ស្ថាប័នសារព័ត៌មានបារាំងប្តឹង Google ទៅអាជ្ញាធរប្រកួតប្រជែង រឿងប្រើ AI សង្ខេបព័ត៌មាន ធ្វើឱ្យបាត់បង់អ្នកអានជិត ៤០%

13-08-2026 08:29

(បរទេស)៖ សមាគមសារព័ត៌មានព័ត៌មានទូទៅ (Alliance of General Information Press) ដែលតំណាងឱ្យកាសែត និងទស្សនាវដ្តីធំៗក្នុងប្រទេសបារាំង បានដាក់ពាក្យបណ្តឹងស្នើសុំឱ្យអាជ្ញាធរត្រួតពិនិត្យការប្រកួតប្រជែង ចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងក្រុមហ៊ុន Google ជុំវិញការដាក់ឱ្យប្រើប្រាស់មុខងារសង្ខេបអត្ថបទព័ត៌មានដោយ AI។ ក្រុមសារព័ត៌មានបានចោទប្រកាន់ថា ការសង្ខេបអត្ថបទដោយស្វ័យប្រវត្តិនេះ បានប្លន់យកចំនួនអ្នកអាន (Traffic) យ៉ាងច្រើនសន្ធឹកសន្ធាប់ចេញពីគេហទំព័រដើមរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមការប៉ាន់ប្រមាណពីនិយតករទំនាក់ទំនងបារាំង Arcom បានបង្ហាញថា ចំនួនអ្នកចូលមើលលើគេហទំព័រព័ត៌មានផ្លូវការបានធ្លាក់ចុះ ចន្លោះពី ៣៣% ទៅ ៣៨% ដោយសារតែអ្នកប្រើប្រាស់បានអានសេចក្តីសង្ខេបនៅលើ Google រួចរាល់ ដោយមិនចាំបាច់ចុចចូលទៅកាន់គេហទំព័រកាសែតដើមទៀតនោះឡើយ។

ក្រុមអ្នកសារព័ត៌មានបានអំពាវនាវឱ្យអាជ្ញាធរបារាំង ចាត់វិធានការក្តៅដូចគ្នានឹងករណីក្រុមហ៊ុន Meta ដែរ ដោយបង្ខំឱ្យ Google ត្រូវរៀបចំផែនការទូទាត់សំណង និងបើកការចរចាអំពីការបង់កម្រៃសម្រាប់ការយកខ្លឹមសារសារព័ត៌មានទៅប្រើប្រាស់ក្នុងប្រព័ន្ធ AI។ គួររំលឹកផងដែរថា កាលពី ៤ ឆ្នាំមុន Google ធ្លាប់ត្រូវបានអាជ្ញាធរបារាំងពិន័យជាប្រាក់រហូតដល់ ៥០០ លានអឺរ៉ូ (ប្រហែល ៥៧៦.៨ លានដុល្លារ) ជុំវិញវិវាទរំលោភសិទ្ធិអ្នកនិពន្ធ (Copyright) លើអត្ថបទព័ត៌មាន។

លោក Marc Feuillée ប្រធានសមាគមសារព័ត៌មានបារាំង បានគូសបញ្ជាក់យ៉ាងមុតមាំក្នុងសេចក្តីប្រកាសថា៖ «ការពិតដែលថា AI ត្រូវបានបង្កើតឡើងនៅលើខ្លឹមសាររបស់ប្រព័ន្ធផ្សព្វផ្សាយ មានន័យតែមួយគត់៖ ព័ត៌មាននេះមានតម្លៃមហាសាល» ដោយលោកបានបន្ថែមថា ម្ចាស់អាជីវកម្មសារព័ត៌មានទាំងអស់ ទាមទារឱ្យមានការចែករំលែកតម្លៃ និងផលប្រយោជន៍សេដ្ឋកិច្ចនេះឡើងវិញដោយយុត្តិធម៌។

គិតមកទល់ពេលនេះ ក្រុមហ៊ុន Google មិនទាន់បានចេញមុខឆ្លើយតប ឬធ្វើការអត្ថាធិប្បាយភ្លាមៗជុំវិញការស្នើសុំឱ្យមានការចាត់វិធានការផ្លូវច្បាប់ពីសំណាក់ក្រុមសារព័ត៌មានបារាំងនេះនៅឡើយទេ៕