ប្រធានតេក្វាន់ដូ ITF បង្ហាញចំណុចលេចធ្លោ នាំឲ្យកម្ពុជាឈ្នះមេដាយដ៏ច្រើន រហូតទទួលពានលេខ២ ប្រចាំប្រទេសចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១
12-08-2026 11:50
(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក និងអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា ដឹកនាំដោយលោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយនាយប់រំលងអធ្រាត្យឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យ ក្នុងការប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី ដោយនាំមកជាមួយនូវមេដាយសរុប ៤១គ្រឿង (មាស ៨ ប្រាក់ ១២ និងសំរឹទ្ធ ២១) ជូនជាតិមាតុភូមិ។
ជាមួយដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសមិទ្ធផលគួរជាទីមោទននេះ ទេសរដ្ឋមន្ដ្រី កែវ រ៉េមី បានបង្ហាញនូវចំណុចលេចធ្លោរមួយចំនួន ដែលបានបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាតេក្វាន់ដូ ITF កម្ពុជា តាមរយៈការប្រកួតប្រជែងដោយស្មើមុខមាត់ជាមួយបណ្ដាប្រទេសខ្លាំងៗលើឆាកអន្ដរជាតិ ពិសេសក្នុងការប្រកួតជើងឯកប្រចាំទ្វីបអាស៊ីខាងលើ រួមមាន៖
១- ក្រុមកីឡាករថ្នាល បានបង្ហាញនូវភាពអស្ចារ្យ ក្នុងការធ្វើបានយ៉ាងល្អ ក្នុងនាមអ្នកបន្ដវេនដ៏មានសក្ដានុពល និងយូរអង្វែងរបស់កីឡាតេក្វាន់ដូ ITF កម្ពុជា បន្ទាប់ពីការដណ្ដើមបានមេដាយមាសជាបន្ដបន្ទាប់ បើធៀបនឹងក្រុមថ្នាលមកពីបណ្ដាប្រទេសផ្សេងៗ។
២- ក្រុមឈុតធំ កម្រិតអាយុ ១៨ឆ្នាំ ដល់ ៣៤ឆ្នាំ ដែលសម្រេចបាននូវសមិទ្ធផលគួរជាទីមោទន ដោយទទួលបានពានប្រចាំប្រទេសចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ២៥ប្រទេស ពោលគឺក្រោមតែកូរ៉េខាងជើង ដែលជាម្ចាស់ក្បាច់គុន។
ប្រធានសហព័ន្ធដដែលបន្ដថា «យើងមានមោទនភាព ដែលបានឈរលើបណ្ដាប្រទេសល្បីៗ ដូចជារុស្ស៊ី កាហ្សាក់ស្ថាន និងម៉ុងហ្គោលី។ អ្វីដែលភ្ញាក់ផ្អើលជាងគេ គឺផ្នែកបច្ចេកទេសពិសេស គឺយើងកាន់ជាប់លេខ១ ជាប់ៗគ្នា រាល់ពេលដែលពួកយើងចូលរួម គឺជាប់លេខ១ ចំនួន ៣លើកជាប់គ្នា លើវិញ្ញាសានេះ។ រីឯវិញ្ញាសា Power Breaking វិញ យើងបានផ្ដួលម្ចាស់ជើងឯកពិភពលោករបស់ម៉ុងហ្គោលីថែមទៀត»។
«អ្វីដែលប្លែកទៀតនោះ គឺវិញ្ញាសាប្រយុទ្ធ ដែលរាល់ដងពេលប្រកួតវិញ្ញាសានេះ យើងពិបាកទប់ទល់ជាមួយកាហ្សាក់ស្ថាន រុស្ស៊ី និងកូរ៉េខាងជើង តែលើកនេះ យើងមានមោទនភាព ចំពោះកីឡាករ-កីឡាការិនីទាំងអស់ (ថ្នាល និងក្រុមធំ) គឺកម្រិតនៃការប្រយុទ្ធល្អមែនទែន ហើយទទួលបានលទ្ធផលដ៏គាប់ប្រសើរ ដែលធ្វើឲ្យយើងទទួលបានពានចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសចូលរួម»។ លោក កែវ រ៉េមី បន្ថែម។
គួរដឹងថា ក្រោយបញ្ចប់ការប្រកួតដ៏ជោគជ័យនេះ កម្ពុជាក៏ទទួលបានជោគជ័យ ក្នុងការទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១២ ឆ្នាំ២០២៨ ដោយបានយកឈ្នះប្រទេសអូសបេគីស្ថាន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន ដែលប៉ងចង់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតទ្វីបនេះផងដែរ៕












