ប៊ីវីអឹម បើកការដ្ឋានពង្រីកមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួន ឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីចូលរួមចំណែកពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់ ប្រេងឥន្ធនៈ

11-08-2026 16:00

(ភ្នំពេញ)៖ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) បានរៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋាន ពង្រីកមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួន ឆ្លើយតបនឹងតម្រូវការទីផ្សារ ក៏ដូចជារួមចំណែកពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា។

ពិធីបញ្ចុះបឋមសីលាបើកការដ្ឋាននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយគម្រោងពង្រីកមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ដោយបង្កើនសមត្ថភាពស្តុកប្រេងបានជាង ២២,៥ លានលីតទុនវិនិយោគប្រមាណ ៧ លានដុល្លា និងបញ្ចប់ក្នុងរយៈពេល១២ខែ ការធ្វើទំនើបកម្មផ្នែកបច្ចេកទេស និងប្រព័ន្ធសុវត្ថិភាពឱ្យឆ្លើយតបទៅនឹងស្ដង់ដាអន្តរជាតិ គម្រោងយុទ្ធសាស្ត្ររបស់ ប៊ីវីអឹម ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង និងការពង្រីកចំណែកទីផ្សារ របស់ក្រុមហ៊ុន ចូលរួមចំណែកគោរពតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកសមត្ថភាពសន្និធិបម្រុងប្រេង ការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលឥន្ធនៈរយៈពេលវែងនៅកម្ពុជា។

គម្រោងពង្រីកមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ត្រូវបានចាត់ទុកថាជាការវិនិយោគយុទ្ធសាស្ត្ររបស់ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) ក្នុងការបង្កើនសមត្ថភាពស្តុកប្រេងឥន្ធនៈ របស់ខ្លួនឱ្យបានដល់ជាង ២២,៥ លានលីត្រ។ ការសាងសង់ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១២ ខែ ជាមួយនឹងទុនវិនិយោគប្រមាណ ៧ លានដុល្លារ។

ការពង្រីកបន្ថែមនេះ មិនត្រឹមតែធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបណ្ដាញស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុន និងអនុសាសន៍របស់ រាជរដ្ឋាភិបាល លើសន្និធិបម្រុងប្រេងយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការធ្វើទំនើបកម្មផ្នកបច្ចេកទេស និងសុវត្ថិភាពឱ្យឆ្លើយតបទៅនឹងស្តង់ដាអន្តរជាតិផងដែរ។

នាឱកាសនោះដែរ លោកស្រី ស៊ូ សុភីវ៉ាន់ អគ្គនាយិកានៃក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានបញ្ជាក់ថា៖ «ការវិនិយោគនេះ មិនត្រឹមតែជាការបន្ថែមសមត្ថភាព ស្តុកប្រេង ប៉ុណ្ណោះទេ ប៉ុន្តែជាការលើកកម្ពស់ស្តង់ដាបច្ចេកទេសសុវត្ថិភាព និងប្រព័ន្ធគ្រប់គ្រងឱ្យកាន់តែមានភាពទំនើបស្របតាមស្តង់ដា អន្តរជាតិ។ ប៊ីវីអឹម ប្តេជ្ញាធានាឱ្យបាននូវគុណភាពប្រេងឥន្ធនៈ ប្រកបដោយទំនុកចិត្ត ព្រមទាំងចូលរួមចំណែកធានាដល់ការផ្គត់ផ្គង់ថាមពលឥន្ធនៈដែលមានស្ថិរភាព សុវត្ថិភាព និងចីរភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា»។

តាមរយៈការពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធមណ្ឌលសន្និធិប្រេងនេះ ប៊ីវីអឹម កំពុងរួមចំណែកយ៉ាងសកម្មដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សម្រាប់វិស័យថាមពលដែលមានភាពធន់ ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាពង្រឹងតួនាទីរបស់ខ្លួនជាក្រុមហ៊ុននាំចូល និងចែកចាយប្រេងឥន្ធនៈក្នុងស្រុកឈានមុខ ដែលប្រកាន់ខ្ជាប់នូវស្តង់ដាសុវត្ថិភាព និងគុណភាពជាចម្បង។

ទន្ទឹមនឹងនេះ ការពង្រីកសមត្ថភាពស្តុកប្រេង គឺស្របទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់ ប៊ីវីអឹម ក្នុងការពង្រឹងទំនុកចិត្តរបស់វិនិយោគិន ក៏ដូចជាឆ្លើយតបនឹងតម្រូវការ ដែលកើនឡើងពីអតិថិជន និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។

សូមជម្រាបដែរថា ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) គឺជាក្រុមហ៊ុននាំចូល ចែកចាយ និងលក់រាយប្រេងឥន្ធនៈរបស់ជនជាតិខ្មែរ ដែលមានប្រតិបត្តិការ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកឈានមុខគេមួយ តាំងពីឆ្នាំ២០០៨ ប៊ីវីអឹម តែងតែប្រកាន់ខ្ជាប់នូវការសន្យារបស់ ក្រុមហ៊ុន ក្នុងការផ្តល់ជូននូវប្រេងឥន្ធនៈដែលមានគុណភាព ជាមួយនឹងសេវាកម្ម ប្រកបដោយវិជ្ជាជីវៈ ជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា៕