Chelsea ទិញបានខ្សែការពារឆ្វេង Chavarria ដើម្បីជំនួសកន្លែង Cucurella ដែលផ្លាស់ទៅ Real
12-08-2026 16:33
(បរទេស)៖ តោខៀវ Chelsea ទិញបានខ្សែការពារស្លាបឆ្វេង Pep Chavarria ក្នុងតម្លៃ ១៦លានផោន ដើម្បីជំនួស Marc-Cucurella ដែលផ្លាស់ចេញពីទឹកដី Stamford Bridge ទៅចូលរួមជាមួយ Real Madrid នារដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានចូលលេងសរុប ៤៥ប្រកួតជាមួយ Rayo Vallecano ដោយស៊ុតបាន ១គ្រាប់ និងបញ្ចូនបាន ៣គ្រាប់ផងដែរនារដូវកាលមុន។
ក្រោយចំណាយពេល ៤ឆ្នាំលេងនៅ Rayo Vallecano រូបគេបានបំពេញការផ្ទេរចេញពីទឹកដីអេស្ប៉ាញដ៏ធំក្នុងអាជីព បាល់ទាត់ តាមរយៈចុះកិច្ចសន្យាលេងនៅ Chelsea រយៈពេល ៥ឆ្នាំ ជាមួយនឹងតម្លៃផ្ទេរប្រហែល ១៦.៣លានផោន និងបន្ថែម ១.៧លានផោនថែមទៀត។
នៅចាំបានថា Chavarria ក៏បានចូលេងផងដែរពេល Vallecano ប្រកួតផ្តាច់ព្រ័ត្រដែលបានចាញ់ Crystal Palace ១-០ ក្នុងពានលំដាប់ទី៣ អឺរ៉ុប UEFA Europa Conference League រដូវកាលមុន។ រូបគេនឹងទៅជំនួសតំបន់ស្លាបឆ្វេង ដែលធ្លាប់រ៉ាប់រងដោយ Cucurella ដែលត្រូវបានលក់ចេញទៅឱ្យ Real Madrid ក្នុងតម្លៃ ៥១.៨លានផោនកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៦៕



