ធនាគារ វីង ឈ្នះពានរង្វាន់ឆ្នើមចំនួន៣ ក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦
10-08-2026 20:58
(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់ឆ្នើមចំនួន៣ ពីនិយ័តករបរធនបាលកិច្ច ក្នុងការរួមចំណែកដ៏សំខាន់ក្នុងវិស័យបរធនបាលកិច្ច ដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានរៀបចំឡើងក្នុង «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការទទួលបានពានរង្វាន់នេះ គឺជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ធនាគារវីង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តខ្ពស់ ការពារផលប្រយោជន៍អតិថិជន ពង្រឹងទំនុកចិត្តលើប្រតិបត្តិការអាជីវកម្ម ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជាឱ្យកាន់តែរឹងមាំ។
តាមរយៈពានរង្វាន់នេះ ធនាគារ វីង ត្រូវបានផ្តល់កិត្តិយសជា «ប្រតិបត្តិករផ្តល់សេវាបរធនបាលកិច្ចឆ្នើម» លើប្រភេទសេវាសំខាន់ៗចំនួន៣ រួមមាន៖ សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ទិញ-លក់ភាគហ៊ុន, សេវារក្សាសុវត្ថិភាព សម្រាប់ ប្រអប់រក្សាទុកឯកសា/វត្ថុមានតម្លៃ, និងប្រតិបត្តិការបរធនបាលកិច្ចសាធារណៈ និងសង្គម សម្រាប់ឆ្នាំ២២០៥។ ពានរង្វាន់ទាំងនេះគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ វីង ក្នុងការផ្តល់សេវាបរធនបាលកិច្ចដែលផ្តល់សុវត្ថិភាព តម្លាភាព និងទំនុកចិត្ត ស្របតាមស្តង់ដាអន្តរជាតិ ព្រមទាំងប្រកាន់ខ្ជាប់ជានិច្ចនូវអភិបាលកិច្ចល្អ និងការការពារអតិថិជនជាចម្បង។
លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានលើកឡើងថា៖ «ការកសាងទំនុកចិត្ត គឺកើតចេញពីការប្រឹងប្រែងការពារផលប្រយោជន៍អតិថិជនរបស់យើងជាប់ជាប្រចាំ និងការផ្តល់សេវាកម្មដែលពួកគាត់ពិតជាអាចទុកចិត្តបាន»។
លោកបានបន្ថែមថា៖ «ការផ្តល់កិត្តិយសរយៈពេល ២ឆ្នាំជាប់ៗគ្នានេះ គឺជាការជំរុញទឹកចិត្តបន្ថែមទៀតសម្រាប់យើង ក្នុងការបន្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏មានសុវត្ថិភាពបំផុត ដែលជួយឱ្យអតិថិជនអាចចាត់ចែងប្រតិបត្តិការសំខាន់ៗដោយទំនុកចិត្ត ព្រមទាំងបន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជាឱ្យកាន់តែរីកចម្រើន»។
ចាប់តាំងពីទទួលបានអាជ្ញាបណ្ណប្រតិបត្តិការបរធនបាលកិច្ចក្នុងឆ្នាំ ២០២៣ មកធនាគារ វីង បានពង្រីកសេវាកម្មរបស់ខ្លួនយ៉ាងទូលំទូលាយ ដើម្បីគាំទ្រដល់អតិថិជនទូទៅ អាជីវកម្ម និងស្ថាប័ននានា ទាំងលើការរៀបចំបរធនបាលកិច្ចសាធារណៈ ពាណិជ្ជកម្ម និងសង្គម។ ក្នុងនាមជាប្រតិបត្តិករឯករាជ្យ ធនាគារ វីង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាមូលនិធិឱ្យមានសុវត្ថិភាព រហូតដល់លក្ខខណ្ឌព្រមព្រៀងត្រូវបានបំពេញ ដែលចំណុចនេះជួយកាត់បន្ថយហានិភ័យ និងធានាបាននូវផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនថាក្នុងប្រតិបត្តិការអចលនទ្រព្យ ទិញលក់ភាគហ៊ុន ឬកិច្ចព្រមព្រៀងដែលមានតម្លៃខ្ពស់ផ្សេងៗទៀតឡើយ។
លើសពីនេះ ធនាគារ វីង ក៏មានផ្តល់ជូននូវសេវាប្រអប់បញ្ញើសុវត្ថិភាព ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់ការរក្សាទុកវត្ថុមានតម្លៃ ឯកសារច្បាប់ និងឯកសារអាជីវកម្មសំខាន់ៗ ប្រកបដោយការសម្ងាត់ និងសុវត្ថិភាពខ្ពស់បំផុត។ អតិថិជនអាចជ្រើសរើសទំហំប្រអប់តាមតម្រូវការ ព្រមទាំងមានការផ្តល់ជូនកញ្ចប់ធានារ៉ាប់រងរហូតដល់ ៥.០០០ ដុល្លារអាមេរិក ក្នុងករណីមានការខូចខាត ឬបាត់បង់ណាមួយដែលផ្តល់នូវភាពកក់ក្តៅ និងភាពស្ងប់ចិត្តបន្ថែមទៀតសម្រាប់ម្ចាស់អាជីវកម្ម និងអតិថិជនគ្រប់រូប។
ធនាគារ វីង នៅតែបន្តប្តេជ្ញាចិត្តលើកកម្ពស់ស្តង់ដាសេវាបរធនបាលកិច្ច តាមរយៈដំណោះស្រាយដែលមានសុវត្ថិភាព តម្លាភាព និងស្របតាមស្តង់ដាអន្តរជាតិ ដើម្បីធានាសុវត្ថិភាព និងពង្រឹងទំនុកចិត្តលើរាល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវារក្សាសុវត្ថិភាព ឬសេវាប្រអប់សុវត្ថិភាព លោកអ្នកអាចអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតបំផុត ឬទំនាក់ទំនងមកលេខទូរសព្ទ ០២៣ ៩៩៩ ៩៨៩៕



