ណាហ្គាវើលដ៍ សម្ពោធពិព័រណ៍ «មហាសមុទ្រនៃសំណល់ប្លាស្ទិក» ដើម្បីបំផុសសកម្មភាពប្រឆាំងនឹងការបំពុលដោយប្លាស្ទិក
12-08-2026 12:39
(ភ្នំពេញ)៖ ក្រុមហ៊ុនណាហ្គាវើលដ៍ បានបើកសម្ពោធពិព័រណ៍ «មហាសមុទ្រនៃសំណល់ប្លាស្ទិក» ដែលមានការតាំងបង្ហាញស្នាដៃច្នៃប្រតិដ្ឋ និងផលិតផលនវានុវត្តន៍ប្លាស្ទិកកែច្នៃ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការបំពុលដោយប្លាស្ទិក ដែលកំពុងគំរាមកំហែងដល់ទន្លេ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅកម្ពុជា ព្រមទាំងបំផុសគំនិតឱ្យមានសកម្មភាពរួមគ្នា ដើម្បីអនាគតកាន់តែស្អាត និងមានចីរភាព។
រៀបចំឡើងនៅណាហ្គាវើលដ៍ទី១ ពិព័រណ៍នេះ ត្រូវបានបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាពលោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាមួយលោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ និងលោក Mizuno Hokuto នាយកក្រុមហ៊ុនហ្គោមី រីសាយខល។
នៅក្នុងពិធីបើកសម្ពោធ លោកស្រី ឃុន រចនា បានកោតសរសើរចំពោះគំនិតច្នៃប្រតិដ្ឋ និងសារអប់រំបរិស្ថាននៃពិព័រណ៍ «មហាសមុទ្រនៃសំណល់ប្លាស្ទិក» ដោយបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃពិព័រណ៍នេះ ក្នុងការលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយ អំពីការកាត់បន្ថយសំណល់ និងការកែច្នៃឡើងវិញ។
លោកស្រីបានថ្លែងថា «ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើគំនិតច្នៃប្រតិដ្ឋ ដែលត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍ «មហាសមុទ្រនៃសំណល់ប្លាស្ទិក» នេះ។ ស្នាដៃរៀបចំលម្អ ចម្រុះពណ៌ ស្នាដៃសិល្បៈរបស់សិស្សានុសិស្ស និងផលិតផលច្នៃប្រតិដ្ឋថ្មីៗដែលធ្វើឡើងពីប្លាស្ទិកកែច្នៃ ១០០% បានបង្ហាញយ៉ាងច្បាស់ថា សំណល់ដែលត្រូវបានបោះចោល អាចប្រែក្លាយទៅជាស្នាដៃដ៏មានអត្ថន័យ និងជំរុញទឹកចិត្តរបស់យើងយ៉ាងខ្លាំង។ ពិព័រណ៍នេះ មិនត្រឹមតែអបអរសាទរដល់គំនិតច្នៃប្រតិដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលេចអំពីសារសំខាន់ នៃការកាត់បន្ថយសំណល់ប្លាស្ទិក ការលើកកម្ពស់ការកែច្នៃឡើងវិញ និងការអនុវត្តតាមគោលការណ៍ចីរភាពផងដែរ»។
លោកស្រីក៏បានវាយតម្លៃខ្ពស់ផងដែរ ដល់ក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រុមហ៊ុនហ្គោមី រីសាយខល សម្រាប់ការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការដោះស្រាយបញ្ហាបំពុលដោយប្លាស្ទិក និងការលើកកម្ពស់ការទទួលខុសត្រូវទៅលើបរិស្ថាន។ «គំនិតផ្តួចផ្តើមបែបនេះ បំផុសគំនិតដល់សហគមន៍ជាពិសេសស្រទាប់យុវជនឱ្យគិតគូរឡើងវិញអំពីការប្រើប្រាស់ប្លាស្ទិក ទទួលស្គាល់តម្លៃនៃការកែច្នៃឡើងវិញ និងចូលរួមធ្វើសកម្មភាពជាក់ស្តែងដើម្បីឆ្ពោះទៅរកអនាគតកាន់តែស្អាត និងបៃតង»។
បើកជូនសាធារណជនចូលទស្សនាដោយសេរីរហូតដល់ថ្ងៃទី២៣ ខែសីហា ពិព័រណ៍នេះបង្ហាញពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកមកលើផ្លូវទឹក និងបរិស្ថានសមុទ្រនៅកម្ពុជាដែលយើងត្រូវតែដោះស្រាយរួមគ្នា។
សាធារណជនអាចទស្សនា និងឈ្វេងយល់ពីការដាក់តាំងបង្ហាញបែបអប់រំ ស្នាដៃសិល្បៈច្នៃប្រតិដ្ឋរបស់សិស្សានុសិស្ស និងផលិតផលបែបនវានុវត្តន៍ដែលធ្វើឡើងពីប្លាស្ទិកកែច្នៃ ១០០% ដោយក្រុមហ៊ុនហ្គោមី រីសាយខល ដែលបង្ហាញយ៉ាងច្បាស់ថា សំណល់អាចត្រូវបានច្នៃធ្វើជារបស់មានប្រយោជន៍ និងមានតម្លៃជាថ្មីតាមរយៈគំនិតច្នៃប្រតិដ្ឋ និងដំណោះស្រាយចក្រា។
លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា ការបំពុលដោយប្លាស្ទិក គឺជាបញ្ហាបរិស្ថានប្រឈម និងបន្ទាន់បំផុតមួយដែលសហគមន៍កំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
លោកបន្ដថា «បរិស្ថានធម្មជាតិរបស់ប្រទេសកម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយរបស់ជាតិ ប៉ុន្តែបច្ចុប្បន្ន កំពុងរងការគំរាមកំហែងកាន់តែខ្លាំងពីសំណល់ប្លាស្ទិក។ តាមរយៈពិព័រណ៍នេះ យើងសង្ឃឹមថានឹងចូលរួមជំរុញលើកទឹកចិត្តឱ្យគ្រប់គ្នាកែប្រែទម្លាប់នៃការប្រើប្រាស់ និងការបោះចោលប្លាស្ទិកព្រោះយើងទាំងអស់គ្នា គឺជាផ្នែកមួយនៃដំណោះស្រាយ។ តាមរយៈជម្រើសប្រកបដោយការទទួលខុសត្រូវ ក្នុងការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ យើងអាចរួមគ្នាជួយ ការពារប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសកម្ពុជាសម្រាប់ក្មេងៗជំនាន់ក្រោយ»។
ជាផ្នែកមួយនៃយុទ្ធនាការនេះ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារចីរភាព និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានដំណើរការការប្រកួតប្រជែង នៅលើបណ្តាញសង្គមហ្វេសប៊ុកក្នុងអំឡុងពេលនៃការតាំងពិព័រណ៍នេះ។ សាធារណជន ត្រូវបានលើកទឹកចិត្តឱ្យចែករំលែករូបថត ឬវីដេអូអំពីពិព័រណ៍នេះ នៅលើបណ្តាញសង្គម ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការបំពុលដោយប្លាស្ទិក និងមានឱកាសឈ្នះរង្វាន់ដ៏ទាក់ទាញយ៉ាងច្រើនផងដែរ។
គួរដឹងថា ពិព័រណ៍ «មហាសមុទ្រនៃសំណល់ប្លាស្ទិក» បើកជូនសាធារណជនចូលទស្សនារៀងរាល់ថ្ងៃ នៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ ចូលទស្សនាដោយសេរី៕









