ភ្នំពេញក្រោន បង្ហាញកីឡាករបរទេសទី៨ មុនចេញទៅលេងពាន Pre-Season នៅម៉ាឡេស៊ី

11-08-2026 11:18

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បាននាំចូលកីឡាករបរទេសម្នាក់ទៀតហើយ ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី គឺខ្សែការពារជនជាតិជប៉ុន Riku Matsuda។ ការបង្ហាញសមាជិកថ្មីនេះ ស្របពេលពួកគេត្រៀមចេញដំណើរទៅចូលរួមការប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ International 4 Triangle Tournament Malacca Governor's 76th Anniversary Cup 2026 នៅប្រទេសម៉ាឡេស៊ីនាចុងសប្ដាហ៍នេះ។

Riku គឺជាកីឡាករបរទេសទី៨ ដែលភ្នំពេញក្រោន បាននាំចូលត្រៀមរដូវកាលថ្មី បន្ទាប់ពីខ្សែប្រយុទ្ធហូឡង់ Guytho Mijland, ខ្សែបម្រើ-ប្រយុទ្ធអង់គ្លេស Callum Timmins ដែលខ្ចីជើង ១ឆ្នាំពីក្លិប Perth Glory នៃលីគកំពូលអូស្ដ្រាលី និងខ្សែប្រយុទ្ធឆេក Daniel Bares ដែលក្លិបបាននាំចូលកាលពីថ្មីៗ បន្ថែមលើកីឡាករបរទេសចាស់ ៤រូប ដែលក្លិបបានបន្ដកិច្ចសន្យារួមមាន Raul Feher, Rick Ketting, Valeriy Hryshyn និងកីឡាករ Moses Dyer។

ខ្សែការពារវ័យ ៣៥ឆ្នាំខាងលើ មានប្រវត្តិមិនធម្មតាមុនផ្លាស់មកកម្ពុជា ដែលលេងឲ្យក្លិបធំៗនៅជប៉ុនដូចជា FC Tokyo, Cerezo Osaka, Ventforet Kofu, Gamba Osaka, Vissel Kobe ហើយក៏ធ្លាប់ជាប់ជម្រើសជាតិយុវជន U18 ជប៉ុនផងដែរ។ មុនចូលរួមជាមួយក្លិបភ្នំពេញក្រោន កាលពីរដូវកាលមុន Riku Matsuda បានលេងឲ្យក្លិប BG Pathoum United។

យោងតាមកូតាកីឡាករបរទេសបច្ចុប្បន្នបង្ហាញថា ភ្នំពេញក្រោនកំពុងពង្រឹងក្រុមលើសពីការប្រកួតប្រជែងក្នុងស្រុក តែជាការត្រៀមខ្លួនសម្រាប់ប្រកួតប្រជែងក្នុងពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League 2 ឆ្នាំ២០២៦/២៧ ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតនាពាក់កណ្ដាលខែកញ្ញាខាងមុខ។ ប៉ុន្ដែផ្អែកលើលក្ខខណ្ឌលីគរដូវកាលថ្មី ដែលអនុញ្ញាតឲ្យចុះឈ្មោះកីឡាករបរទេសត្រឹម ៧នាក់ មានន័យថា ក្នុងចំណោមកីឡាករបរទេសខាងលើមានម្នាក់ មិនអាចលេងលីគក្នុងស្រុកឡើយ។

គួរដឹងថា ភ្នំពេញក្រោន នឹងត្រូវចូលរួមប្រកួតពានរង្វាន់ Pre-Season នាចុងសប្ដាហ៍នេះ ដោយមានបេក្ខភាព ៤ក្លិបមកពី ៤ប្រទេសចូលរួម ក្នុងនោះមានក្រុមម្ចាស់ផ្ទះ Melaka FC របស់ម៉ាឡេស៊ី ក្រុម Jurong FC របស់សិង្ហបុរី, Persik Kediri FC របស់ឥណ្ឌូនេស៊ី និងភ្នំពេញក្រោនរបស់កម្ពុជា។ ចំពោះកម្មវិធីប្រកួត ភ្នំពេញក្រោនត្រូវជួបក្រុម Persik Kediri FC និងក្រុម Melaka FC ត្រូវជួបក្រុម Jurong FC នៅថ្ងៃទី១៥ ខែសីហា។ បន្ទាប់មកក្រុមចាញ់ នឹងត្រូវជួបក្រុមចាញ់ ខណៈក្រុមឈ្នះ ត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខនៅកីឡដ្ឋាន Hang Jebat តែ ១គត់៕