OpenAI បញ្ចប់ការទិញភាគហ៊ុនត្រឡប់មកវិញពីបុគ្គលិក ក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារ
11-08-2026 14:39
(បរទេស)៖ ក្រុមហ៊ុន OpenAI ត្រូវបានរាយការណ៍មកថា បានទិញភាគហ៊ុនត្រឡប់មកវិញក្នុងតម្លៃ ៧ពាន់លានដុល្លារ ពីបុគ្គលិកនៅមន្ទីរពិសោធន៍ AI កំពូល ដែលជាក្រុមហ៊ុនឯកជនមួយនេះ ក្នុងគោលបំណងផ្តល់សាច់ប្រាក់ដល់កម្លាំងពលកម្មរបស់ខ្លួន។ កិច្ចព្រមព្រៀង ដែលត្រូវបានរាយការណ៍ដោយព័ត៌មាន Bloomberg នេះ បានវាយតម្លៃក្រុមហ៊ុន OpenAI ក្នុងទំហំទឹកប្រាក់ ៨៥២ពាន់លានដុល្លារ ដែលស្មើនឹងជុំប្រមូលមូលនិធិចុងក្រោយបង្អស់របស់ខ្លួនកាលពីខែមីនា ដែលបានបន្ថែមថវិកា ១២២ ពាន់លានដុល្លារទៅក្នុងកញ្ចប់ថវិកាបម្រុងរបស់ក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Techcrunch នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
ក្រុមហ៊ុនក៏បានដាក់ពាក្យសម្ងាត់ជាមួយគណៈកម្មការមូលបត្រ និងការផ្លាស់ប្តូរភាគហ៊ុន (SEC) កាលពីខែមិថុនា ដើម្បីរៀបចំសម្រាប់ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ដែលអាចធ្វើឡើងនៅចុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ជូនទិញភាគហ៊ុនត្រឡប់វិញ (tender offer) បង្ហាញថា IPO អាចនឹងមិនទាន់កើតឡើងក្នុងពេលឆាប់ៗនេះទេ។ ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបន្តរក្សាភាពជាក្រុមហ៊ុនឯកជនយូរជាងក្រុមហ៊ុនបង្កើតថ្មី (startups) ជំនាន់មុនៗ ការទិញភាគហ៊ុនឯកជនត្រឡប់វិញបានបង្ហាញថា ជាវិធីដ៏មានប្រយោជន៍សម្រាប់ក្រុមហ៊ុន ក្នុងការអនុញ្ញាតឱ្យបុគ្គលិកទទួលបានតម្លៃសាច់ប្រាក់ពីការទូទាត់សំណងជាភាគហ៊ុនរបស់ពួកគេ ដោយមិនចាំបាច់ឆ្លងកាត់ការលំបាកដែលមកជាមួយការបោះផ្សាយជាសាធារណៈឡើយ។ ជុំវិញព័ត៌មាននេះ OpenAI មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនៅត្រឹមពេលចេញផ្សាយនោះទេ។
កាលពីខែមុន នាយកប្រតិបត្តិ (CEO) របស់ OpenAI លោក Sam Altman បានសរសេរថា «យើងមិនមានរយៈពេល ១២ខែដ៏ល្អបំផុតនោះទេ ដែលភាគច្រើនជាកំហុសរបស់ខ្ញុំ ប៉ុន្តែយើងរៀបនឹងមានរយៈពេល ១២ ខែដ៏ល្អបំផុតរហូតមកដល់បច្ចុប្បន្ន»។ ក្រុមហ៊ុនដែលរៀបនឹងបោះផ្សាយជាសាធារណៈ ជាទូទៅតែងតែចង់បង្ហាញពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំដើម្បីទាក់ទាញវិនិយោគិន ហើយសារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីខែមេសាថា ក្រុមហ៊ុនបានខកខានមិនបានសម្រេចតាមគោលដៅហិរញ្ញវត្ថុផ្ទៃក្នុងនោះទេ។
គួរជម្រាបថា ការទិញភាគហ៊ុនត្រឡប់វិញនេះអាចជាសញ្ញាមួយផ្សេងទៀតដែលបង្ហាញថា ការបោះផ្សាយដែលត្រូវបានរំពឹងទុកយ៉ាងខ្លាំងនេះ នឹងត្រូវរង់ចាំយុទ្ធសាស្ត្រថ្មីរបស់ OpenAI ក្នុងការកាត់បន្ថយការភ្នាល់របស់ខ្លួន និងផ្តោតលើអាជីវកម្មសហគ្រាស (enterprise business) ដើម្បីទទួលបានការទាក់ទាញ និងគាំទ្រកាន់តែខ្លាំង៕








