Anthropic គ្រោងដាក់ Watermark (សញ្ញាសម្គាល់) លើអត្ថបទដែលបង្កើតដោយម៉ូដែល AI របស់ខ្លួន
12-08-2026 10:32
(បរទេស)៖ ក្រុមហ៊ុន Anthropic ប្រកាសថាខ្លួននឹងដាក់ Watermark លើអត្ថបទដែលបង្កើតដោយម៉ូដែលរបស់ខ្លួន រួមទាំង Claude ផងដែរ ដើម្បីអនុវត្តតាមបទប្បញ្ញត្តិរបស់អឺរ៉ុប។ ក្រុមហ៊ុនផលិតម៉ូដែល AI មួយនេះបានបញ្ជាក់ពីការដាក់ Watermark នៅក្នុងទំព័រគាំទ្រ (support page) ដែលបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួន។ ក្រមភាពស្មោះត្រង់និងតម្លាភាពនៃច្បាប់ (EU AI Act) ដែលបានចូលជាធរមានកាលពីថ្ងៃទី ២ ខែសីហា តម្រូវឱ្យក្រុមហ៊ុន AI ទាំងអស់ធ្វើសញ្ញាសម្គាល់លើមាតិកាដែលបង្កើត ឬកែសម្រួលដោយ AI តាមរបៀបដែលប្រព័ន្ធផ្សេងទៀតអាចសម្គាល់ពួកវាបាន។
Anthropic បាននិយាយថា ម៉ូដែលទាំងអស់ដែលបានចេញផ្សាយបន្ទាប់ពីថ្ងៃទី២ ខែសីហា នឹងមានបច្ចេកវិទ្យាដាក់ Watermark ដោយស្វ័យប្រវត្តិនាំមុខគេទាំងលើអត្ថបទ និងឯកសារដែលបង្កើតដោយកុំព្យូទ័រ។ សម្រាប់ឯកសារ ក្រុមហ៊ុនកំពុងប្រើប្រាស់បទដ្ឋានស្តង់ដារបើកទូលាយ C2PA ។ ក្រុមហ៊ុន បានប្រកាសថា ខ្លួននឹងពង្រីកការគាំទ្រនេះសម្រាប់ម៉ូដែលចាស់ៗផងដែរ ដោយបន្ថែមថា Watermark នឹងជាប់ទៅជាមួយនៅពេលដែលអ្នកប្រើប្រាស់ចម្លង (copy) និងបិទភ្ជាប់ (paste) អត្ថបទនោះ។
ទំព័រគាំទ្រនោះបានសរសេរថា៖ «ដោយសារតែ Watermark គឺជាផ្នែកមួយនៃអត្ថបទ វានឹងភ្ជាប់ទៅជាមួយអត្ថបទនៅពេលដែលវាត្រូវបានចម្លង និងបិទភ្ជាប់នៅកន្លែងផ្សេង ហើយអាចនឹងនៅតែបន្តមាន បើទោះបីជាមានការកែសម្រួលខ្លះៗក៏ដោយ។ ការដាក់ Watermark នឹងត្រូវអនុវត្តនៅកម្រិតម៉ូដែលតែម្តង ដែលមានន័យថាវានឹងមានវត្តមាន មិនថាតែអត្ថបទនោះបានមកពីផលិតផល ឬផ្ទៃដំណើរការ Claude ណាមួយក៏ដោយ»។
យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់នោះទេថា តើអ្នកប្រើប្រាស់ចាំបាច់ត្រូវកែសម្រួលច្រើនកម្រិតណា ទើបអាចលុប Watermark នោះចេញបាន។ ក្រុមហ៊ុនបានកត់សម្គាល់ថា ការដាក់ Watermark នឹងត្រូវអនុវត្តចំពោះផលិតផលផ្សេងៗដូចជា Claude platform API, Claude, Claude Code, Claude Cowork, និង Claude Tag។ បច្ចុប្បន្ន ប្រព័ន្ធបច្ចេកវិទ្យានានាកំពុងប្រញាប់ប្រញាល់ដាក់ Watermark លើមាតិកាដែលបង្កើតដោយ AI បន្ទាប់ពីមានប្រតិកម្មប្រឆាំងពីអ្នកប្រើប្រាស់ និងដើម្បីជៀសវាងការពិនិត្យតាមដានពីអាជ្ញាធរ។
គួរជម្រាថា កាលពីសប្តាហ៍មុន វេទិកាតន្ត្រី AI Suno បាននិយាយថា ខ្លួននឹងធ្វើសញ្ញាសម្គាល់លើបទចម្រៀងដែលបានបង្កើតនៅលើប្រព័ន្ធរបស់ខ្លួន បន្ទាប់ពីមានការប្តឹងផ្តល់តាមផ្លូវច្បាប់ជាបន្តបន្ទាប់។ កាលពីខែមុន សេវាកម្មព្រឹត្តិបត្រព័ត៌មាន Substack បានសហការជាមួយ Pangram ដើម្បីកត់សម្គាល់មាតិកាដែលបង្កើតដោយ AI ។ លោក Chris Best ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានចង្អុលបង្ហាញពីពាក្យ Claudefishing ដែលជាពាក្យប្រើប្រាស់សម្រាប់មនុស្សដែលប្រើប្រាស់ AI ដើម្បីបង្កើតមាតិកា។ រៅពី Anthropic ក្រុមហ៊ុនផ្សេងទៀតដូចជា Black Forest Labs, Google, Meta, Microsoft, OpenAI, និង Synthesia ក៏បានប្តេជ្ញាចិត្តក្នុងការគោរពតាមក្រមប្រតិបត្តិរបស់សហភាពអឺរ៉ុបផងដែរ៕









