Oracle និង Quantinuum ចាប់ដៃគូនាំយក «កុំព្យូទ័រកង់ទិច» ចូល Cloud ដើម្បីពន្លឿនប្រព័ន្ធ AI ជំនាន់ថ្មី

12-08-2026 13:22

(បរទេស)៖ ក្រុមហ៊ុន Quantinuum និង Oracle បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលច្រើនឆ្នាំ ដើម្បីនាំយកសមត្ថភាពកុំព្យូទ័រកង់ទិច (Quantum Computing) មកដាក់លើប្រព័ន្ធ Oracle Cloud Infrastructure (OCI)។ កិច្ចសហការនេះ នឹងអនុញ្ញាតឱ្យអតិថិជន OCI អាចប្រើប្រាស់កុំព្យូទ័រកង់ទិច Helios របស់ Quantinuum ដោយផ្ទាល់ គួបផ្សំជាមួយសេវាកម្មដំណើរការក្រាហ្វិក (GPU) និងការគណនាកម្រិតខ្ពស់របស់ Oracle ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញបំផុតដែលសហគ្រាស និងស្ថាប័នស្រាវជ្រាវកំពុងជួបប្រទះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាកងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

ការបោះជំហានរួមគ្នានេះ គឺជាផ្នែកមួយនៃការប្រកួតប្រជែងយ៉ាងស្រួចស្រាវក្នុងពិភពបច្ចេកវិទ្យា ដើម្បីធ្វើពាណិជ្ជកម្មលើបច្ចេកវិទ្យាកង់ទិច។ តាមរយៈកិច្ចព្រមព្រៀងនេះ កុំព្យូទ័រ Helios នឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ AI របស់ Oracle នៅសហរដ្ឋអាមេរិក ដោយតភ្ជាប់យ៉ាងរលូនជាមួយប្រព័ន្ធគ្រប់គ្រងដែលមានស្រាប់របស់ OCI ហើយ Oracle ក៏មានផែនការដាក់ឱ្យមើលសាកល្បង (Preview) នូវសេវាកម្មកង់ទិចនេះ នៅក្នុងប៉ុន្មានខែខាងមុខផងដែរ។

លោក Rajeeb Hazra នាយកប្រតិបត្តិ (CEO) របស់ Quantinuum បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហការនេះថា៖ «យើងជឿជាក់ថា ដំណាក់កាលបន្ទាប់នៃការគណនាកម្រិតសហគ្រាស នឹងត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាង Quantum, AI និងការគណនាដែលមានប្រសិទ្ធភាពខ្ពស់ (High-performance computing)» ដោយលោកបានបន្ថែមថា ភាពជាដៃគូនេះនឹង «បង្កើតបរិស្ថានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ និងពិសេសមួយសម្រាប់ដំណើរការការងារចម្រុះ (Hybrid workloads) ដែលអនុញ្ញាតឱ្យកុំព្យូទ័រកង់ទិច បច្ចេកវិទ្យា AI និងប្រព័ន្ធ Cloud ធ្វើការរួមគ្នាក្នុងពេលតែមួយយ៉ាងរលូន»

បន្ថែមពីនេះ ក្រុមហ៊ុនទាំងពីរបានថ្លែងក្នុងសេចក្តីប្រកាសរួមគ្នាថា៖ «Quantinuum និង Oracle មានផែនការរួមគ្នាក្នុងការស្វែងយល់ពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធចម្រុះ Quantum-AI អាចជួយដោះស្រាយបញ្ហាប្រឈមស្មុគស្មាញបំផុតផ្នែកការគណនាដែលសហគ្រាសកំពុងជួបប្រទះ ព្រមទាំងពង្រីកការចូលប្រើប្រាស់សម្រាប់សាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវនានា ដើម្បីរុញច្រានការស្វែងរករបកគំហើញវិទ្យាសាស្ត្រ និងការអប់រំ»