាជើងឯក និងរីករាយដែលបានក្លាយជាផ្នែកមួយនៃកម្មវិធីនេះជាពិសេសនៅពេលដែលបានឃើញថា សាលារៀនដែលបានចូលរួមទាំងអស់ សុទ្ធតែបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងគំនិតផ្តួចផ្តើមផ្នែកបរិស្ថានយ៉ាងលេចធ្លោនៅក្នុងឆ្នាំនេះ។
សាលារៀន និងតំណាងសាលារៀនដូចខាងក្រោម ត្រូវបានទទួលស្គាល់ចំពោះស្នាដៃឆ្នើមរបស់ពួកគេ នៅក្នុងកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង ឆ្នាំ២០២៥-២០២៦ ៖
ពានរង្វាន់សាលារៀនស្អាត
* ជើងឯក ៖ វិទ្យាល័យជាស៊ីមចំរើនរដ្ឋ (ខណ្ឌឫស្សីកែវ)
* ចំណាត់ថ្នាក់លេខ២ ៖ អនុវិទ្យាល័យត្រពាំងសាលា (ខណ្ឌដង្កោ)
* ចំណាត់ថ្នាក់លេខ៣ ៖ អនុវិទ្យាល័យអន្លង់អក (ស្រុកកងមាស ខេត្តកំពង់ចាម)
ពានរង្វាន់សាលារៀនបៃតងសកម្ម
* វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វារ)
* អនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)
ពានរង្វាន់សាលារៀនដឹកនាំសកម្មផ្នែកកែច្នៃសំណល់
* វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វារ)
* វិទ្យាល័យជាស៊ីមចំរើនរដ្ឋ (ខណ្ឌជ្រោយចង្វារ)
* អនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)
* វិទ្យាល័យសម្ដេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅ (ខណ្ឌច្បារអំពៅ)
* អនុវិទ្យាល័យត្រពាំងសាលា (ខណ្ឌដង្កោ)
ពានរង្វាន់សាលារៀនបៃតងគំរូ
* វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វារ)
* អនុវិទ្យាល័យបាក់ខែង (ខណ្ឌជ្រោយចង្វារ)
ពានរង្វាន់សាលារៀនដែលផលិតវីដេអូបរិស្ថានច្រើនបំផុត
* វិទ្យាល័យសម្ដេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅ (ខណ្ឌច្បារអំពៅ)
ពានរង្វាន់សាលារៀនដែលផលិតវីដេអូបរិស្ថានមានប្រជាប្រិយភាពបំផុត
* វិទ្យាល័យជាស៊ីមចំរើនរដ្ឋ (ខណ្ឌឫស្សីកែវ)
ពានរង្វាន់សាលារៀនដែលខិតខំអភិវឌ្ឍខ្លួនក្លាយជាសាលារៀនស្អាត
* វិទ្យាល័យចំរើនផល (ខណ្ឌមានជ័យ)
* វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ (ខណ្ឌចំការមន)
ពានរង្វាន់ក្រុមអ្នកអភិរក្សបរិស្ថានគំរូវ័យក្មេងឆ្នើមច្រើនបំផុត
* អនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)
ពានរង្វាន់គ្រូដឹកនាំការងារបរិស្ថានឆ្នើម
* លោក ខុន សុខា នាយកវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វារ)
* លោក ឃុន ពិសិដ្ឋ គ្រូទទួលបន្ទុកផ្នែកបរិស្ថានប្រចាំអនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)
* លោកស្រី គួ រតនៈ គ្រូទទួលបន្ទុកផ្នែកបរិស្ថានប្រចាំវិទ្យាល័យជាស៊ីមចំរើនរដ្ឋ (ខណ្ឌឫស្សីកែវ)
* លោក មុំ ស៊ីណែត គ្រូទទួលបន្ទុកផ្នែកបរិស្ថានប្រចាំវិទ្យាល័យសម្តេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅ (ខណ្ឌច្បារអំពៅ)
* លោក យ៉ុង ថារិន គ្រូទទួលបន្ទុកផ្នែកបរិស្ថានប្រចាំអនុវិទ្យាល័យត្រពាំងសាលា (ខណ្ឌដង្កោ)
ពានរង្វាន់អ្នកអភិរក្សបរិស្ថានគំរូវ័យក្មេងឆ្នើម
* វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វារ)
* វិទ្យាល័យជាស៊ីមចំរើនរដ្ឋ (ខណ្ឌជ្រោយចង្វារ)
* អនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)
* វិទ្យាល័យសម្តេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅ (ខណ្ឌច្បារអំពៅ)
* អនុវិទ្យាល័យត្រពាំងសាលា (ខណ្ឌដង្កោ)៕







