ធនាគារ អេស៊ីលីដា ចាប់ដៃជាមួយ UnionPay ដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណពន្ធថ្មីទាំងប្រាក់រៀល និងដុល្លារ ផ្តល់អត្ថប្រយោជន៍សម្បូរបែប និងបទពិសោធន៍លំដាប់ពិភពលោក
13-08-2026 12:14
(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដាប្លាទីន ជាប្រាក់ដុល្លារអាមេរិក, ប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដាធម្មតា និងមាស ជាប្រាក់រៀល» ដែលជាកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយក្រុមហ៊ុន UnionPay International ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ប្រកបដោយភាពទាន់សម័យ មានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុត ទាំងការទូទាត់ ការប្រើប្រាស់សាច់ប្រាក់។
ចំណុចសំខាន់នៃការដាក់ឱ្យប្រើប្រាស់ប័ណ្ណទាំងបីប្រភេទនាថ្ងៃនេះ គឺដើម្បីជាជម្រើសសម្រាប់អតិថិជនដែលអាចប្រើប្រាស់បានទាំងប្រើប័ណ្ណដោយផ្ទាល់ និងប្រើប្រាស់តាមមធ្យោបាយដែលមានសុវត្ថិភាពនានា ប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដា បានរួមបញ្ចូលគ្នានូវសេវាកម្មហិរញ្ញវត្ថុជាមួយនិងបណ្តាញទូទាត់សកលដ៏ទូលំទូលាយ ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលនៅទូទាំងប្រទេសកម្ពុជា និង ១៨៣ ប្រទេស និងតំបន់។
ប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដាប្លាទីន ត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ដោយផ្ទាល់ ទូរទាត់តាមឌីជីថល ឬផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាពទាំងក្នុង និងក្រៅប្រទេស ព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន បន្ថែមទៀតដែលរួមមាន៖
* រីករាយជាមួយការទូទាត់ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល នៅតាមហាង និងម៉ាស៊ីន ATM រាប់លានកន្លែង និង ១៨៣ ប្រទេស និងតំបន់ ដែលទទួលយកការទូទាត់តាមរយៈ UnionPay។
* ទទួលបានការបញ្ចុះតម្លៃ និងការផ្តល់ជូនយ៉ាងពិសេសក្នុងការទិញទំនិញ ធ្វើដំណើរ និងភោជនីយដ្ឋានផ្សេងៗ ពី បណ្តាញដៃគូសហការរបស់ធនាគារ អេស៊ីលីដា និងដៃគូរបស់ស្ថាប័ន UnionPay ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក។
* ទទួលបានសិទ្ធិចូលសម្រាកដោយសេរីនៅ Airport Lounge និងទទួលបានសេវាអាទិភាពនៅក្នុងបន្ទប់រង់ចាំពិសេសនៅអាកាសយានដ្ឋានអន្តរជាតិ ជាង ១,៤០០ កន្លែង ជុំវិញពិភពលោក ធ្វើឱ្យរាល់ការធ្វើដំណើររបស់អតិថិជន កាន់តែមានផាសុកភាព ដោយអតិថិជនគ្រាន់តែទាញយកកម្មវិធី DragonPass App។
* ប្រឹក្សាព័ត៌មាន ២៤ ម៉ោង (24/7 Premium Concierge Service) និងដោះស្រាយរាល់ចម្ងល់ ឬតម្រូវការផ្សេងៗតាមរយៈសេវាកម្មអតិថិជន ដែលរួមមានការជួយសម្រួលដល់ការធ្វើដំណើរ ការណែនាំអំពីបែបបទនៃការរស់នៅ ការកក់ភោជនីយដ្ឋាន និងសេវាកម្មអតិថិជនដែលរៀបចំឡើងជាពិសេសសម្រាប់អ្នក គ្រប់ពេលវេលា និងគ្រប់ ទីកន្លែង។
លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា និងក្រុមហ៊ុន UnionPay International ជាដៃគូដ៏ល្អដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាចាប់តាំងពីខែមេសា ឆ្នាំ២០១៣ និងបានចាប់ដៃគូសហប្រតិបត្តិការអាជីវកម្ម ដើម្បីបោះផ្សាយប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដាធម្មតា និងមាស ជាប្រាក់ដុល្លារអាមេរិក។ ពេលនេះ ជាការបោះជំហានថ្មីមួយទៀត ដែលធនាគារ អេស៊ីលីដា និងក្រុមហ៊ុន UnionPay International បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការដាក់ឱ្យដំណើរការនូវប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដាប្លាទីន ជាប្រាក់ដុល្លារអាមេរិក រួមជាមួយនិងប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដាធម្មតា និងមាស ជាប្រាក់រៀល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ប្រកបដោយភាពទាន់សម័យ មានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុត ទាំងការទូទាត់ ការប្រើប្រាស់សាច់ប្រាក់ និងការទូរទាត់តាមមធ្យោបាយនានា។
លោកស្រីបន្តថា «សូមគោរពអញ្ជើញអតិថិជនទទួលយកនូវបទពិសោធន៍ថ្មី ជាមួយផលិតផលថ្មីរបស់យើង តាមរយៈអេស៊ីស៊ូភើអេប ទាំងការស្នើរសុំប័ណ្ណ ការដំណើការប័ណ្ណ ការកំណត់ទំហំទឹកប្រាក់ និងចំនួនប្រតិបត្តិការផ្ទាល់ខ្លួន ការបង្ឃាំងប័ណ្ណ ឬមកកាន់សាខាធនាគារ អេស៊ីលីដាដែលនៅជិតបំផុតនៅទូទាំងប្រទេស ដើម្បីទទួលនូវការបំរើដោយផ្ទាល់ប្រកបដោយស្នាមញញឹម ភាពទន់ភ្លន់ និងការគោរពដ៏កក់ក្តៅ»។
លោកស្រី លាង ចិន្តា ប្រធានគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន UnionPay International បានមានប្រសាសន៍ថា«UnionPay International ផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រដ៏យូរអង្វែងជាមួយធនាគារ អេស៊ីលីដា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការរបស់យើងបានពង្រីកវិសាលភាពលើសពីការចេញប័ណ្ណ ទៅគ្របដណ្តប់លើវិស័យជាច្រើនទៀតដូចជា ការបង្កើតថ្មីផ្នែកទូទាត់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
នៅឆ្នាំ២០២៥ UnionPay International បានសហការជាមួយធនាគារ អេស៊ីលីដា ក្នុងការធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ក្នុងស្រុក សម្រាប់ការធ្វើប្រតិបត្តិការជាប្រាក់រៀលនៅក្នុងប្រទេសកម្ពុជាដែលនេះជាការគូសបញ្ជាក់បន្ថែមអំពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ធនាគារជាតិ នៃ កម្ពុជា ដើម្បីជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិឱ្យកាន់តែទូលំទូលាយ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់តាមបែបឌីជីថលនៅកម្ពុជា»។
លោកស្រីបន្ថែមថា «ការដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដាប្លាទីន ជាប្រាក់ដុល្លារអាមេរិក នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងភាពជាដៃគូរបស់យើង។ តាមរយៈការរួមបញ្ចូលគ្នារវាងសេវាកម្មធនាគារដ៏គួរឱ្យទុកចិត្តរបស់ធនាគារ អេស៊ីលីដា និងបណ្តាញ ទទួលយកការទូទាត់ទូទាំងពិភពលោកដ៏ទូលំទូលាយរបស់ UnionPay ព្រមទាំងអត្ថប្រយោជន៍ពិសេសសម្រាប់ម្ចាស់ប័ណ្ណ យើងមានទំនុកចិត្តថា ប័ណ្ណឥណពន្ធប្លាទីននេះ នឹងបម្រើដល់តម្រូវការទូទាត់ប្រចាំថ្ងៃរបស់អតិថិជន ការធ្វើដំណើរទៅក្រៅប្រទេស និងបទពិសោធន៍នៃការទូទាត់ឆ្លងដែនបានកាន់តែប្រសើរឡើង»។
ក្រៅពីប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដាប្លាទីន ជាប្រាក់ដុល្លារអាមេរិក ក៏មានប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដាធម្មតា និងមាស ជាប្រាក់រៀលផងដែរ។ ប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដានេះ ជាប័ណ្ណដំបូងគេដែលប្រើប្រាស់រូបិយប័ណ្ណរៀលខ្មែរ និងត្រូវបានចេញផ្សាយនៅក្នុងប្រទេសកម្ពុជា ប័ណ្ណនេះជួយគាំទ្របន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិ នៃ កម្ពុជា ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលខ្មែរឱ្យកាន់តែទូលំទូលាយ ព្រមទាំងបង្កើនភាពសម្បូរបែបនៃសេវាកម្មទូទាត់ប្រាក់តាមបែបក្នុងស្រុករបស់ UnionPay។ ប័ណ្ណថ្មីទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើងចំពោះប្រទេសកម្ពុជា និងទំនុកចិត្តរបស់យើងលើកំណើនជាបន្តបន្ទាប់នៃប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់តាមបែបឌីជីថល៕




