ក្រុមបាល់ទាត់យុវជន U16 កងយោធពលខេមរភូមិន្ទ ដណ្តើមបានជើងឯក និងពានរង្វាន់ជាច្រើន នៅប្រទេសចិន

12-08-2026 14:02

(ភ្នំពេញ)៖ ក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ លោក ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ សូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ចំពោះក្រុមបាល់ទាត់យុវជនក្រោមអាយុ១៦ឆ្នាំ របស់ក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ ដែលបានដណ្តើមយកជ័យលាភីជើងឯក ដ៏ត្រចះត្រចង់ នៅក្នុងព្រឹត្តិការណ៍ 11th Maritime Silk Road Elite Match for Teenager Soccer 2026។

ព្រឹត្តិការណ៍ដ៏នេះ ត្រូវបានប្រារព្ធឡើងនៅទីក្រុង Quanzhou ខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។

លោក ឃឹម ប៊ុនសុង បានចាត់ទុកថា ជ័យជម្នះនេះ មិនត្រឹមតែជាមោទកភាពសម្រាប់ក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។

ក្រៅពីពានរង្វាន់ជើងឯក ក្រុមយុវជនរបស់យើងក៏បានទទួលនូវពានរង្វាន់សំខាន់ៗជាច្រើនទៀត រួមមាន៖ ពានរង្វាន់គ្រូបង្វឹកល្អជាងគេ ដែលជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង និងយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់របស់គ្រូបង្វឹក។

លើសពីនេះ កីឡាកររបស់យើងក៏បានបង្ហាញសមត្ថភាពលេចធ្លោ ដោយទទួលបានពានរង្វាន់កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ពានរង្វាន់កីឡាករល្អជាងគេ និងពានរង្វាន់អ្នកចាំទីល្អជាងគេ។

ការទទួលបានពានរង្វាន់ផ្ទាល់ខ្លួនទាំងនេះ បានឆ្លុះបញ្ចាំងពីទេពកោសល្យ វិន័យ និងការលះបង់ខ្ពស់របស់កីឡាករម្នាក់ៗ។

ជ័យជម្នះដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃវិស័យកីឡាបាល់ទាត់យុវជនកម្ពុជា នៅលើឆាកអន្តរជាតិ និងជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់កីឡាករជំនាន់ក្រោយ៕