Apple កំពុងរៀបចំផែនការអភិវឌ្ឍ «អេក្រង់ធំជាងមុន» សម្រាប់ត្រកូល iPhone Ultra បត់បានជំនាន់ទី៣

10-08-2026 13:55

(កាលីហ្វ័រញ៉ា)៖ ទោះបីជាស្មាតហ្វូនអេក្រង់បត់ដំបូងបង្អស់របស់ក្រុមហ៊ុន Apple គឺ iPhone Ultra មិនទាន់ត្រូវ បានប្រកាសចេញជាផ្លូវការនៅលើទីផ្សារយ៉ាងណាក៏ដោយ (ដែលត្រូវបានរំពឹងថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ) ប៉ុន្តែរបាយការណ៍បែកធ្លាយពីសង្វាក់ផ្គត់ផ្គង់ និងអ្នកវិភាគជាន់ខ្ពស់បានឱ្យដឹងថា Apple ធ្លាប់បាន និងកំពុងរៀបចំផែនការអភិវឌ្ឍន៍ជំនាន់បន្តបន្ទាប់ជាស្រេច។

យោងតាមសារព័ត៌មានបច្ចេកវិទ្យា PhoneArena និងព្រឹត្តិបត្រព័ត៌មាន Power On របស់លោក Mark Gurman នៃភ្នាក់ងារសារព័ត៌មាន Bloomberg ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា Apple មានគម្រោងនឹងកែប្រែទំហំអេក្រង់ឱ្យធំជាងមុននៅលើម៉ូដែល iPhone Ultra 3 ដែលគ្រោងនឹងចេញផ្សាយនៅឆ្នាំ២០២៨។

ផ្អែកតាមព័ត៌មានបែកធ្លាយ ម៉ូដែល iPhone Ultra ជំនាន់ដំបូង (ឆ្នាំ២០២៦) នឹងមានទំហំអេក្រង់ខាងក្រៅ ៥.៥ អ៊ីញ និងអេក្រង់បត់ខាងក្នុង ៧.៨ អ៊ីញ។ ទោះបីជាទំហំនេះផ្តល់នូវភាពងាយស្រួលក្នុងការកាន់ ក៏ដោយ ប៉ុន្តែវាត្រូវគេមើលឃើញថានៅមានទំហំតូចជាងគូប្រជែងមួយចំនួន។ ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់អ្នកប្រើប្រាស់ Apple បានរៀបចំផែនការបន្ថែមទំហំអេក្រង់ទាំងខាងក្រៅ និងខាងក្នុងឱ្យកាន់តែធំទូលាយនៅលើ iPhone Ultra 3 (ខណៈដែល iPhone Ultra ជំនាន់ទី២ ឆ្នាំ២០២៧ នឹងទទួលបានត្រឹមតែការអាប់ដេត Hardware បន្តិចបន្តួចប៉ុណ្ណោះ)៕