ព្រះខ័នរាជ យកឈ្នះក្រុម Geylang ២-១ ក្នុងពាន Pre-Season តែអ្នកគាំទ្រថា លេងមិនទាន់យល់ចិត្ត
13-08-2026 11:33
(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Geylang International FC របស់សិង្ហបុរី ដោយលទ្ធផល ២-១ ក្នុងជំនួបបើកឆាកពានរង្វាន់មិត្តភាពត្រៀមរដូវកាលថ្មី Pre-Season Cup 2026 នាល្ងាចថ្ងៃពុធ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ទោះបីទទួលបានជ័យជម្នះក៏ពិតមែន ប៉ុន្ដែក្រោយចប់ការប្រកួត តាមការមើលឃើញរបស់អ្នកគាំទ្រ បានលើកឡើងថា ព្រះខ័នរាជស្វាយរៀង ក្រុមនៅលេងមិនទាន់យល់ចិត្ត ឬស៊ីចង្វាក់គ្នាឡើយ ក្រោយមានការនាំចូលកីឡាករថ្មីៗ និងបានដាក់ឲ្យលេងច្រើនក្នុងការប្រកួតនេះ។
យ៉ាងណាមិញលោក McConkey Matthew គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង ធ្លាប់បានលើកឡើងមុនការប្រកួតថា ពាន Pre-Season គឺជាឱកាសសម្រាប់ក្រុម ដែលកំពុងស្ថិតក្នុងដំណាក់ការរៀបចំ និងបង្កើតនូវប្រព័ន្ធលេង សម្រាប់ត្រៀមរដូវកាលថ្មី។ ដូច្នេះឆ្លងកាត់ការប្រកួតពានមិត្តភាពនេះ លោករំពឹងក្រុមនឹងត្រៀមបានកាន់តែល្អ ដើម្បីប្រកួតប្រជែង ទាំងពានរង្វាន់ក្នុងស្រុក និងពានអន្ដរជាតិនាពេលខាងមុខ។
គួរដឹងថា គ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតដំបូង នៃពានរង្វាន់ Pre-Season Cup 2026 ទល់ក្រុម Geylang International FC គឺរកបានដោយកីឡាករចំណូលថ្មី Johannes Tartarotti ទាំង ២គ្រាប់។ សម្រាប់ប្រកួតបន្ទាប់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមមកពីហុងកុង នាថ្ងៃទី១៨ ខែសីហាខាងមុខ។ ពាននេះមានបេក្ខភាព ៣ក្រុមចូលរួម និងត្រូវប្រកួតវិលជុំ ហើយក្រុមឈរលេខ១ និងលេខ២ នឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦៕











