Depay ចាកចេញពី Corinthians និងបានចោទក្លិបប្រេស៊ីលនេះថា «ល្មើសកិច្ចសន្យា» ថែមទៀត
12-08-2026 16:50
(បរទេស)៖ ខ្សែប្រយុទ្ធហូឡង់ Memphis Depay បានចោទក្លិប Corinthians ថា «បានប្រព្រឹត្តទង្វើមិនអាចទទួលយកបានមកលើរូបលោក» និងបានចោទថា បានរំលោភកិច្ចសន្យាទៀតផង នៅពេលក្លិបប្រេស៊ីលមួយនេះ បដិសេធមិនបន្តកិច្ចសន្យាថ្មីឱ្យរូបលោក។
តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា អតីតកីឡាករក្លិប Manchester United និង FC Barcelona រូបនេះ បានចូលរួមជាមួយ Corinthians ក្រោមកិច្ចសន្យា ២ឆ្នាំគិតចាប់តាំងពីឆ្នាំ២០២៤ ខណៈបច្ចុប្បន្ន កិច្ចសន្យានេះបានផុតសុពលភាពហើយ ហើយក៏ក្លិបមិនបន្តកិច្ចសន្យាថ្មីឱ្យដែរ។
តាមរយៈរឿងនេះ Depay បានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «កិច្ចសន្យាថ្មីមិនត្រូវបានធ្វើឡើងនោះទេ បើទោះបីជាធ្លាប់បានចុះកិច្ចសន្យារួមគ្នាមានទាំងប្រធានក្លិប និងនាយកប្រតិបត្តិតាំងពីដំបូងមកក៏ដោយ។ ខ្ញុំពិតជាទទួលរងនូវភាពអយុត្តិធម៌ខ្លាំងណាស់»។
Depay បានគូសបញ្ជាក់ថា «ខ្ញុំមិនចង់ជួបរឿងបែបនេះទេ ហើយក៏តែងតែផ្តល់តម្លៃដល់ក្លិបនេះជាខ្លាំងផងដែរ។ ក៏ប៉ុន្តែពេលនេះ ខ្ញុំត្រូវតែបង្ខំចិត្តប្រតិកម្ម និងប៉ុន្មានថ្ងៃខាងមុខទៀត ខ្ញុំនឹងធ្វើសន្និសីទ និយាយជាសាធារណៈតែម្តង»។
Depay បានចូលរួមជាមួយ Corinthians ក្រោយចាកចេញពីក្លិប Atletico Madrid កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ ជាទីដែលរូបគេស៊ុតបាន ២០គ្រាប់ ពីការចូលលេងបាន ៧៩ប្រកួត និងជួយ Corinthians ឈ្នះជើងឯក Copa do Brasil 2025 និងពាន Supercopa do Brasil ក្នុងឆ្នាំនេះដែរ៕



