Nvidia ចុះកិច្ចព្រមព្រៀង ៥០០ ពាន់លានដុល្លារ ជាមួយយក្សហិរញ្ញវត្ថុ Wall Street ដើម្បីកសាង «រោងចក្រ AI»
11-08-2026 09:37
(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដ៏ធំបំផុតនៅលើពិភពលោក Nvidia បានប្រកាសចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម និងធនាគារវិនិយោគខ្នាតយក្សចំនួន ៦ នៅ Wall Street ក្នុងគោលបំណងកៀរគរដើមទុនពីភាគីទីបីឲ្យបានជាង ៥០០ ពាន់លានដុល្លារ សម្រាប់ពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI នៅទូទាំងពិភពលោក។
សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុដែលចូលរួមក្នុងកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះ រួមមាន Apollo Global Management, BlackRock, Blackstone, Brookfield Asset Management, Goldman Sachs និង KKR។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនហិរញ្ញវត្ថុទាំងនោះនឹងបង្កើតកញ្ចប់ទុនពិសេសដើម្បីផ្តល់ឥណទានក្នុងអត្រាការប្រាក់ប្រកួតប្រជែង ដល់អតិថិជនរបស់ Nvidia រួមមាន ក្រុមហ៊ុនអភិវឌ្ឍន៍ម៉ូឌែល AI កម្រិតខ្ពស់ (Frontier AI Labs) សហគ្រាសធំៗ រដ្ឋាភិបាល និងក្រុមហ៊ុនផ្តល់សេវា Cloud ដើម្បីយកទៅកសាងមជ្ឈមណ្ឌលទិន្នន័យ ទិញបន្ទះឈីប GPU និងអភិវឌ្ឍន៍ប្រភពថាមពល។ លោក Jensen Huang ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) របស់ Nvidia បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា «យើងបានចាប់ផ្តើមពីការផលិតបន្ទះឈីប ប៉ុន្តែថ្ងៃនេះ យើងកំពុងជួយបង្កើតកម្រិតថ្មីនៃហេដ្ឋារចនាសម្ព័ន្ធដែលមានផលិតភាព និងអាចវិនិយោគបាន នោះគឺ រោងចក្រ AI ។ វេទិកាហិរញ្ញវត្ថុទាំងនេះនឹងជួយឲ្យអតិថិជនទទួលបានធនធានបច្ចេកវិទ្យាកម្រិតខ្ពស់ដែលកំពុងតែកម្រ ដើម្បីបង្កើតរោងចក្រ AI សម្រាប់ជំរុញគ្រប់ឧស្សាហកម្ម និងគ្រប់ប្រទេស»។
ការកើនឡើងយ៉ាងគំហុកនៃតម្រូវការបច្ចេកវិទ្យា AI បានធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស (Big Tech) ដូចជា Microsoft, Alphabet, Meta និង Amazon ដំឡើងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ AI យ៉ាងខ្លាំង ដោយ Morgan Stanley ព្យាករណ៍ថាការចំណាយសរុបអាចកើនឡើងហួសពី ៧០០ ពាន់លានដុល្លារ ទៅ ៧៣០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៦ នេះ។
ទោះជាយ៉ាងណា បន្ទាប់ពីព័ត៌មាននេះត្រូវបានរាយការណ៍ តម្លៃហ៊ុនរបស់ Nvidia បានធ្លាក់ចុះប្រមាណ ២% ទៅ ៣% នៅទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក។ អ្នកវិភាគទីផ្សារមួយចំនួនបានលើកឡើងថា ការទាញយកប្រភពទុនឯកជនធំៗមកគាំទ្រការទិញបន្ទះឈីបអាចបង្កើតជាហានិភ័យនៃការប្រមូលផ្តុំបំណុល (Circular financing) នៅក្នុងវិស័យបច្ចេកវិទ្យា ប្រសិនបើការត្រឡប់មកវិញនៃប្រាក់ចំណេញពីវិស័យ AI មានភាពយឺតយ៉ាវជាងការរំពឹងទុក៕










