គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «ជោគជ័យ ហ្វាយនែន ភីអិលស៊ី» ចុះ MOU ជាមួយក្រុមហ៊ុន «វែរីវើដស៍ ខូអិលធីឌី» ដំណើរការកម្មវិធីហិរញ្ញប្បទាន ទិញម៉ូតូអគ្គិសនីដំបូងគេនៅកម្ពុជា
11-08-2026 11:49
(ភ្នំពេញ)៖ កិច្ចសហការថ្មីរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី និងក្រុមហ៊ុន វែរីវើដស៍ ដែលស្ថាប័នទាំងពីរបានក្លាយជាស្ថាប័នឈានមុខមួយ ក្នុងការផ្តល់ហិរញ្ញប្បទានគាំទ្រយានយន្តអគ្គិសនី (EV) នៅកម្ពុជា តាមរយៈការផ្តល់ប្រាក់កម្ចីក្នុងលក្ខខណ្ឌងាយស្រួល ដើម្បីជួយប្រជាជនកម្ពុជាអាចផ្លាស់ប្តូរ មកប្រើប្រាស់ម៉ូតូអគ្គិសនី ដែលសន្សំសំចៃការចំណាយ និងរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័ន ពីវិស័យដឹកជញ្ជូន។ នាពេលថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ បម្រើសេវាហិរញ្ញវត្ថុជូនគ្រួសារ និងអាជីវកម្មខ្នាតតូចនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន VW&C CO., LTD. (VERYWORDS) ដែលជាក្រុមហ៊ុនម៉ូតូអគ្គិសនីរបស់ប្រទេសកូរ៉េ និងកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
កិច្ចសហការនេះ គឺជាជំហានដំបូងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី ក្នុងការចូលរួមវិស័យហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានសម្រាប់យានយន្តអគ្គិសនី តាមរយៈការបង្កើតផលិតផលឥណទានថ្មី ដែលជួយឱ្យប្រជាពលរដ្ឋកម្ពុជា អាចផ្លាស់ប្តូរពីការប្រើប្រាស់ម៉ូតូប្រើប្រេងឥន្ធនៈ មកប្រើម៉ូតូអគ្គិសនី។ ក្រោមកិច្ចសហការនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី នឹងផ្តល់ដំណោះស្រាយហិរញ្ញប្បទាន ដល់អតិថិជនសម្រាប់ការទិញម៉ូតូអគ្គិសនី (EV) ខណៈដែលក្រុមហ៊ុន វែរីវើដស៍ នឹងផ្គត់ផ្គង់ម៉ូតូ និងគាំទ្រកម្មវិធីនេះតាមរយៈគោលការណ៍ ទិញត្រឡប់ ដែលជួយបង្កើនទំនុកចិត្តដល់អតិថិជន ចំពោះតម្លៃរបស់ម៉ូតូក្នុងរយៈពេលវែង។
លោក ប៉ាក់ ឆនហ្គីល អគ្គនាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី បានមានប្រសាសន៍ថា «កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការជំរុញហិរញ្ញប្បទានបៃតង និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ គោលបំណងរបស់យើងគឺសាមញ្ញបំផុត គឺជួយឱ្យប្រជាពលរដ្ឋកម្ពុជាអាចមានលទ្ធភាពទិញម៉ូតូអគ្គិសនី ដែលសន្សំសំចៃការចំណាយ និងបង្កើតប្រភេទឥណទានថ្មី ប្រកបដោយការទទួលខុសត្រូវសម្រាប់ស្ថាប័នរបស់យើងផងដែរ»។
ផលិតផលឥណទានសម្រាប់ម៉ូតូអគ្គិសនីនេះ ត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់ម៉ូតូ ក្នុងការធ្វើដំណើរច្រើន និងជាប្រចាំថ្ងៃ ដែលអាចទទួលបានអត្ថប្រយោជន៍ខ្ពស់ ពីការកាត់បន្ថយចំណាយលើការប្រើប្រាស់។ ផលិតផលនេះមានលក្ខខណ្ឌបង់ប្រាក់ដំបូងក្នុងអត្រាទាប និងរយៈពេលសងត្រឡប់ដែលមានភាពបត់បែន ដើម្បីធ្វើឱ្យការបង់រំលស់ប្រចាំ ខែមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម។ សម្រាប់អាគុយ អតិថិជននឹងប្រើប្រាស់តាមរយៈការផ្លាស់ប្តូរអាគុយ និងជាវគម្រោងកញ្ចប់ប្រើប្រាស់ប្រចាំខែ ដោយការថែទាំ ជួសជុល និងកម្មសិទ្ធជាទំនួលខុសត្រូវរបស់ក្រុមហ៊ុន។
អ្នកប្រើប្រាស់អាចប្តូរអាគុយ ដែលអស់ថាមពលជាមួយអាគុយ ដែលសាកពេញក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទី ដូចជាការចាក់សាំងដែរ ដែលជួយកាត់បន្ថយការចំណាយដំបូង និងហានិភ័យពីការបាត់បង់គុណភាពរបស់ថ្មក្នុងរយៈពេលវែង។ អតិថិជនអាចដាក់ពាក្យស្នើសុំឥណទាន ដោយផ្ទាល់នៅគ្រប់ទីតាំងរបស់ក្រុមហ៊ុន វែរីវើដស៍ ដោយទទួលបានសេវាកម្មគ្រប់ជំហាននៅកន្លែងតែមួយ ចាប់ពីការជ្រើសរើសម៉ូតូ រហូតដល់ការស្នើសុំឥណទាន។ ព័ត៌មានលម្អិតអំពីតម្លៃ អត្រាការប្រាក់ កម្រៃសេវា និងលក្ខខណ្ឌសិទ្ធិទទួលបាន អាចសាកសួរបាននៅគ្រប់សាខា របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី។
លោក គឺម ស៊ុងអ៊ូ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន VW&C CO., LTD. (VERYWORDS) បានមានប្រសាសន៍ថា «យើងមានមោទនភាពដែលបានចាប់ដៃគូ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ តាមរយៈកិច្ចសហការនេះ យើងបានបង្កើតភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ម៉ូតូអគ្គិសនីជាប្រចាំថ្ងៃ ដែលជួយសន្សំសំចៃដោយមិនប្រើប្រាស់ប្រេងឥន្ទន: និងរួមចំណែកក្នុងការកសាងបរិស្ថានកាន់តែស្អាត»។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ មានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ដើម្បីបញ្ជាក់ជាផ្លូវការនូវកិច្ចសហការនេះ និងប្រកាសដាក់ឱ្យដំណើរការដំណាក់កាល សាកល្បងដំបូងនៃផលិតផលឥណទានថ្មី។ កិច្ចសហការនេះ ត្រូវបានរំពឹងថា នឹងជួយពង្រីកផលិតផលឥណទានបៃតង របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី និងគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន វែរីវើដស៍ ក្នុងទីផ្សារម៉ូតូអគ្គិសនីនៅកម្ពុជា។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងផ្តល់សេវាហិរញ្ញវត្ថុដល់សម្រាប់គ្រួសារ និងអាជីវកម្មខ្នាតតូច តាមរយៈបណ្តាញសាខារបស់ខ្លួននៅទូទាំងប្រទេស។
ក្រុមហ៊ុន VW&C CO., LTD. (VERYWORDS) ជាក្រុមហ៊ុនម៉ូតូអគ្គិសនីដែលគ្រប់គ្រងដោយវិនិយោគិនកូរ៉េ និងកំពុងប្រតិបត្តិការនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអគ្គិសនី និងគាំទ្រកម្មវិធីនេះតាមរយៈគោលការណ៍ ទិញត្រឡប់ ដែលជួយបង្កើនទំនុកចិត្តដល់អតិថិជន ចំពោះតម្លៃរបស់ម៉ូតូក្នុងរយៈពេលវែង។ ក្រុមហ៊ុនបានបើកដំណើរការរោងចក្រដំឡើង ម៉ូតូអគ្គិសនីនៅខេត្តកណ្តាល ក្នុងឆ្នាំ២០២៣។ លេខទំនាក់ទំនងបន្ថែម៖ ០២៣ ៩២២ ១២៦។ អ៊ីម៉េល៖ [email protected]៕






















