Intel គ្រោងរៃអង្គាសប្រាក់ ១៥ ពាន់លានដុល្លារ តាមរយៈការលក់ភាគហ៊ុន ដើម្បីពង្រីកអាជីវកម្មផលិតបន្ទះឈីប
11-08-2026 12:22
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Intel បានប្រកាសពីផែនការរៃអង្គាសប្រាក់ចំនួន ១៥ ពាន់លានដុល្លារ ដោយការដាក់លក់ភាគហ៊ុនបន្ថែមនៅលើទីផ្សារ។ ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងប្រមូលដើមទុនដើម្បីវិនិយោគលើការសាងសង់ និងពង្រីកអាជីវកម្មផលិតបន្ទះឈីបតាមកិច្ចសន្យា (chip contract manufacturing) ដែលតម្រូវឱ្យចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងហក់ឡើងវិញយ៉ាងខ្លាំង ដោយសារតម្រូវការទីផ្សារ AI និងកិច្ចខិតខំប្រឹងប្រែងស្តារអាជីវកម្មឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
បើតាមប្រភពពី Bloomberg News តម្រូវការទិញភាគហ៊ុនពីសំណាក់អ្នកវិនិយោគបានកើនឡើងលើសពី ១០០ ពាន់លានដុល្លារ ហើយទំហំនៃការលក់ភាគហ៊ុននេះអាចកើនឡើងរហូតដល់ ២០ ពាន់លានដុល្លារ។ ការហក់ឡើងនៃតម្លៃភាគហ៊ុននេះ បានកើតឡើងបន្ទាប់ពី Intel បានបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាផលិតឈីប 14A របស់ខ្លួន និងការទទួលបានអតិថិជនធំៗដូចជា Tesla ជាដើម។ លើសពីនេះ តម្រូវការផ្នែក CPU ដែលបម្រើឱ្យប្រព័ន្ធ AI បានជំរុញឱ្យ Intel ដំឡើងការព្យាករណ៍ចំណាយដើមទុនសម្រាប់ឆ្នាំនេះដល់ ២០ពាន់លានដុល្លារ។
ទាក់ទិននឹងការសម្រេចចិត្តរៃអង្គាសដើមទុននេះ លោក Russ Mould នាយកផ្នែកវិនិយោគនៅក្រុមហ៊ុន AJ Bell បានលើកឡើងថា៖ «ក្នុងនាមជាអាជីវកម្មដែលប្រមូលផ្តុំដើមទុនច្រើន ដែលធ្លាប់បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តារាងតុល្យការ និងអនាគតរបស់ខ្លួន ដោយសារការផ្តោតលើវិស្វកម្មហិរញ្ញវត្ថុ ជាជាងវិស្វកម្មរូបវន្ត តាមរយៈការទិញភាគហ៊ុនត្រឡប់មកវិញតម្លៃ ៨២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១០ វាជារឿងសមហេតុផលបំផុតសម្រាប់ Intel ក្នុងការរៃអង្គាសប្រាក់ ជាពិសេសបន្ទាប់ពីតម្លៃភាគហ៊ុនបានកើនឡើង ៥ ដងចាប់តាំងពីខែសីហាឆ្នាំមុន»។
ទោះបីជាភាគហ៊ុនរបស់ Intel បានធ្លាក់ចុះជាង ៤% កាលពីថ្ងៃចន្ទបន្ទាប់ពីការប្រកាសនេះក៏ដោយ ប៉ុន្តែតម្លៃភាគហ៊ុនសរុបប្រចាំឆ្នាំរបស់ Intel បានកើនឡើងជិតបីដង ដែលជាកំណើនខ្ពស់ជាងក្រុមហ៊ុនគូប្រជែងដូចជា AMD និង Nvidia។ ដើម្បីពង្រីកសមត្ថភាពផលិត Intel ក៏បានប្រកាសវិនិយោគប្រមាណ ៥.៧៧ ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងប្រទេសអៀរឡង់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មបន្ទះឈីបរបស់ខ្លួនសម្រាប់ទីផ្សារអឺរ៉ុបផងដែរ៕










